អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍៖ ស្រ្តី​និង​យុវជន​មាន​ចំនួន​តិចតួច​នៅ​ក្នុង​វិស័យ​សាធារណៈ​និង​តួនាទី​ដឹកនាំ​នៅ​កម្ពុជា

ស្រ្តី​និង​យុវជន​កម្ពុជា​តិច​តួច​ដែល​បាន​ចូល​រួម​ក្នុង​វិស័យ​សាធារណៈ និង​តួនាទី​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៩​មីនា ក្រោម​ចំណង​ជើង​ថា «ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ដ្រី​និង​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ មូលហេតុ​ដែល​ស្រ្តី​និង​យុវជន​នៅ​មាន​ចំនួន​តិចតួច​ក្នុង​វិស័យ​សាធារណៈ គឺ​ដោយ​សារ​វិសមភាព​យេនឌ័រ និង​ភាព​គ្មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​យុវជន។

បទ​បង្ហាញ​របស់​អង្គការ​តម្លាភាព អំពី «ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ដ្រី​និង​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា» នៅ​ថ្ងៃ​សុក្រ ទី​១៩ មីនា ២០២១។
បទ​បង្ហាញ​របស់​អង្គការ​តម្លាភាព អំពី «ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ដ្រី​និង​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា» នៅ​ថ្ងៃ​សុក្រ ទី​១៩ មីនា ២០២១។ © អង្គការ​តម្លាភាព​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

អង្គការ​តម្លាភាព​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ទី​១៩​មីនា បាន​បង្ហាញនូវ​របាយការណ៍​ស្រាវជ្រាវ​មួ​យ​ពី​ស្ថានភាព​បច្ចុប្បន្ន ​និង​បញ្ហា​ប្រឈម​របស់​ស្រ្តី និង​យុវជន ក្នុង​ការ​ចូល​រួម​វិស័យ​សាធារណៈ និង​តួនាទី​សម្រេច​ចិត្ត​របស់​ពួកគេ​។ របាយការណ៍​កម្រាស់​១៥​ទំព័រ បាន​បញ្ជាក់​ថា ស្រ្តី​និង​យុវជន​ជាង​៦០០​នាក់ ដែល​បាន​ផ្តល់​បទសម្ភាស សុទ្ធសឹង​តែ​ជួប​បញ្ហា​ប្រឈម​ច្រើន​ចំណុច ដែល​បង្អាក់​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​វិស័យ​សាធារណៈ​បាន​។

បើ​​តាម​​របាយការណ៍​​ដដែល ស្ដ្រី​ត្រូវ​បាន​រើសអើង​ដោយ​សមភាព​យេនឌ័រ​ក្នុង​សង្គម ដោយ​អំណាច​និង​ការ​គ្រប់គ្រង​មួយ​ចំនួន​ធំ ដែល​​មាន​​បុរស​ជា​អ្នក​គ្រប់​គ្រង។ បន្ថែម​ពី​នេះ ការ​ដាក់​បន្ទុក​ឲ្យ​ធ្វើ​ការងារ​ផ្ទះ ការ​ទទួល​បាន​ការ​អប់រំ​ទាប កង្វះ​ឱកាស​ចូល​រួម​ផ្នែក​នយោបាយ កង្វះ​ហិរញ្ញវត្ថុ ឧបសគ្គ​ស្ថាប័ន បញ្ហា​សុខភាព ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ស្រ្តី​មាន​ចំនួន​តិច​តួចបាន​ចូលរួម​ក្នុង​វិស័យ​សាធារណៈ និង​តួនាទី​ជា​អ្នក​សម្រេច​ចិត្ត​នៅ​ក្នុង​សង្គម​។

ចំណែក​ឯ​ឧបសគ្គ​សម្រាប់​យុវជន របាយការណ៍​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំនុក​ចិត្ត​លើ​សមត្ថភាព​យុវជន​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ពួក​គេ​។ ដោយ​ផ្អែក​លើ​ប្រវត្តិសាស្រ្ត សាធារណជន​ទូទៅ​នៅតែ​មាន​ចម្ងល់​សង្ស័យ​ពី​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​របស់​យុវជន​។ អ្វី​ដែល​ជា​កត្តា​ប្រ​ឈម​ផ្សេង​ទៀត​សម្រាប់​យុវជន​ក្នុង​សង្គម​នោះ​រួម​មាន៖ ការ​រារាំង​ពី​ឪពុក​ម្តាយ​ដោយ​ខ្លាច​កូន​ពួកគេ​មាន​បញ្ហា​ពេល​ចូល​រួម​កិច្ចការ​សង្គម​ឬ​នយោបាយ ការ​រើស​អើង​អាយុ ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ បញ្ហា​បក្ខ​ពួក​និយម កង្វះ​ជំនាញ​ទន់ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ នេះ​បើ​តាម​របាយការណ៍​របស់​​អង្គការ​​តម្លាភាព​កម្ពុជា​។

អង្គការ​តម្លាភាព​កម្ពុជា បាន​​ផ្ដល់​​អនុសាសន៍​​សម្រាប់​​ដោះ​ស្រាយ​​​បញ្ហា​ដែល​ស្រ្តី​និង​យុវជន​កំពុង​ប្រឈម​ថា ទាំង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល គួរ​ណា​ចូលរួម​លើក​កម្ពស់​ការ​ឲ្យ​តម្លៃ​ស្រ្តី​ដោយ​មាន​សមភាព​នឹង​បុរស និងលើក​កម្ពស់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដើម្បី​ឲ្យ​យុវជន​អាច​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​លើ​បញ្ហា​សង្គម​និង​នយោបាយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ