អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ករណីសត្វ​ស្លាប​ងាប់នៅ​ព្រៃវែង៖ ក្រសួង​ថា​មាន​សត្វ​ស្លាប​យ៉ាង​ហោច​ណាស់​៥​ប្រភេទ

នៅតំបន់​បឹង​ស្នេហ៍ ​ខេត្ត​ព្រៃវែង ​សត្វ​ស្លាប​ជាង​១​ពាន់​ក្បាល​ដែល​ងាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី ត្រូវក្រសួងបរិស្ថាន​​កំណត់​ប្រភេទ​បាន​ថា មាន​យ៉ាង​ហោច​ណាស់​៥​ប្រភេទ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ដែល​បានថ្លែង​​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​សៅរ៍ ទី​២៧​មីនា​នេះ។

សត្វ​ស្លាប​ងាប់​នៅ​តំបន់​បឹង​ស្នេហ៍ នៃ​ខេត្ត​ព្រៃវែង។
សត្វ​ស្លាប​ងាប់​នៅ​តំបន់​បឹង​ស្នេហ៍ នៃ​ខេត្ត​ព្រៃវែង។ © មន្ទីរព័ត៌មាន​ខេត្ត​ព្រៃវែង
ផ្សាយពាណិជ្ជកម្ម

សត្វ​ចង្កៀល​ខ្យង គឺ​ជា​សត្វ​ស្លាបកម្រ​ដែល​ងាប់​ច្រើន​ជាង​គេ​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី។ ជំងឺ​ផ្ដាសាយ​បក្សី A/H5N1 ដែល​ផ្ទុះ​ឡើង​នៅ​តំបន់ប្រើ​ប្រាស់​ច្រើន​យ៉ាង​ទួល​ព័ន្ធ​តាឡី​បឹង​ស្នេហ៍ ស្ថិត​នៅ​ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​មក​។ ក្រៅ​ពី​សត្វ​ចង្កៀល​ខ្យង ក៏​មាន​ដែរ សត្វ​ត្រយ៉ង​ខ្លួន​រលោង សត្វ​ខ្វែក សត្វ​កុក​គ្រោង សត្វ​ក្អែក និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ដែល​បាន​បញ្ជាក់​​បន្ថែម​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧​មីនា​មក សត្វ​ស្លាប​នៅ​តំបន់​បឹង​ស្នេហ៍​បាន​ងាប់​ជា​បន្ត​បន្ទាប់ ចំនួន​ជាង​១០០​ក្បាល​ជា​រៀង​រាល់​ថ្ងៃ​។

មូលហេតុ​នៃ​ការ​ងាប់​នេះ ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គូស​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤​មីនា​ថា គឺ​ដោយ​សារ​តែ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ A/H1N5។ ក្រសួង​កសិកម្ម​បាន​សម្រេច​ឲ្យ​បំផ្លាញ​ចោល​បក្សី​ដែល​មាន​ជំងឺ សាកសព​បក្សី និង​ផលិតផល​បក្សី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។

ចំណែក​តំបន់​ផ្ទុះ​ជំងឺ និង​តំបន់​ជុំវិញ​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ ត្រូវ​​ផ្អាក​ការ​ចេញ​ចូលជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​៣០​ថ្ងៃដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​​។ ក្រសួង​កសិកម្ម​ក៏បាន​បង្គាប់​ឲ្យ​មន្ដ្រី​ពាក់ព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រភពជំងឺ​ផ្ដាសាយ​បក្សី​រយៈ​ពេល​៣០​ថ្ងៃ និង​ត្រូវ​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ចលនា​បក្សី​ជា​ប្រចាំ ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។

ដោយ​ឡែក អាជ្ញាធរ​ខេត្ត​ព្រៃវែង​ឯ​ណោះ​វិញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ មិន​ត្រូវ​ប៉ះពាល់និង​បរិភោគ សត្វ​ស្លាប​ងាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាជ្ញាធរ​ខេត្ត​ព្រៃវែង​តម្រូវ​ឲ្យ​ពលរដ្ឋ​​ដុត​បំផ្លាញ​ចោល ក្នុង​ករណី​ឃើញ​សត្វ​ស្លាប​ងាប់ ដែល​រួម​មាន​សត្វ​ចង្កៀល​ខ្យង សត្វ​ត្រយ៉ង​ខ្លួន​រលោង សត្វ​ខ្វែក សត្វ​កុក​គ្រោង និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​។ វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ដូច្នេះ គឺ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ជា​យថាហេតុ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ