អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាល៖ ជំងឺកូវីដបំប្លែងថ្មី Delta ត្រូវបានរកឃើញច្រើនលើពលករត្រលប់មកពីថៃ

ពលករ​ចំណាកស្រុក​ខ្មែរ​ ដែល​ត្រលប់​មកពី​ប្រទេស​ថៃ ​ត្រូវបាន​រកឃើញ​ថា ​បាន​នាំចូល​មក​នូវ​ជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​ Delta ​ច្រើន​ករណី​។ ​នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅថ្ងៃ​ចន្ទ​នេះ​។ ​ការ​រកឃើញ​ប្រភេទ​ជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មី​នេះ ​ស្របពេល​ដែល​ពលករ​ចំណាក​ស្រុក​ខ្មែរ​ នាំគ្នា​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ ​និង​ចំនួន​អ្នកឆ្លង​កូវីដ-១៩ ​ប្រចាំថ្ងៃ​មានការ​កើនឡើង​កាន់តែច្រើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។

ពលករខ្មែរនៅថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩
ពលករខ្មែរនៅថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ © សហការី
ផ្សាយពាណិជ្ជកម្ម

ជាការពិត​ក្រសួង​សុខាភិបាល​កម្ពុជា​ទទួលស្គាល់​ថា​មាន​ជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​ Delta ​មកតាមរយៈ​ពលករ​ចំណាកស្រុក​ខ្មែរ ​ដែល​នាំគ្នា​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ ច្រើន​ក៏ប៉ុន្តែ​ក្រសួង​មិនបាន​បង្ហាញ​តួលេខ​ថា​បានរកឃើញ​ប៉ុន្មាន​ករណី​នោះទេ​។

តាមរយៈ​សេចក្តីជូនដំណឹង​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ការ​ចម្លង​នៃ​វីរុស​កូវីដ-១៩​ប្រភេទ ​Delta មកពី​ឥណ្ឌា​នេះ ​នៅ​ប្រទេស​មួយចំនួន ​មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ-១៩ ​បំប្លែង​មុន​ៗ​ប្រហែល​ដល់ទៅ​១៥​ដង ខ្លាំង​ជាង​ការ​ចម្លង​ពីពេល​កន្លងទៅ ​ខណៈដែល​ក្រសួង​មិនទាន់​ដឹង​ថា​វីរុស​កូវីដ-១៩​ នេះ​ មាន​អត្តចរិក​បែបណា​នៅឡើយ​។

ទោះជា​អាជ្ញាធរ​ មិនបាន​បញ្ជាក់ថា​មានការ​ឆ្លង​ពី​វីរុស​កូវីដ-១៩ ​បំប្លែងថ្មី​ប៉ុន្មាន​ក៏ដោយ ​ក៏​ស្របពេល​ជាមួយ​គ្នានេះ ​គេសង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​រយៈពេល​២​ថ្ងៃ​ជាប់គ្នា​ ក្នុងអត្រា​មួយ​ខ្ពស់ ​គឺ​ជាង​៨០០​នាក់ ​ក្នុង​មួយ​ថ្ងៃ​។ ជា​ចំនួន​មួយ ​ដែល​មានការកើនឡើង​រយៈពេល​មួយសប្តាហ៍​ចុងក្រោយ​ដែរ​ គឺ​ចាប់ពី​ជាង​៥០០​នាក់ ​រហូត​ដល់​ជាង​៨០០​នាក់ ​ខណៈ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ ក៏មាន​ការកើនឡើង​ស្រឺត​ៗ​ផងដែរ​។ ​កំណើន​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ នា​ដំណាក់កាល​ចុងក្រោយ​នេះ ​ត្រូវបាន​កត់សម្គាល់​ថា​ភាគច្រើន​នៅតាម​បណ្តា​ខេត្ត ​និង​អ្នក​ដំណើរ​មកពី​បរទេស​។

ទោះយ៉ាងណា ​ក្រសួង​សុខាភិបាល​ក៏ដូច​ជា​អ្នក​វិទ្យាសាស្ត្រ ​នៅតែ​ផ្ញើ​សារ​ដដែល​ៗ ​ឲ្យពលរដ្ឋ​គ្រប់គ្នា ​មានការ​ប្រុងប្រយ័ត្ន ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ​និង​ម៉ត់ចត់​។​ ទន្ទឹមនឹងប្រាប់​ឲ្យ​មានការ​គោរព​ជាទូទៅ​នូវ​វិធាន​សុខាភិបាល ​ក្រសួង​ក៏បាន​កត់សម្គាល់​ដែរ​ថា ​បុគ្គល​មានការ​ភ្លេចខ្លួន​ ដែល​បណ្តាល​ឲ្យ​ការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​មាន​ភាព​ធូរលុង ​ជាពិសេស​នៅតាម​ទី​ប្រជុំជន​។

សូម​បញ្ជាក់​ថា មកទល់​ពេលនេះ ​ប្រទេស​កម្ពុជា​មានអ្នកឆ្លង​ជំងឺកូវីដ-១៩ ​សរុប​ចំនួន ​៤៨ ៥៣២ ​នាក់ ​ជាសះស្បើយ​ចំនួន ​៤២ ៧៦៤​នាក់ ​និង​ស្លាប់​សរុប ​៥៥៦​នាក់ ខណៈ​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​ទូទាំង​ប្រទេស​សរុប​ប្រមាណ​៤​លាន​នាក់ ​ស្មើនឹង​ប្រមាណ​៤០​% ​ក្នុងចំណោម​គោលដៅ ​ដែល​ត្រូវចាក់​សរុប​ចំនួន ​១០​លាន​នាក់ ​គិតត្រឹម​យប់​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០២១​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ