អានតួអត្ថបទ
កម្ពុជា-ព្រៃឈើ

សមាគមបណ្តាញយុវជនកម្ពុជារកឃើញការកាប់ព្រៃឈើជាង១០០ករណីបន្ថែម ក្នុងដែនជម្រកសត្វព្រៃព្រះរកា

​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​តាមរយៈ​គម្រោង​អ្នកការពារ​ព្រៃឈើ​ ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​ពួកគេ​បាន​រក​ឃើញ​ ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​ ​១​១​៣​ ​ករណី​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​។​ ​ការណ៍​នេះ​បាន​បណ្តាលឲ្យ​ចំនួន​បទល្មើស​ព្រៃឈើ​សរុប​នៅ​ក្នុង​ ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៅ​ក្នុង​ខែ​មីនា​កើតឡើង​ចំនួន​២​១​៣​ករណី​ ​ឬ​ស្មើ​រ​នឹង​ការ​បាត់បង់​នូវ​ដើមឈើ​ដ៏​មាន​តម្លៃ​ប្រមាណ​២​១​៣​ដើម​។

ការរកឃើញករណីកាប់ឈើនៅក្នុងដែនសត្វព្រៃព្រះរកា
ការរកឃើញករណីកាប់ឈើនៅក្នុងដែនសត្វព្រៃព្រះរកា © CYN
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃអង្គារនេះ ក្រុមអ្នកការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា បានឲ្យដឹងថា បទល្មើសព្រៃឈើចំនួន១១៣ករណីថ្មី គឺកើតឡើងលើប្រភេទឈើកម្រនិងទំហំធំៗ ដែលមានមុខកាត់ចាប់ពី៤៣សង់ទីម៉ែត្រ ដល់២០០សង់ទីម៉ែត្រ នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា។ ភាគច្រើននៃប្រភេទឈើ ដែលរងការកាប់បំផ្លាញនោះមានជាអាទិ៍ ស្ទៀង សុក្រំ ដួងចែម ពពេល ត្រសេក ឈើទាល ផ្តៀក ត្រាច និងកកោះ។ នេះបើតាមការអង្កេតក្នុងរយៈចម្ងាយ៦០គ.ម ពីចំណុចនិយាមការរហូតដល់ចំណុចភូមិតាក្តុល ស្រុកឆែប ខេត្តព្រះវិហារ របស់ក្រុមអ្នកការពារព្រៃឈើ។

បើតាមសមាគមខាងលើ ការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន១១៣ករណី បន្ថែមទៀតនេះ បានធ្វើឲ្យដែនជម្រកសត្វព្រៃរកាបានបាត់បង់ព្រៃឈើរហូតដល់២១៣ដើមត្រឹមខែមីនានេះ ព្រោះថាកន្លងមកកាលពីថ្ងៃទី១៩មីនា ក្រុមសមាគមខាងលើនេះ បានរកឃើញមានបទល្មើសព្រៃឈើចំនួន១០០ករណីម្តងរួចទៅហើយ ដោយឈើទាំងនោះមានមុខកាត់ចន្លោះពី៤៥សង់ទីម៉ែត្រ ដល់១៣៥សង់ទីម៉ែត្រ។

ក្រុមសមាគមបណ្តាញយុវជនកម្ពុជា បានអះអាងថា ការបាត់បង់ព្រៃឈើជាបន្តបន្ទាប់នេះ កើតឡើងបន្ទាប់់ពីមានការរារាំងសកម្មភាពល្បាតព្រៃរបស់អង្គការសង្គមស៊ីវិល សមាគមក្នុងស្រុក និងសហគមន៍មូលដ្ឋាន។ ការរារាំងសកម្មភាពនេះ នឹងធ្វើឲ្យប្រភេទឈើកម្រ និងមានតម្លៃប្រឈមនឹងការផុតពូជ ការបាត់បង់អនុផលព្រៃឈើសម្រាប់សហគមន៍មូលដ្ឋាន និងផលប៉ះពាល់ដល់ជម្រកសត្វព្រៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ ពួកគេបានបន្ថែមទៀតថា ទន្ទឹមនឹងការរាតត្បាតពីជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ នៅក្នុងប្រទេសកម្ពុជា វិបត្តិកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា ក៏ដូចជាតំបន់ផ្សេងទៀតរួមមានតំបន់ព្រៃឡង់ផងដែរនោះ ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។

ក្រៅពីនេះ សមាគមបណ្តាញយុវជនកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធ ក៏ដូចជាក្រសួងបរិស្ថាន ពិចារណាអំពីការរឹតត្បិតសកម្មភាពអ្នកការពារព្រៃឈើ ដោយអាចឲ្យពួកគេចូលរួមការពារ អភិរក្សព្រៃឈើ ស្របទៅតាមបញ្ញត្តិស្តីពីសិទ្ធិនិងករណីយកិច្ចរបស់ពលរដ្ឋដូចមានចែងក្នុងមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ កម្ពុជា និងមាត្រា២៩ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សព្រៃឈើឲ្យបានគង់វង្ស។

ក្រសួងបរិស្ថាន នៅមិនទាន់មានការអត្ថាធិប្បាយណាមួយនៅឡើយទេ ទាក់ទងទៅនឹងការលើកឡើងរបស់សមាគមបណ្តាញយុវជនកម្ពុជានៅពេលនេះ។

គួរជម្រាបជូនដែរថា កន្លងមកអង្គការគ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) នៅទីក្រុងហ្សឺណែវ រកឃើញថាក្នុងមួយទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានរងនូវការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងបាត់បង់ព្រៃឈើអស់ជាងកន្លះលាន ហិកតា ក្នុងនោះមានជាអាទិ៍ ការផ្តល់ដីសម្បទាន សង្គមកិច្ច និងគម្រោងស្ដារព្រៃឈើឡើងវិញ បូករួមទាំងសកម្មភាព កាប់ឈើខុសច្បាប់ ដែលបានធ្វើឱ្យបាត់បង់ព្រៃឈើរួមទាំងតំបន់ដែនជម្រកសត្វព្រៃព្រះរកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ