អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជារំពឹងទទួលបានចំណូលដុល១៨៥លានដុល្លារក្នុងមួយឆ្នាំពីអាជីវកម្មរ៉ែមាសជាលើកដំបូង

រដ្ឋាភិបាលកម្ពុជា​បានប្រកាស​ដាក់​ឲ្យដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​នៅកម្ពុជា​ដោយ​រំពឹងថា​នឹង​ទទួល​បានចំណូល​ដុល​ជាមធ្យម១៨៥​លាន​ដុល្លារ​ ក្នុងនោះរដ្ឋ​នឹង​ទទួលបានពន្ធជាថវិកា៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។​ ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយពី​ក្រុម​ហ៊ុន​អូស្ត្រាលី ​ដែល​ជាម្ចាស់​អាជ្ញា​ប័ណ្ណ​ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​រុករកដោយ​ប្រើពេលអស់​១៤ឆ្នាំ។

ដុំមាស (រូបតំណាង)
ដុំមាស (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារខិលិត​៣ទំព័រ ​ចុះថ្ងៃទី១០ ខែមិថុនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជា​មោទនភាព​សម្រាប់​កម្ពុជា​ក្នុង​ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​របស់​ខ្លួន។​ រោងចក្រ​​នេះ​ គឺស្ថិត​នៅតំបន់ ​អូខ្វាវ​ ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ត្រូវ​ដាក់​ឲ្យ​ដំណើរការ​​ចម្រាញ់​រ៉ែ​មាស​ចាប់ពីថ្ងៃទី២១​ ខែមិថុនា ២០២១ តទៅ។

អាជីវកម្មរ៉ែមាស​ដ៏ធំ និងជាលើកដំបូង​នេះ ​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​អូស្ត្រាលី​ឈ្មោះ Renaissance Minerals។ ជាក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​អន្តរជាតិ ដោយ​ផលិត​ចេញ​ជាមាស​ដុំ​ពាក់​កណ្តាល​សម្រេច​​៩០% ​ហើយ​ក្រុម​ហ៊ុន​នេះអះអាងថា ​អាច​ផលិត​មាស​សុទ្ធបាន​ ៣តោន​ ក្នុង​មួយឆ្នាំ ​សម្រាប់​រយៈ​​ពេល​៨​ឆ្នាំ​ដំបូង។ ក្រុមហ៊ុន​នេះ​អះអាងទៀតថា ​នឹង​ពង្រីក​អាជីវកម្មរបស់​ខ្លួន​ឲ្យ​កាន់​ធំថែមទៀត​ក្រោយ​រយៈពេល​​៨ឆ្នាំ​ដំបូងនេះ។

លោក​ប្រមុខ​រដ្ឋាភិបាល កម្ពុជា​រំពឹងថា ​នឹង​ទទួល​បានផល​ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម ១៨៥​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ ដែល​​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេង​ៗ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

បើតាម ​លោក ហ៊ុន សែន ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​គឺ​ត្រូវ​ការ​ការ​វិនិយោគ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​បច្ចេកទេស​ខ្ពស់។ លោកថា ការ​ធ្វើ​អាជីវកម្មរ៉ែមាស ជាលក្ខណៈប្រពៃណីយ ​គឺមានហានិភ័យ​ខ្ពស់ និង​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន​ថែមទៀតផង។ លោកអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​បោះ​បង់ចោល​នូវបំណងធ្វើ​អាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែមាសខ្នាតអន្តរជាតិ ​នៅតំបន់​អូខ្វាវ​ត្រូ​វបានលោក​ប្រមុខ​រដ្ឋាភិបាល​គូសបញ្ជាក់ថា​ជាគំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដទៃទៀត តាម​គោល​​​​​ការណ៍​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ