អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

World Bank ផ្តល់ឥណទាន២០០លានដុល្លារ ដល់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ក្រុមប្រឹក្សា​នាយកប្រតិបត្តិ​នៃធនាគារ​ពិភពលោក​(World Bank) ​កាលពីថ្ងៃទី២៤ ​ខែមិថុនា ​ម្សិលមិញ​ បានអនុម័ត​កញ្ចប់​ឥណទាន​ ដែលមានទឹកប្រាក់​ចំនួន​ ២០០លានដុល្លារ​ របស់​សមាគម​អភិវឌ្ឍន៍អន្តរជាតិ​ ដល់ប្រទេស​កម្ពុជា។​ ការសម្រេចរបស់​ ធនាគារ​ពិភពលោក​ដូច្នេះ ​គឺសម្រាប់គម្រោង​រៀបចំគោលនយោបាយ​ហិរញ្ញប្បទាន​ ដើម្បី​ជួយសង្គ្រោះ ​ការរើបឡើងវិ​ញ និងការកសាង​ភាពធន់របស់​កម្ពុជា​ ខណៈដែល​ប្រទេសនេះ ​កំពុងប្រឹងប្រែង​ប្រយុទ្ធ​ជាមួយជំងឺ​កូវីដ-១៩​ និងកំពុង​ចាប់ផ្តើមស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

ឡូហ្គូធនាគារពិភពលោក និងទង់ជាតិប្រទេសកម្ពុជា (រូបតំណាង)
ឡូហ្គូធនាគារពិភពលោក និងទង់ជាតិប្រទេសកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់ឥណទានចំនួន ២០០លានដុល្លារ របស់ធនាគារពិភាពលោក(World Bank) ត្រូវបានបញ្ជាក់ថា គម្រោងឥណទាន​នេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ ការ​សម្រួល​ឲ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលមិនធ្លាប់មាន​ចាប់តាំង​ពី​៣០​ឆ្នាំ ខណៈកំណើន​សេដ្ឋកិច្ច​ប្រទេសនេះ កាលពី​​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។

វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត និងជាវិស័យ ដែលផ្តល់ការងារច្រើនជាងគេនោះរួមមាន ​កាត់ដេរ ទេសចរណ៍ និង​សំណង់។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗ នៅមិនទាន់មាន ការ​រាតត្បាតជំងឺនេះ អាចនឹង​បណ្តាល​ឲ្យ​​ភាពអត់ការងារធ្វើ និង​ភាពក្រីក្រកាន់​តែកើនឡើង​ថែមទៀត ដែលក្នុងនោះ ពលរដ្ឋ​ជិត ​១លាននាក់ ​ត្រូវ​​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ។ នេះបើតាម World Bank។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា​ពិតជាត្រូវការធនធាន ដែលអាចយកទៅបញ្ចេញ​ឱ្យ​បាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្ម​វិធី​គ្រប់​ជ្រុង​ជ្រោយ​មួយ​របស់​រដ្ឋា​ភិបាល​ ដើម្បី​ការពារ​ជន​ក្រីក្រ​បំផុតពី​ផលប៉ះទង្គិច​នៃ​វិបត្តិនេះ និ​ង​ដើម្បីជួយ​ដល់​កិច្ច​ប្រឹងប្រែង​ស្តារសេដ្ឋកិច្ច ​និង​សង្គមរបស់ប្រទេស​ឲ្យ​ងើបឡើងវិញ។  

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ធនាគារពិភពលោក ​បានឲ្យដឹងថាសេដ្ឋកិច្ចកម្ពុជា​កំពុងរើបឡើងវិញ​បន្តិចម្តងៗ ​ដោយមានការព្យាករណ៍​ទុកថា​ នឹងទទួលបានកំណើន​ជិត ៤% ក្នុងឆ្នាំ២០២១ ​ ​ ក៏ប៉ុន្តែកំណើននេះ ​នៅមានភាពមិនប្រាកដ​ប្រជាផងដែ​រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ