អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវាព្រៃឈើអន្តរជាតិ៖ បណ្តាញសហគមន៍ព្រៃឡង់ស្នើសុំក្រសួងចូលល្បាតព្រៃឡើងវិញ

នៅ​ក្នុង​ឱកាស​ទិវា​ព្រៃឈើ​អន្តរជាតិ ​២១​ មីនា ​នេះ ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន​ ដក​បំរាម​ហាម​ឃាត់​ ការងារ​ល្បាតព្រៃឡង់​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដើម្បី​ឲ្យ​សមាជិក​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​អាច​ចេញ​ល្បាត​ឡើង​វិញ​។ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ បណ្តាញ​សហគមន៍​ព្រៃឡង់​ត្រូវ​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ជា​មុន​សិន​។

ភូមិសាស្រ្តព្រៃឡង់ប្រទេសកម្ពុជា
ភូមិសាស្រ្តព្រៃឡង់ប្រទេសកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានរារាំងដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្រោមហេតុផលសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ខណៈសកម្មភាពល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា ដែលទាមទារឱ្យមានវិធានការរួមទាំងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋានដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ។ នេះបើតាមរយៈសេចក្តីថ្លែងការណ៍របស់ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត នៅក្នុងឱកាស ទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បណ្តាញសហគមន៍ព្រៃឡង់ បានស្នើស្នើសុំឱ្យក្រសួងបរិស្ថាន ដកបំរាមហាមឃាត់ ការងារល្បាតព្រៃរបស់បណ្តាញសហគមន៍ព្រៃឡង់ និង តាមដានត្រួតពិនិត្យ និងដកចេញពីតូនាទីជាមន្រ្តីឧទ្យានុរក្ស ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធជាមួយបទល្មើស និងអសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួន។

ក្រៅពីនេះ ក៏មានចំណុចមួយចំនួនទៀត ដូចជាស្នើសុំឲ្យបញ្ឈប់ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ ម៉ាស៊ីនរណាយន្ត និងសំភារៈផ្សេងទៀតសម្រាប់បម្រើឱ្យការកាប់បំផ្លាញព្រៃឈើកាត់មុខប៉ុស្តិ៍យាមរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ បណ្តាញសហគមន៍ព្រៃឡង់ បានស្នើសុំឱ្យក្រសួងបរិស្ថាន រៀបចំផែនការយុទ្ឋសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ឋប្រឆាំងការកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ កាំភ្លើងកែឆ្នៃ ការបរបាញ់ នឹងសំភារៈសម្រាប់បម្រើឱ្យការប្រព្រឹត្តិបទល្មើសផ្សេងៗទៀត និងចំណុចសំខាន់មួយចំនួនទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២១ ខែមីនាថា ក្រសួងបរិស្ថានរីករាយនិងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានាក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះខែសីហា ឆ្នាំ២០២០ បញ្ជាក់ថាបណ្តាញនេះក៏ត្រូវបានតម្រូវឱ្យចុះបញ្ជីត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បី មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការសហការ និងអនុវត្តសកម្មភាព ការងាររបស់ខ្លួន ជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ចរបសរាជរដ្ឋាភិបាល។ ដូច្នេះបណ្តាញសហគមន៍ព្រៃឡង់ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ជាមុនសិន។

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា បញ្ហាព្រៃឡង់ត្រូវបានសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនយកទៅធ្វើនយោបាយតូបនីយកម្ម និងព្យាយាមចិញ្ចឹមទំនាស់ ដើម្បីបង្កើតជាលេសវាយប្រហារលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបសរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិ។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ ព្រៃ ព្រៃ​ឡង់កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ