អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អាជីវកម្មចម្រាញ់រ៉ែមាសខ្នាតធំនៅកម្ពុជាចាប់ផ្តើមដំណើរការនៅថ្ងៃចន្ទនេះ

អាជីវកម្ម​ចម្រាញ់រ៉ែមាស​ខ្នាតធំ​នៅកម្ពុជា ​បានចាប់ផ្តើម​ដំណើរការ​ជាផ្លូវការពីថ្ងៃចន្ទ ទី២១ ខែមិ​ថុនា នេះហើយ។​ នេះបើតាមពេលវេលា​ ដែលលោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះ​។​ បើតាមគម្រោង ​អាជីកម្ម​ចម្រាញ់រ៉ែមាស​ខ្នាតធំនេះ ​នឹងអាចសម្រេច​ជាលទ្ធផល​ចម្រាញ់​ដុំមាសបាន ៣តោន​ ក្នុងមួយឆ្នាំ​។

ទីតាំងគម្រោង អាជីកម្មចម្រាញ់រ៉ែមាសនៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី
ទីតាំងគម្រោង អាជីកម្មចម្រាញ់រ៉ែមាសនៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី © Internet
ផ្សាយពាណិជ្ជកម្ម

តាមកាលបរិច្ឆេទកំណត់ នៅថ្ងៃចន្ទនេះ អាជីវកម្មចម្រាញ់រ៉ែមាសខ្នាតធំនៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន ដែលការចាប់ផ្តើមដំបូងនេះ មានវត្តមានផ្ទាល់ពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ ពោលគឺលោករដ្ឋមន្ត្រី បានចាប់ផ្តើមដំណើរការជានិមិត្តរូប ស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសំគាល់ លើដុំរ៉ែមាសរបស់កម្ពុជា។

លោក ស៊ុយ សែម បញ្ជាក់ថាអាជីវកម្មចម្រាញ់រ៉ែមាសដំបូងខ្នាតធំនៅកម្ពុជានេះ នឹងត្រូវចំណាយកម្លាំងកម្មករប្រមាណ៤៦២នាក់ ដោយមានជនជាតិខ្មែរ៤២៧នាក់ និងបរទេស៣៥នាក់។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទទី២១ ខែមិថុនានេះ ការវិនិយោគដោយក្រុមហ៊ុនរបស់អូស្រ្តាលីឈ្មោះថា Renaissance Minerals (Cambodia) Limited នេះបានប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារ។

ក្រោយដំណើរការអាជីវកម្ម កម្ពុជានឹងជីកយករ៉ែឆៅប្រមាណជិត២តោន និងចម្រាញ់ចេញជាដុំមាសកម្រិត៩០% ចំនួន៣តោនក្នុងមួយឆ្នាំ នៅរយៈពេល៨ឆ្នាំដំបូង។ ឆ្លើយតបបានជាចំណូលដុល មធ្យម១៨៥លានដុល្លារ ដោយក្នុងនោះរដ្ឋាភិបាលនឹងទទួលបាន​ ៤០លានដុល្លារ ក្នុងមួយឆ្នាំពីតម្លៃសួយសារ និងសារពើពន្ធផ្សេងៗ។ នៅក្នុង​សារលិខិត​កាលពីថ្ងៃទី១០ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកភាពជោគជ័យនេះជាមោទនភាព​សម្រាប់​កម្ពុជា ​ក្នុង​ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​របស់​ខ្លួន។    

នេះអាចនិយាយបានថា ជាគម្រោងខ្នាតធំទី២នៃការវិនិយោគលើវិស័យធនធានរ៉ែនៅកម្ពុជា។ ដោយកាលពីថ្ងៃ២៩ធ្នូឆ្នាំ២០២០ ក្រសួងរ៉ែនិងថាមពល ធ្លាប់បានប្រកាសពីការវិនិយោគនិងដំណក់រ៉ែប្រេងដំបូងរបស់កម្ពុជា ដែលជាការវិនិយោគដោយក្រុមហ៊ុនសិង្ហបុរី «KrisEnergy»។

ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនKrisEnergy បានប្រកាសពីការក្ស័យធុនរបស់ខ្លួន ដោយសារបញ្ហាបំណុល។ យ៉ាងណាមិញ លោក ជៀប សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត​បានបញ្ជាក់ប្រាប់វិទ្យុបារាំងនាពេលកន្លងមកថា ក្នុងករណី ​ដែលក្រុមហ៊ុន​មិនមាន​ផែនការ​អភិវឌ្ឍន៍​បន្តទៅមុខទៀតបាន​ នោះនឹងឈានទៅដល់​ការបញ្ចប់កិច្ចព្រមព្រៀង​ប្រេងកាត​ ហើយលោកជឿថា​ រដ្ឋាភិបាលនឹងរកដៃគូថ្មី​ ដែលមានសមត្ថភាព​គ្រប់គ្រាន់​ទាំងហិរញ្ញវត្ថុ​ និងបច្ចេកទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ