អង្គការលើកលែងទោសអន្តរជាតិ៖ ព្រៃឡង់ទទួលរងការកាប់បំផ្លាញ ខណៈសកម្មជនការពារបរិស្ថានត្រូវហាមឃាត់សកម្មភាព
សកម្មភាពនៃការកាប់ឈើខុសច្បាប់ និងការដាក់សម្ពាធលើសកម្មជនបរិស្ថាន គឺរួមចំណែក គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឡង់របស់ប្រទេសកម្ពុជា។ នេះគឺជាការបញ្ជាក់របស់ អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញ ដែលជាថ្ងៃខួបមួយឆ្នាំ ដែលអាជ្ញាធរហាមឃាត់មិនឲ្យសកម្មជនការពារបរិស្ថានចូលទៅតំបន់ការពារព្រៃឡង់។ ក្រសួងបរិស្ថានឆ្លើយតបថាអង្គការនេះ តែងតែគាំទ្រដល់អ្នកបំពានច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
លោក Richard Pearshouse ប្រធានទទួលបន្ទុកផ្នែក វិបត្តិ និងបរិស្ថាន របស់អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា ខណៈពេលដែលអាជ្ញាធរបានហាមឃាត់មិនឲ្យបណ្តាញសហគមន៍ព្រៃឡង់ និងអ្នកការពារបរិស្ថានចូលការពារព្រៃឡង់ អ្នកកាប់ឈើខុសច្បាប់កំពុងកាប់ឆ្ការដីព្រៃ ដោយគ្មានទោសទណ្ឌ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យក្រុមសកម្មជនបរិស្ថានធ្វើការងារការពារព្រៃឡង់ឡើងវិញ ដើម្បីការពារព្រៃឈើដ៏សំខាន់របស់ពិភពលោកដែលកំពុងឈានទៅរកការបាត់បង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ការថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ គឺជាសេចក្តីថ្លែងការណ៍បែបទម្លាប់អាក្រក់ ដែលមានចរឹត រិះគន់បំផ្លាញ ក្រោមស្លាកសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកថាអង្គការនេះ តែងតែគាំទ្រដល់ជនដែលបំពានច្បាប់។
អង្គការលើកឡើងទោសអន្តរជាតិបាន តាមរយៈរូបភាពពីផ្កាយរណប បានបង្ហាញពីការព្រួយបារម្ភចំពោះនិន្នាការនៃការកាប់ឈើខុសច្បាប់នៅក្នុងព្រៃឡង់។ រូបភាពផ្កាយរណបកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញពីគំនរឈើជាច្រើននៅក្នុងតំបន់ដី ដែលទើបឈូសឆាយរួច ខាងក្រៅព្រៃឡង់។ រូបភាពថ្មីនេះ ក៏បង្ហាញពីផ្លូវថ្មីមួយចូលទៅកាន់តំបន់នោះ ដែលគេមិនធ្លាប់បានប្រទះឃើញនោះទេ កាលពីដើមឆ្នាំមុន។
អង្គការលើកឡើងទោសអន្តរជាតិបានឲ្យដឹងថានៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ សកម្មជនការពារបរិស្ថានបានក្លាយជាគោលដៅរបស់អាជ្ញាធរកម្ពុជា ក្នុងការរារាំងហាមឃាត់ការងារការពារបរិស្ថាន។
លោក ខេម សុឃី សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែកុម្ភៈថា អាជ្ញាធរមូលដ្ឋានបានហៅតំណាងរបស់បណ្តាញសង្គមព្រៃឡង់មួយចំនួនទៅចុះកិច្ចសន្យារមិនឲ្យប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ បន្ទាប់ពីក្រសួងបរិស្ថានបានហាមឃាត់មិនឲ្យមានការរៀបចំកម្មវិធីនេះ។
សូមជម្រាបជូនថាតំបន់ព្រៃឡង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ មានផ្ទៃដីសរុប ៤សែនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វ ព្រៃ “ព្រៃឡង់” កាលពីខែឧសភា ឆ្នាំ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ