អានតួអត្ថបទ
កម្ពុជា-សង្គម

អាមេរិក៖ ការបាត់បង់ព្រៃឈើនៅព្រៃឡង់ មកពីការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់

សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃចន្ទ​ទី៨​មីនា​នេះ ​បានសម្តែង​នូវ​កង្វល់​យ៉ាងជ្រាលជ្រៅ ​ចំពោះ​ការ​បំផ្លាញ​ព្រៃឈើ ​ដែលចេះ​តែបន្តមាន​ នៅតំបន់ការពារ​នៃ​ប្រទេស​កម្ពុជា​។ ​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​ពេលនេះ ​គឺដោយសារ​ ប្រទេស​មួយនេះ ​គាំទ្រ​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​ សង្គម​ស៊ីវិល ​និង​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវសាស្រ្ត​ចម្រុះ​ដ៏សម្បូរបែប​ នៅ​ដែនជម្រក​សត្វព្រៃ​នៅព្រៃឡង់​ និង​បេតិកភណ្ឌ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ​ត្រូវបាន​អភិរក្ស​។

ព្រៃឡង់ប្រទេសកម្ពុជា
ព្រៃឡង់ប្រទេសកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងគេហទំព័រ និងបណ្តាញសង្គមរបស់ខ្លួន ស្ថានទូតអាមេរិក បានលើកឡើងថា ការបាត់បង់ព្រៃឈើ​នៅព្រៃឡង់ និង​នៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់​នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ​ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ 

សេចក្តីថ្លែងការណ៍បន្តថា ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញអោយមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្ម​របស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេង​ក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID អាមេរិក បានជួយដល់សហគមន៍មូលដ្ឋាន ដូចជាសមាជិក​នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ 

សកម្មភាព​ភាគច្រើន​របស់ (GPL) ផ្តល់ប្រយោជន៍​ដោយផ្ទាល់​ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណា ត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។

ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាន​នូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកអះអាងថា ប្រទេសមហាអំណាចមួយនេះ នឹងបន្តអំពាវនាវឲ្យមានចំណាត់ការ ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អ​នៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត។

ដោយឡែក លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះក្តីកង្វល់របស់សហរដ្ឋអាមេរិកនៅពេលនេះ ក៏ប៉ុន្តែលោកថា គេមិនគួរយកចំណុចបទល្មើសតូចមួយ ទៅពង្រីកឲ្យធំនោះទេ។ លោកថា ក្រសួងបរិស្ថានក៏បានខិតខំការពារ និងអភិរក្សព្រៃឡង់ដែរ ដែលប្រឹងប្រែងនេះទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

សូមរំលឹកថា ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID) និងក្រសួងបរិស្ថាន កាលពី​ ខែមេសា ឆ្នាំ២០១៩​ បាន​ប្រកាសចាប់ផ្តើម​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃតង​ ដែល​មាន​ទឹកប្រាក់​ជាង​២១​លាន​ដុល្លារ​ សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាននៅ​តំបន់​ព្រៃ​ឡង់​ រួម​និង​លើកកម្ពស់​ជីវភាព​សហគមន៍​ប្រកបដោយ​ចីរ​ភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ