អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

រដ្ឋសភាជាតិយល់ព្រមឱ្យរដ្ឋាភិបាលកម្ពុជាប្រើច្បាប់ដាក់ពន្ធនាគារលើអ្នកដែលបំពានវិធានការពារកូវីដ១៩

រដ្ឋសភា​ជាតិ​នៅព្រឹក​ថ្ងៃសុក្រ​នេះ​ក្រោម​វត្តមាន​លោក​ហេង សំរិន​ ដែលជា​ប្រធាន​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ​ក្រោយ​អនុម័ត​រួចភ្លាម ​រដ្ឋសភា​ក៏​បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ត្រួត​ពិនិត្យបន្ត​។ ​ជាច្បាប់​បន្ទាន់​ សេចក្តី​ព្រាងច្បាប់​នេះ​មិន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ ​ពោល គឺ​ត្រឹមតែ​ព្រឹទ្ធសភា ​និង​បញ្ជូន​ត្រឡប់​មក​រដ្ឋសភា​វិញ​ ហើយ​រដ្ឋសភា​នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឱ្យប្រើប្រាស់​ជាផ្លូវការ​។

រដ្ឋសភាជាតិ នៃប្រទេសកម្ពុជា
រដ្ឋសភាជាតិ នៃប្រទេសកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនេះ ត្រូវបានរដ្ឋសភាកម្ពុជាអះអាងថា នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់ពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និង វិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងៗទៀតក្នុងពេលបច្ចុប្បន្ន និងអនាគត។ សម្រាប់រដ្ឋសភាជាតិ ច្បាប់ថ្មីនេះ គឺសំដៅការពារអាយុជីវិតពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ​ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតមាន៦ជំពូក និង១៨មាត្រា។ មួយផ្នែកនៃច្បាប់ថ្មីនេះ បានបើកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាអាចចាត់វិធានការបន្ទាន់ដូចជា ហាមឃាត់ការធ្វើដំណើរ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ។ មិនតែប៉ុណ្ណោះ តាមអានុភាពច្បាប់នេះ គឺរដ្ឋាភិបាលកម្ពុជាអាចបិទតំបន់ណាមួយដែលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។

ចំពោះការដាក់ពិន័យ និងដាក់ទោសទណ្ឌវិញ គឺច្បាប់ថ្មីនេះតម្រូវឱ្យដែលអ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកដែលលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀល ដល់៥លានរៀល។ ប៉ុន្តែ ក្នុងករណីជនល្មើសនាំជំងឺកូវីដ១៩ទៅចម្លងដល់អ្នកដទៃ គឺត្រូវពិន័យពី២លានរៀល ដល់១០លានរៀល និងត្រូវជាប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។​ចំណែក អ្នកគេចវេះពីការព្យាបាល ឬលួចរត់ចេញពីកន្លែងព្យាបាល គឺត្រូវពិន័យពី៥លានរៀល ដល់២០លានរៀល និងប្រឈមជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំថែមទៀត។ ក្នុងករណីនាំជំងឺនេះទៅឆ្លងដល់អ្នកដទៃ គឺជនល្មើសនឹងត្រូវរងទោសទណ្ឌជាប់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំឯណោះ។ ដោយឡែក អ្នកដែលមានចេតនាចម្លងដល់អ្នកដទៃ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។

កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ច្បាស់ៗថា ការបង្កើតឱ្យមានច្បាប់នេះ គឺដើម្បីអាចអនុវត្តដាក់ទោសទណ្ឌបានទៅលើអ្នកដែលបំពានបម្រាមកូវីដ១៩។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងដែរថា ចំពោះមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចដែលបំពានវិធានការពារកូវីឌ១៩ គឺលោកនឹងអនុវត្តវិធានការរដ្ឋបាលដោយបកស័ក្តិ និងដកដំណែង មុននឹងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ