អានតួអត្ថបទ
កម្ពុជា-សង្គម

បណ្តាញយុវជនរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

សមាគម​បណ្តាញ​យុវជនកម្ពុជា ​CYN ​បានប្រកាស​នៅថ្ងៃចន្ទនេះថា​ ក្រុមការងារ​របស់សមាគម​បានរកឃើញ​ថា មានការកើតឡើង​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើចំនួន​ ១០០ករណី ​ព្រមទាំងការលួចដុត​ និងកាប់ឆ្ការព្រៃ​នៅក្នុងដែន​ជម្រក​សត្វព្រៃ​ព្រះរការ​។​ បើតាម​សមាគម​មួយនេះ ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​កើតឡើង​ច្រើន​​បែបនេះ​ គឺចាប់តាំងពី​មានការរារាំង​មិនឱ្យសហគមន៍​មូលដ្ឋាន ​អង្គការ​សមាគម ​និងអ្នកការពារ​ព្រៃឈើ​ចូលរួម​ល្បាតនៅក្នុងដែនជម្រក​នេះកន្លងមក​។

ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ
ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប គេបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១,៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​សមាគមបណ្តាញយុវជនកម្ពុជា CYN នៅថ្ងៃទី២៩មីនា។

សមាគមដដែលនេះ​បន្ថែមថា ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគីរ និងសុក្រំជាដើម ហើយព្រមទាំងមានការដុត និងឆ្ការផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។

សមាគមនេះបានសំដែងការព្រួយបារម្ភចំពោះការបាត់បង់ ដែលនឹងអាចឈានទៅរកការផុតពូជប្រភេទឈើកម្រ និងមានតម្លៃ តាមរយៈការកាប់ឆ្ការព្រៃដោយខុសច្បាប់ ជាពិសេសការបាត់បង់ប្រភេទដើមឈើផ្តល់ជ័រច្បោះ។ ការ​បាត់បង់​ដើមឈើ​​ប្រភេទ​នេះ បង្កផលប៉ះពាល់ដល់ការដកហូតអនុផលព្រៃឈើ ដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន និងអាចឈានទៅរកវិនាសកម្មបាត់បង់ទាំងស្រុងនូវដែនជម្រកសត្វព្រៃព្រះរការនាពេលអនាគត។

បើតាម​សមាគមបណ្តាញយុវជនកម្ពុជា បទល្មើស​កាប់បំផ្លាញព្រៃឈើ​កើតឡើង​ច្រើន​បែបនេះ គឺចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក និងស្របពេលនៃការរាលដាលកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ