អានតួអត្ថបទ
កម្ពុជា-សង្គម

តំបន់ព្រំដែនកម្ពុជាបន្តរឹតត្បិតការចេញចូលក្នុងន័យបង្ការការឆ្លងជំងឺកូវីដ១៩

ខេត្ត​នៅ​តាម​តំបន់​ព្រំដែន​ទាំង​កម្ពុជា-ថៃ ​និង​កម្ពុជា-វៀតណាម ​នៅ​តែ​បន្ត​ការ​រឹតបន្តឹង​ការ​ចេញ​ចូល​ ក្នុង​ន័យ​បង្ការ​ការ​រាល​ដាល​ជំងឺ​កូវីដ១៩​។ ការ​រឹត​បន្តឹង​នេះ​ ធ្វើ​ឡើង​ជាង​៤ខែ​មក​ហើយ​ ក្រោយ​មាន​ការ​ដាក់​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ឲ្យ​អាជ្ញាធរ​តាម​ខេត្ត​ជាប់​ព្រំដែន​ត្រៀម​ជើងការ​ កាល​ពី​ថ្ងៃ​ទី​២០​ធ្នូ​ឆ្នាំ​២០២០​កន្លងទៅ​។ ទាំង​អាជ្ញាធរ​នៅ​ព្រំដែន​កម្ពុជា-ថៃ ​និង​ព្រំដែន​កម្ពុជា-វៀតណាម ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ ថា​សភាព​នៅ​ច្រក​ព្រំដែន​នៅ​បន្ត​រឹតត្បិត​ និង​មាន​ភាព​ប្រក្រតី​។

កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។ រូបភាពឯកសារ
កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។ រូបភាពឯកសារ © FB
ផ្សាយពាណិជ្ជកម្ម

រយៈពេលជាង៤ខែ ក្រោយការបង្គាប់បញ្ជាអាជ្ញាធរតាមច្រកព្រំដែនឲ្យមានការយកចិត្តទុកដាក់យកសំណាកលើពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ និងការរាលដាលកូវីដ១៩ជាសហគមន៍នៅវៀតណាមថ្ងៃទី៣មករា ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មក អាជ្ញាធរតាមខ្សែបន្ទាត់ព្រំដែន នៅតែបន្តរឹតត្បិតការចេញចូលនៅច្រកព្រំដែនអន្តរជាតិកម្ពុជាដដែរ។

ថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃនេះ លោក ងួត រតនៈ អភិបាលខេត្តបាត់ដំបង ថា អាជ្ញាធរនៅតែបន្តដាក់ពង្រាយកងកម្លាំងនៅចម្ងាយ៧៥គីឡូម៉ែត្រ តាមបន្ទាត់ព្រំដែនជាមួយថៃ ដើម្បីបង្ការការលួចឆ្លងចូលរបស់ពលករខ្មែរដោយមិនបានយកទៅធ្វើចត្តាឡីស័ក។ បើតាមការអះអាងរបស់អភិបាលខេត្ត គិតសរុបមកមានពលករខ្មែរប្រមាណ១ម៉ឺន៥ពាន់នាក់ ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែននៃខេត្ត ហើយអាជ្ញាធរខេត្តបានយកទីតាំងចំនួន១៧កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករ ក៏ប៉ុន្តែនៅមួយរយៈកាលក្រោយនេះ ចំនួនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅសល់តែប្រមាណជាង២០០០នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ងួត រតនៈ។ លោកបានបញ្ជាក់បន្ថែមដែរថា ទោះបីមានយន្តការហាមមិនឲ្យមានការចេញចូលរបស់ពលរដ្ឋនៅតាមច្រកព្រំដែនក៏ពិតមែន តែយ៉ាងណាការដឹកជញ្ជូនទំនិញនៅតែបន្តធ្វើជាប្រក្រតី។ ការដឹកជញ្ជូនទំនិញ ដោយមានតែអ្នកបើក និងអ្នកជញ្ជូនទំនិញតែម្នាក់ប៉ុណ្ណោះ។

ចំណែកឯអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ក៏បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិស្រដៀងគ្នានេះដែរ។ ដោយក្នុងនោះ លោកបញ្ជាក់ ចរន្តចេញចូលតាមច្រកព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល នៅតែរឹតបន្តឹងជាបន្ត ព្រមទាំងការចេញចូលរបស់ពលរដ្ឋ និងភ្ញៀវបរទេសមួយចំនួន ក៏ត្រូវបានកាត់ផ្តាច់ដដែរ។ អ្វីដែលនៅបន្តធ្វើនោះ គឺការដឹកជញ្ជូនចេញចូលទំនិញកម្ពុជា-វៀតណាម តែក្នុងបរិមាណតិចតួចជាងមុនសភាពការផ្ទុះកូវីដ១៩។

ដាច់ឡែកចំពោះភូមិសាស្រ្តដែលកំពុងមានការរាលដាលឆ្លងខ្លាំងនៅក្នុងស្រុកកោះធំ លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់បន្ថែមដែរថា តំបន់នោះកំពុងមានការរឹតបន្តឹងខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយពលរដ្ឋក្នុងតំបន់មិនអាចចេញចូលដោយសេរីទេ រីឯអ្នកធ្វើដំណើរពីរាជធានីភ្នំពេញក៏មិនត្រូវអនុញ្ញាតឲ្យចេញចូលនៅតំបន់ភូមិជ្រៃធំ និងភូមិមួយចំនួនក្នុងស្រុកកោះធំដែលកំពុងមានការរាលដាលខ្លាំងនោះ។ ការរឹតបន្តឹងរបស់អាជ្ញាធរក្នុងពេលនេះ ក៏ដើម្បីបង្ការហានិភ័យចម្លងជំងឺកូវីដ១៩ជាបន្តដែរ។ នេះបើតាមលោកអភិបាលខេត្តកណ្តាល។

គិតជាតួលេខចុងក្រោយ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាពលករខ្មែរចំនួន៩១នាក់ និងព្យាបាលជាចំនួន៩០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ