អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងកិច្ចការនារី៖ ស្ត្រីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ធ្ងន់ធ្ងរជាងបុរស

ការ​អប​អរ​សាទរ​ខួប​លើក​ទី​១១០ ទិវា​អន្តរ​ជាតិសិទ្ធិ​នារី ៨មីនា ឆ្នាំ២០២១ នេះ នៅ​កម្ពុជា ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «ស្រ្តី​និង​ការ​អភិវឌ្ឍ ក្នុង​បរិការណ៍​កូវីដ-១៩»។​ ការ​កំណត់​យក​ប្រធាន​បទ​នេះ ត្រូវ​បាន​ក្រសួង​កិច្ចនារី​ពន្យល់​ថា មក​ពី​ស្ត្រី​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ជាង​បុរស​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី © Internet
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សាជា​ច្រើន​បង្ហាញថា ស្ត្រី និង​ក្មេង​ស្រី ​ទទួល​រង​ផលប៉ះពាល់​​ខ្លាំង​ជាង​បុរស និង​ក្មេង​ប្រុស ទាំង​ផ្នែក​សេដ្ឋកិច្ច អំពើហិង្សា​ផ្នែក​យែនឌ័រ  ការ​អប់រំ ការទទួលបាន​សេវា​ថែទាំសុខភាព ហើយ​ក្នុង​នោះ​ស្ត្រី​ជា​មុខសញ្ញាចម្បង ​​ដែល​អាចទទួល​ផល​ប៉ះពាល់​មុនគេ​ ជាពិសេស​ស្ត្រី​ជាបុគ្គលិក​សុខាភិបាល។ នេះជា​ការ​លើកឡើង​របស់​ក្រសួង​កិច្ច​ការនារី ​នៅ​ក្នុងការអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១។

ប្រសិនបើ​ការ​អនុវត្ត​វិធានការ​បង្ខាំង​នៅតែ​បន្តអូសបន្លាយ​រយៈ​ពេល​៦​ខែ​ទៀត​ ហើយ​ការ​ផ្តល់​សេវា​សុខា​ភិបាល​ មិនបាន​ពេញលេញដោយ​សារតែ​កូវីដ១៩ នោះ​ស្ត្រី​ជាង​៤៧​លាន​នាក់​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ នឹង​មិនអាច​ទទួលបាន​សេវា​ពន្យា​កំណើតបែបទំនើបឡើយ។ ជាលទ្ធផល​ស្ត្រី​៧​លាននាក់​ នឹងមានផ្ទៃពោះ​មិនតាម​ប្រាថ្នា ហើយ​អំពើហិង្សា​ផ្នែក​យែនឌ័រ​ នឹង​កើត​មាន​១លានករណី​ បន្ថែម​ទៀត។ នេះបើតាម​​ការ​ស្រាវជ្រាវ​របស់អង្គការ​​មូលនិធិការ​សហប្រជាជាតិ​ ដើម្បី​​ប្រជាជននៅឆ្នាំ​២០២០។​

វិបត្តិ​កូវីដ១៩​នេះ ​នឹង​រុញ​ច្រាន​មនុស្ស​ប្រមាណ​៩៦​លាននាក់​លើ​ពិភពលោក ឲ្យ​រអិល​ធ្លាក់ចូល​ភាព​ក្រី​ក្រ​នៅ​ឆ្នាំ​២០២១នេះ​ ក្នុងនោះ​៤៧​លាននាក់​គឺជាស្ត្ រី​និង​ក្មេង​ស្រី​។ ការណ៍នេះបានរុញច្រានឲ្យ​ស្ត្រី និង​ក្មេង​ស្រី រស់​ក្រោម​ចំណូល​តែ​ ១,៩​ដុល្លារ ​ក្នុង​​១ថ្ងៃ ​នឹង​កើន​ឡើង​ដល់​៤៣៥​ លាននាក់​ លើពិភពលោក។ នេះ​បើតាម​ការ​ស្រាវជ្រាវ​ដដែល។

ដូច្នេះ​បន្ទុក​លើ​ស្ត្រី ​ក្នុង​ការងារ​ថែទាំ​មិន​មាន​ប្រាក់​កម្រៃ​កើន​ឡើង​ ដោយ​សារតែ​ការ​បិទ​សាលារៀន និង​ការ​កើនឡើង​តម្រូវការ​របស់​មនុស្ស​វ័យចាស់។​​ ផល​វិបាក​នៃជំងឺ​កូវីដ១៩​នេះ នឹង​បង្ក​ឲ្យមាន​វិសមភាពកាន់តែ​ខ្លាំង​ និង​រារាំង​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព ក្រោម​ពាក្យថា «មិនទុក​នរណាម្នាក់​ឲ្យនៅឯកោ»។

ទោះជាបែបនេះ​ក្តី​ ក្រសួង​កិច្ចនារី បាន​គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ​បាន​ដាក់​ចេញ​វិធានការ​ឆ្លើយតប​ដល់​អ្នក​​ដែល​រង​ផលប៉ះពាល់​ដោយ​សារតែ​កូវីដ១៩​នេះ​ តាម​រយៈ​គោលនយោបាយ​ជាតិ​គាំពារសង្គម​ ការ​ឧបត្ថម្ភ​ប្រាក់​សម្រាប់​បុគ្គលិក​វិស័យ​ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ការ​រៀប​ចំហិរញ្ញប្បទាន ​​ជួយ​ស្តារ​លទ្ធភាព និង​លើក​កម្ពស់​អាជីវកម្ម​សហគ្រាស​ធុនតូច និង​មធ្យម ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ