អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីបញ្ជាក់ជាថ្មីថា លោក កឹម សុខា មិនពាក់ព័ន្ធនឹងគណបក្សដែលទើបបង្កើតឡើងនោះទេ

ជា​ថ្មី​ម្តង​ទៀត​សហមេធាវី​ការពារ​ក្តី ​លោក​ កឹម សុខា ​បាន​គូស​បញ្ជាក់​ថា​ លោក​ កឹម សុខា ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ឡើង ​និង​គណបក្ស​ដែល​បាន​បង្កើត​រួច​ជាបន្តបន្ទាប់​នោះ​ទេ​។ ការ​ចេញមុខ​បដិសេធ​ជា​ថ្មី​ទៀត​នេះ​ គឺ​ស្រប​ពេល​ដែលអ្នកនយោបាយរបស់​«គណបក្ស​បេះដូងជាតិ»​​កំពុង​ដើរ​បញ្ចុះបញ្ចូលឲ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិមកចូលរួម​ជាមួយក្រុមខ្លួន​ដោយ​អះអាងថា​គណបក្សនេះមានលោក កឹម សុខា នៅពីក្រោយ។

លោកកឹម សុខា និងក្រុមសហមេធាវីការពារក្តីរបស់ខ្លួន
លោកកឹម សុខា និងក្រុមសហមេធាវីការពារក្តីរបស់ខ្លួន © សហការី
ផ្សាយពាណិជ្ជកម្ម

នៅអំឡុងពេលនេះ អស់លោកដែលបង្កើតបក្សថ្មី «គណបក្សបេះដូងជាតិ» បានទៅដល់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។ ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះបាននិយាយបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោក កឹម សុខា ឲ្យបង្កើត លោក កឹម សុខា នៅពីក្រោយខ្នង លោក កឹម សុខា បានបើកភ្លើងខៀវហើយ ...។ល ។ នេះជាការកត់សំគាល់របស់​មេធាវី លោក កឹម សុខា កាលពីថ្ងៃទី២៩ ខែមិថុនាថ្មីៗនេះ។

ប៉ុន្តែដើម្បីកុំឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញទាំងអស់នោះ លោក ចាន់ ចេន សហមេធាវីការពារក្តី​លោក កឹម សុខា បានគូសបញ្ជាក់សារជាថ្មីថា លោក កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយជាសាធារណៈជាច្រើនលើក ច្រើនសារមកហើយថា លោកមិនគាំទ្រក្រុមណាមួយឲ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នង ក្រុមណាមួយ តាំងពីពេលមុន​ក៏ដូចជាពេលនេះដែរ។

សូមបញ្ជាក់ថា គណបក្សបេះដូងជាតិ ដែលមាន លោក សៀម ភ្លុក ជាស្ថាបនិក និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិដែរនោះ ទើបត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ក្រៅពីគណបក្សថ្មីចុងក្រោយនេះ គឺមានគណបក្សមួយចំនួន​ទៀត ដែល​ត្រូវបាន​បង្កើតឡើងចាប់តាំងពីក្រោយការរំលាយគណបក្សសង្គ្រោះជាតិមក ដូចជា គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរ​ស្រឡាញ់ជាតិ និងគណបក្សកែទម្រង់កម្ពុជា។

​បើតាម លោក ផែង ហេង ជាសហ​មេធាវីម្នាក់ទៀត​របស់ ​លោក កឹម សុខា បើគ្មានដំណោះស្រាយនយោបាយជាតិរួមទេ ទោះមានបក្សច្រើន បក្សល្អៗយ៉ាងណា ក៏មិនមានន័យសម្រាប់ដំណើរការប្រជាធិបតេយ្យនោះដែរ។ លោក​អះអាងថាមានតែសម្លៀងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាទេ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច អធិបតេយ្យ និងបូរណភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ