អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោក ង៉ោ ម៉េងជ្រួន៖ កម្ពុជាជាអ្នកបញ្ជាទិញក្តារមឈូសពីប្រទេសថៃ មិនមែនថៃផ្តល់ជូននោះទេ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បានគូសបញ្ជាក់​នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាល​កម្ពុជា​ ជាអ្នក​បញ្ជាទិញ​ក្តារ​មឈូស​ពីប្រទេស​ថៃ​ ​សម្រាប់​អ្នក​ស្លាប់​ដោយសារកូវីដ-១៩ ពោល​មិន​មែន​ប្រទេស​ថៃ ​ជាអ្នក​ផ្តល់ជូន​នោះឡើយ។ ការបញ្ជាក់របស់​អាជ្ញាធរខ្មែរជាប់ព្រំដែន​យ៉ាងដូច្នេះ គឺបន្ទាប់ពីមានការ​ផ្សព្វផ្សាយថា ប្រទេសថៃ​ប្រគល់​ជូន​នូវ​ក្តា​រ​មឈូសប្រមាណ ២០០ ដល់​កម្ពុជា ខណៈកម្ពុជាមានអ្នក​ស្លាប់​​ដោយសារកូវីដ-១៩ ​ជាបន្តបន្ទាប់។

ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យ
ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

ប្រាប់វិទ្យុ​បារាំង​អន្តរជាតិRFI តាមទូរស័ព្ទ នៅថ្ងៃទី៥ ខែកក្កដានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ បានឲ្យ​ដឹងថា តាមគម្រោង​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានបញ្ជាទិញ​ក្តា​រមឈូស​ពីប្រទេសថៃ​ចំនួន ៣០០០ ​សម្រាប់​ដាក់​អ្នក​ស្លាប់​ដោយសារជំងឺ​កូវីដ-១៩ នៅកម្ពុជា។ ប៉ុន្តែ​លោក​បដិសេធ​មិនប្រាប់​ពីចំនួន​ក្តារមឈូស ដែលបាន​ដឹកមកដល់​កម្ពុជាហើយនោះទេ។

កាលពីសប្តាហ៍មុន ​មានការផ្សព្វផ្សាយតាម​បណ្តាញសង្គមថា ប្រទេសថៃ​ផ្តល់​ក្តារមឈូស​ចំនួន ២០០​​ ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​លោក ង៉ោ ម៉េង​ជ្រួន បាន​បដិសេធ​ព័ត៌មាននេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែ​កក្កដា បានបញ្ជាឲ្យទិញក្តារមឈូស មកទុកនៅតាមមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដសម្រាប់ជួយដល់សាច់ញាតិអ្នកជំងឺ ដែលបានស្លាប់ដោយសារកូវីដ-១៩ ដែល​មិន​មានលទ្ធភាព។ លោក ហ៊ុន សែន អះអាងថាធ្វើបែបនេះគឺ ដើម្បីគោរពចំពោះសាកសពនៃអ្នកជំងឺ មិនមែនជាការប្រមាថជីវិតរបស់មនុស្សទេ។

ក្រៅពីបញ្ជាឲ្យទិញ​ក្តារមឈូស លោកប្រមុខរដ្ឋាភិបាល ក៏បានណែនាំ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបញ្ចេញឈើ ដែលបានចាប់រឹបអូសកន្លងមកសម្រាប់ធ្វើក្តារមឈូស​ផងដែរ។

បើតាមអាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ មានពលករខ្មែរ​ចន្លោះពី​១៥០ ទៅ​២០០​នាក់ ក្នុងមួយថ្ងៃ បាន​វិល​ចូល​ប្រទេស​កម្ពុជាវិញ នៅគ្រាដែល​ប្រទេសថៃ​កំពុង​ផ្ទុះឡើង​កូវីដ-១៩ ជាពិសេសកូវីដបំប្លែង​ខ្លួនថ្មី​ប្រភេទ​ Delta ហើយ​ថា ការ​គ្រប់គ្រង​ពលករឆ្លងដែនតាម​ខេត្ត​បន្ទាយមានជ័យ គឺ​ឈានដល់​កម្រិតថ្នាក់ជាតិហើយ។

បើតាមក្រសួង​សុខាភិបាល យ៉ាងហោចណាស់​មានពលករ​ខ្មែរ​ចំនួន ២៣​នាក់ ​ត្រូវបាន​រកឃើញថា ឆ្លង​កូវីដ-១៩ ​ប្រភេទថ្មី Delta ខណៈពួកគេភាគច្រើន​វិលមកពីប្រទេសថៃតាម​ច្រក​អូស្មាច់ខេត្ត​ឧត្តរមានជ័យ និង​​មួយចំនួនចូលតាមច្រកអូបីជាន់ខេត្តបន្ទាយមានជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ