អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ពលករខ្មែរខុសច្បាប់នឹងប្រឈមបញ្ហាច្បាប់ធ្ងន់ធ្ងរ ខណៈដែលតំបន់ព្រំដែនប្រទេសថៃរឹតបន្តឹង

ពលករខ្មែរ​ដែលព្យាយាម​ចូលទៅ​ប្រទេសថៃ​ដោយខុសច្បាប់​នៅពេលនេះ​ នឹងប្រឈម​នឹងវិធានការ​ច្បាប់ធ្ងន់ធ្ងរ​ពីអាជ្ញាធរ​មានសមត្ថកិច្ចថៃ។​ ពលករខុសច្បាប់​ទាំងអស់​នឹងត្រូវជាប់ពន្ធនាគារ​ចំនួន​២ឆ្នាំ ​និងពិន័យ​ជាប្រាក់​ចំនួន៤ម៉ឺនបាត​ ឬស្មើនឹង​ជាង៥លានរៀល​។​ បើតាមនាយកការិយាល័យ​អន្តោប្រវេសន៍​ ការអនុវត្ត​វិធានការ​តឹងរឹងនេះ ​គឺដោយសារ​ប្រទេសថៃ​កំពុងផ្ទុះឡើង​នូវជំងឺកូវីដ-១៩​រលកទី៣​។

ពលករដែលទៅបម្រើការងារនៅប្រទេសថៃ
ពលករដែលទៅបម្រើការងារនៅប្រទេសថៃ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

វិធានការរឹតបន្តឹងច្រកព្រំដែន ដើម្បីបញ្ចៀសកុំមានការលួចចូលពីសំណាក់ពលករខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ១៩ រលកទី៣ និងកំពុងដាក់ការសង្ស័យថាមានការឆ្លងនូវវីរុសកូវីដ-១៩ មានប្រភពមកពីប្រទេសឥណ្ឌា។

ថ្លែងប្រាប់កាសែតក្នុងស្រុក បាងកកប៉ុស្ត៍ លោក  Sompong Chingduang នាយកការិយាល័យអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ពលករខុសច្បាប់ណាដែលព្យាយាមចូលមកប្រទេសថៃនៅពេលនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីពលករអន្តោប្រវេសន៍ និងការដាក់ប្រទេសក្នុងគ្រាអាសន្ន។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ អាជ្ញាធរនៅតាមព្រំដែនត្រូវរឹតបន្តឹងកុំឲ្យពលករខុសច្បាប់ចូលក្នុងប្រទេស នៅខណៈពេលប្រទេសនេះកំពុងមានការឆ្លងខ្លាំង។

បើតាមរបាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ រយៈពេលបួនខែនៃឆ្នាំ២០២១នេះ អាជ្ញាធរថៃចាប់ខ្លួនពលករខុសច្បាប់ចូលប្រទេសខ្លួនប្រមាណ ១៥៣៧៨នាក់ ដោយពលករទាំងនោះរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា។ ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យកន្លងទៅអាជ្ញាធរបានរកឃើញពលករខុសច្បាប់ចំនួន៥នាក់មានវិជ្ជមានកូវីដ-១៩ ដោយមាន២នាក់ជាជនជាតិថៃមកពីកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញករណីឆ្លងថ្មីចំនួន២១០១នាក់ ដោយទីក្រុងបាងកកជាទីតាំងដែលមានការឆ្លងច្រើនជាងគេ ក្នុងចំនួន៩៨០នាក់ រីឯខេត្តសាមុតសាខន ដែលមានពលករចំណាកស្រុកធ្វើការច្រើន មានអ្នកឆ្លង១០៨នាក់។

ដោយឡែកនៅថ្ងៃនេះ ប្រទេសថៃរកឃើញករណីឆ្លងថ្មីចំនួន១៦០៣នាក់ និងមានករណីស្លាប់ចំនួន២២នាក់។ នេះបើតាមរបាយការណ៍ស្ថានភាពជំងឺកូវីដ-១៩ CCSA។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០មេសាកន្លងទៅនេះ មានពលករខ្មែរនៅថៃ ម្នាក់ភេទប្រុសបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យទីក្រុងបាងកក។ បើតាមរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(Central) ឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរទាំងស្របច្បាប់និងមិនស្របច្បាប់ប្រមាណ១លាន៨សែននាក់ (១.៨០០.០០០) កំពុងធ្វើការនៅប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ