អានតួអត្ថបទ
កម្ពុជា-សត្វព្រៃ

ក្រសួងបរិស្ថានអំពាវនាវឲ្យអភិរក្សសត្វដំរីឲ្យបានគង់វង្ស នៅតំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃ

លោក ​នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ នៅថ្ងៃសុក្រនេះ ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ដែលរស់នៅ​តាមដែនជម្រក​សត្វព្រៃនានា ​នៅក្នុងប្រទេស​កម្ពុជា ​ចូលរួមការពារ​ និងអភិរក្ស​សត្វដំរី​។ ការថ្លែងរបស់​ លោក ​នេត្រ ភក្ត្រា ​ដូច្នេះ ​គឺធ្វើឡើង​ក្រោយហ្វូងដំរី​ព្រៃចំនួន​៣៨ក្បាល ​បានបង្ហាញខ្លួន​នៅឯស្រះទឹកមួយ​ ស្ថិតនៅក្នុង​ដែនជំរក​សត្វព្រៃកែវសីម៉ា ​ខេត្តមណ្ឌលគីរី​ កាលពីថ្ងៃទី​៣១ខែមីនា​កន្លងទៅ​។ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ ​បញ្ជាក់ថា​ ដែនជម្រកសត្វព្រៃ​កែវសីម៉ា ​គឺជាទី​ជម្រក​ដ៏ធំមួយ​របស់សត្វដំរី​ព្រៃអាស៊ី ​និងប្រភេទ​សត្វកម្រ​ផ្សេងទៀត​​។

ហ្វូងដំរីព្រៃចំនួន៣៨ក្បាល នៅដែនជំរកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគីរី
ហ្វូងដំរីព្រៃចំនួន៣៨ក្បាល នៅដែនជំរកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគីរី © សហការី
ផ្សាយពាណិជ្ជកម្ម
01:44

សូមស្តាប់ លោក នេត្រ ភក្ត្រា៖

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេលពី៦០ ទៅ ៧០ឆ្នាំ ចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០% ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០%។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារវាមានសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។

សូមបញ្ជាក់ថា កម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តន៍ច្បាប់បានយ៉ាងល្អ ខណៈកាលពីជាង ៣០ឆ្នាំមុន ដំរីព្រៃត្រូវបានសម្លាប់ដោយការបរបាញ់អស់ជាច្រើនក្បាល។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដំរីអាស៊ីមានចំនួនចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាលប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ