អានតួអត្ថបទ
កម្ពុជា-សង្គម

៣ឆ្នាំជាប់ៗគ្នា៖ កម្ពុជាត្រូវបានអាមេរិកដាក់ចំណាត់ថ្នាក់មិនល្អក្នុងបញ្ជីតាមដានការប្រឆាំងការជួញដូរមនុស្ស

ចាប់​តាំង​ពី​ឆ្នាំ​២០១៩មក​ កម្ពុជា​បន្ត​ជាប់​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស​របស់​សហ​អាមេរិក ក្នុងចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​​បញ្ជី​តាម​ដាន​។ របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​២​កក្កដា​ម្សិលមិញ​នេះ​ បង្ហាញ​ថា ​នៅ​ក្នុង​បញ្ហា​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២១​​នេះ កម្ពុជា​នៅតែមិន​បានគោរពបានពេញលេញ​តាម​បទ​ដ្ឋាន​អប្បប​រមា ក្នុង​ការ​លុបបំបាត់​ការ​ជួញ​​​ដូរ​មនុស្សនោះ​​​ឡើយ​។

រូបភាពតំណាងនៃការជួញដូរមនុស្ស
រូបភាពតំណាងនៃការជួញដូរមនុស្ស © សហការី
ផ្សាយពាណិជ្ជកម្ម

មានការប្រឹងប្រែងពិតមែន​ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា​នៅតែមិនបានចាត់វិធានការដល់កម្រិតស្តង់ដារអប​ប្បរមាក្នុងការកម្ចាត់ការជួញដូរមនុស្សទេ។ នេះបើយោងតាមរបាយការណ៍​ក្រសួងការបរទេសសហរដ្ឋអាមេរិក «ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សាកល​លោក​ឆ្នាំ២០២១»។

របាយការណ៍ចុងក្រោយដែលក្រសួងការបរទេសទើបនឹងចេញផ្សាយនេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាគ្មាន​គណនេយ្យភាព ​គ្មានឆន្ទៈ​​​នយោបាយក្នុ​​​ងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្សនោះទេ​ រួម​នឹង​កង្វះប្រព័ន្ធ​បង្ការ​បទល្មើសជាដើម​។ លើសពីនេះ រដ្ឋាភិបាលហាក់​ទម្លាក់កិច្ចគាំពារ​ជនរងគ្រោះរំលោភបំពានដោយការជួញដូរ​​ ទៅ​លើក្រុម​អង្គការសង្គមស៊ីវិលដែលជាដៃគូទៅវិញ​។ សកម្មភាពនេះហើយដែលធ្វើអោយកម្ពុជា​បន្តជាប់ក្នុងកម្រិតពីរ​ «Tier 2 Watchlist» ស្ថិតក្នុងបញ្ជីតាមដានបីឆ្នាំជាប់ៗគ្នា។

លោកស្រី ​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស នៅថ្ងៃទី​៣មិថុនានេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថា កន្លងមក​ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង​យ៉ាង​​មោះមុត ​​ក្នុងកិច្ចការ​ប្រយុទ្ធនឹងការជួញដូរមនុស្ស មិនថា​ក្នុងឬក្រៅប្រទេស។ ជាពិសេស បើទោះបីជាកម្ពុជាស្ថិតនៅក្នុងបរិបទកូវីដ១៩នេះក្តី​។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ គិតត្រឹមពេលនេះ រដ្ឋាភិបាលបានចាត់ការលើការជួញដូរមនុស្សក្នុងរូបភាព​ទេសន្តរប្រវេសន៍សរុបជាង ១៥០០០០ករណីហើយ។

លោក​ស្រី​ ជូ ប៊ុនអេង អះអាងថា ​ រ​ដ្ឋាភិបាលបាន​​ផ្ដន្ទាទោស​ជនល្មើស​ដោយ​មិន​រើស​មុខ ក្នុងនោះមានទាំងមន្ត្រី​ជាន់ខ្ពស់ក្នុងជួរកម្លាំងប្រដាប់អាវុធ​ទៀត​ផង ដែលត្រូវបានបញ្ជូនទៅកាន់តុលាការច្រើនជាងឆ្នាំមុនៗទៅទៀត។ ​ គួរជម្រាបថា ក្នុងរយៈពេល​៦ខែដើម​ឆ្នាំ​២០២១ ការបង្ក្រាប​ការ​ជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងជាង១០០ករណី ធៀបនឹងរយៈពេលដូចគ្នា​ ក្នុងឆ្នាំ២០១៩ ដែលមានត្រឹមតែជិត១០០ករណីប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ