អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឲ្យសហគមន៍ព្រៃឡង់ស្វែងរកភាពស្របច្បាប់ មុននឹងអះអាងពីការបាត់បង់ព្រៃឈើក្នុងតំបន់ព្រៃឡង់

ជាថ្មីម្តងទៀត​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក​នេត ភក្រ្តា ​ស្នើឲ្យ​សហគមន៍​ព្រៃឡង់​ចុះបញ្ជី​ស្របច្បាប់​ មុននឹងអះអាង​ពីការបាត់បង់​ព្រៃឈើ​នៅក្នុងតំបន់​ព្រៃឡង់។ ​ការលើកឡើង​របស់​អ្នកនាំពាក្យ​ដូច្នេះ ​គឺបន្ទាប់ពី​សហគមន៍​ព្រៃឡង់ ​បានអះអាងថា​ ខ្លួនរកឃើញ​ការកាប់ព្រៃ​ជាបន្តបន្ទាប់​នៅព្រៃឡង់ ​និងទទូចឲ្យ​អាជ្ញាធរ​អន្តរាគមន៍​លើបញ្ហានេះ​។

ទិដ្ឋភាពព្រៃឡង់
ទិដ្ឋភាពព្រៃឡង់ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រនេះ លោក នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថាក្រុមសហគមន៍ព្រៃឡង់ត្រូវស្វែងរកការចុះបញ្ជីស្របច្បាប់ជាមុនសិន ដើម្បីឲ្យការលើកឡើងរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងឈានដល់ការរកដោះស្រាយបញ្ហាដែលខ្លួនបានលើកឡើងជាមួយនឹងភាគីរដ្ឋាភិបាល។

ប្រសិនបើមានការរកឃើញការកាប់ទន្ទ្រានព្រៃឈើ ឬការបាត់បង់ព្រៃឈើក្នុងតំបន់ណាមួយនោះ សហគមន៍ត្រូវកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុននឹងធ្វើការអះអាងពីការកាប់ព្រៃ និងបាត់បង់ព្រៃឈើ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក នេត ភក្រ្តា។

បើតាមអ្នកនាំពាក្យរូបនេះ កន្លងមកក្រសួងបរិស្ថានបានការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់នោះជាបន្តបន្ទាប់មកហើយ។ យ៉ាងណាមិញកាលពីថ្ងៃទី៨មីនាឆ្នាំ២០២១ សហរដ្ឋអាមេរិក តាមររយៈទីភ្នាក់ងារផ្តល់ជំនួយ USAID បានលើកឡើងថា ការបាត់បង់ព្រៃឈើនៅព្រៃឡង់ មកពីការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។

សហគមន៍ព្រៃឡង់ កាលពីថ្ងៃទី១៧កន្លងទៅនេះ​បានអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ពួកគេរកឃើញការកាប់ទន្ទ្រានព្រៃឈើនៅក្នុងឃុំចំនួន៣ក្នុងតំបន់ព្រៃឡង់នៅត្រឹមរយៈពេលបីថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ក្រោយការសកម្មភាពល្បាតព្រៃ។ ដោយពួកគេបញ្ជាក់ថា មានការបាត់បង់ព្រៃឈើជាច្រើនហិកតានៅក្នុងឃុំដងកាំបិត ឃុំមានរិទ្ធិ និងឃុំសណ្តាន់ ក្នុងស្រុកសណ្តាន់ នៃខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ព្រៃឡង់លាតសន្ធឹងជុំវិញខេត្តចំនួន៤ មានកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ក្នុងបរិវេណផ្ទៃដីប្រមាណ៤៣ម៉ឺនហិកតា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ