អានតួអត្ថបទ
កម្ពុជា-សត្វព្រៃ

ទូតអង់គ្លេសចេញមុខបង្ហាញការខកចិត្តដែលសត្វតោត្រូវបានអាជ្ញាធរកម្ពុជាប្រគល់ទៅម្ចាស់យកទៅចិញ្ជឹមក្នុងផ្ទះវិញ

បន្ទាប់ពី​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បានប្រកាស​អនុញ្ញាត​ឱ្យម្ចាស់សត្វតោ​អាចយកតោ​របស់ខ្លួន​ទៅចិញ្ចឹម​នៅផ្ទះវិញបាន​ គឺមានប្រតិកម្ម​ជាច្រើន​នៅតាមបណ្តាញ​សង្គមមាន​ទាំងសាទរគាំទ្រ​ផង​ និងសម្តែង​ការខកចិត្តផង​។​ ក្នុងនោះ​ក៏មានឯកអគ្គរាជទូត​របស់​អង់គ្លេស​ប្រចាំនៅកម្ពុជា​ផងដែរ​។​ បើតាមឯកអគ្គរាជទូត​របស់​អង់គ្លេស​ ការប្រគល់​សត្វតោទៅឱ្យ​ម្ចាស់យកទៅ​ចិញ្ចឹម​នៅក្នុងផ្ទះវិញនេះ​ គឺប៉ះពាល់ដល់​ច្បាប់ការពារ​សត្វព្រៃ ​និងការធ្វើពាណិជ្ជកម្ម​លើសត្វ​ជិតផុតពូជ​។

សត្វតោដែលទើបតែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅរស់នៅជាមួយម្ចាស់របស់ខ្លួនវិញ
សត្វតោដែលទើបតែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅរស់នៅជាមួយម្ចាស់របស់ខ្លួនវិញ © សហការី
ផ្សាយពាណិជ្ជកម្ម

គឺនៅតាមបណ្តាញសង្គមធ្វីតទ័រ លោកស្រី Tina Redshaw ឯកអគ្គរាជទូតរបស់អង់គ្លេសប្រចាំនៅកម្ពុជាបានសម្តែងនូវការខកចិត្តដែលសត្វតោមួយក្បាលដែលត្រូវបានរឹបអូសពីម្ចាស់នៅក្នុងរាជធានីភ្នំពេញត្រូវបានប្រគល់ទៅឱ្យម្ចាស់យកទៅចិញ្ចឹមវិញ។ លោកស្រី Tina Redshaw បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺប៉ះពាល់ដល់ច្បាប់ការពារម្ចាស់កម្មសិទ្ធិរបស់កម្ពុជា និងការធ្វើពាណិជ្ជកម្មទៅលើសត្វព្រៃដែលជិតផុតពូជ។ មិនតែប៉ុណ្ណោះ លោកស្រីឯកអគ្គរាជទូតអង់គ្លេសក៏បានអះអាងថា វាក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។

សត្វតោមួយក្បាលឈ្មោះថា«ហ៊ីម៉ា»របស់ជនជាតិចិនរស់នៅក្នុងរាជធានីភ្នំពេញត្រូវបានប្រគល់ជូនម្ចាស់វិញហើយកាលពីរសៀលថ្ងៃចន្ទ បន្ទាប់ពីបានអាជ្ញាធរកម្ពុជាបានរឹបអូសយកទៅចិញ្ចឹមនៅ​ឯសួនសត្វភ្នំតាម៉ៅក្នុងខេត្តតាកែវ។ បើតាមអាជ្ញាធរកម្ពុជា ការចិញ្ចឹមសត្វតោដែលជាសត្វព្រៃដ៏កម្រនេះ គឺច្បាប់របស់កម្ពុជាពុំអនុញ្ញាតនោះឡើយ។ ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាសម្តែងការអាណិតអាសូរ និងអំពាវនាវឱ្យអាជ្ញាធរប្រគល់សត្វតោនេះដល់ម្ចាស់វិញ ព្រោះពួកគេគិតដោយខ្លួនឯង និងតាមអារម្មណ៍ថា សត្វតោនេះ ជាសត្វចិញ្ចឹមដែលមិនខុសច្បាប់នោះទេ។

ក្រោយមក គឺកាលពីថ្ងៃទី០៤ ខែកក្កដា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមកអន្តរាគមន៍ដោយអនុញ្ញាតឱ្យម្ចាស់យកសត្វតោនេះទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ក៏ប៉ុន្តែ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការមិនពេញចិត្តសោះឡើយចំពោះរឿងនេះ។ លោកស្រីចក់ សុភាព បានជំរុញ​ឱ្យមានស៊ើបអង្កេតលើការនាំយកសត្វតោនេះមកដល់ប្រទេសកម្ពុជា និងឱ្យមានការសិក្សាពីច្បាប់របស់កម្ពុជាឱ្យច្បាស់។ សម្រាប់លោកស្រីចក់ សុភាព ការយកសត្វមកចិញ្ចឹម គឺមិនមែនជាទង្វើនៃក្តីស្រឡាញ់ទេ ព្រោះបានបំបែបវាពីមេរបស់វា ហើយមានការដកចង្កូម និងក្រចកថែមទៀត។

កាលពីថ្ងៃទី០១ ខែកក្កដា អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានលើកឡើងថា សត្វតោជាប្រភេទសត្វព្រៃ វាមិនអាចក្លាយជាសត្វស្រុកបានឡើយ បានន័យថា ផ្ទះឯកជនមិនមែនជាកន្លែងសមរម្យសម្រាប់សត្វព្រៃទេ។ នៅពេលសត្វតោពេញរូបរាង វាអាចប្រែជាកាចសាហាវទៅកាន់ម្ចាស់ ហើយនឹងអ្នកដទៃ។ បើតាមអង្គការនេះ ការចិញ្វឹមសត្វព្រៃនៅក្នុងផ្ទះអាចបង្កគ្រោះថ្នាក់ដល់សាធារណជន ហើយជាទង្វើទារុណកម្មឃោរឃៅ ដូចជាការកាត់ចង្កូម និងកាត់ក្រញ៉ាំសត្វតោនេះដែលមិនមែនជាដំណោះស្រាយឡើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានសង្កត់ធ្ងន់ថា ម្ចាស់សត្វតោបាននិយាយថាគាត់ចាត់ទុកសត្វតោនេះដូចជាគ្រួសារ ប៉ុន្តែនេះមិនសមជាទង្វើដែលគួរធ្វើទៅលើសមាជិកគ្រួសារទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ