អានតួអត្ថបទ
កម្ពុជា-សង្គម

ព្រះចៅអធិការវត្តថៃបញ្ជាក់ថាការសង់ប្រាសាទថ្ម មិនបានលួចចម្លងប្លង់ ឬស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរខ្មែរទេ

ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​នៅថ្ងៃទី០៧​ ខែកក្កដានេះ ​បានប្រកាស​ព័ត៌មាន​បឋមថា​ សំណង់​ប្រសាទថ្ម ​ដែលបានសាងសង់​នៅក្នុងវត្តមួយ​នៃខេត្តបុរីរម្យរបស់ថៃ ​មិនត្រូវបានធ្វើឡើង​ដោយចម្លង​តាមរចនាបថ ​ស្ថាបត្យកម្ម​ដូចប្រាសាទអង្គរវត្ត​នោះទេ។​ ការចេញផ្សាយ​របស់ក្រសួង​វប្បធម៌​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​កម្ពុជា​ប្រចាំប្រ​ទេសថៃ ​បានចុះទៅស្រាវជ្រាវ​ដោយផ្ទាល់​នៅទីតាំងសំណង់​ ដែលសង្ស័យថា​ជាការសាងសង់​ប្រាសាទថ្មីមួយ​ ដោយចម្លងតាម​រចនាបថ​ប្រាសាទអង្គរវត្ត​របស់កម្ពុជា។​

ប្រសាទដែលកំពុងសាងសង់ឡើងនៅប្រទេសថៃ ដែលត្រូវបានភាគីខ្មែរសង្ស័យថាលូចចម្លងតាមរចនាបទប្រាសាទអង្គរវត្ត
ប្រសាទដែលកំពុងសាងសង់ឡើងនៅប្រទេសថៃ ដែលត្រូវបានភាគីខ្មែរសង្ស័យថាលូចចម្លងតាមរចនាបទប្រាសាទអង្គរវត្ត © FB
ផ្សាយពាណិជ្ជកម្ម

ក្រោយពីក្រសួងវប្បធម៌បានបញ្ជាឲ្យមានការស្រាវជ្រាវជាបន្ទាន់ បន្ទាប់ពីមានការផ្សព្វផ្សារតាមបណ្តាញសង្គមនានា ជុំវិញការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ របស់ថៃ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានរកឃើញបឋមចំនួន៣ចំណុច ក្នុងនោះមានសំណង់ប្រាសាទរបស់ថៃ ដែលកំពុងសាងសង់នេះ គឺជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មីដទៃទៀត មានភាពចម្រុះ ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា។ សំណង់នេះធ្វើអំពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។ នេះបើតាមក្រសួងវប្បធម៌។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះ គឺមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមាននៅក្នុងតំបន់នោះ។

ទន្ទឹមគ្នានឹងការអះអាងដូចនេះ តំណាងអ្នកសម្របសម្រួល នៃគម្រោងសា្ថបនាប្រាសាទក៏សា្វគមន៍ក្នុងការទទួលស្នើឲ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។ នេះបើតាមព័ត៌មានដែលក្រសួងវប្បធម៌ទទួលបានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដំណឹងនៃការសាងសង់ប្រាសាទថ្មរបស់ថៃ ដោយសង្ស័យថាជាការចម្លងតាមប្រាសាទអង្គរវត្តកម្ពុជា ឬប្រាសាទអង្គរវត្តចម្លងដ៏ធំជាងគេនៅលើពិភពលោក ត្រូវបានបណ្តាញសង្គម ជាពិសេសហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាបង្ហោះ ចែករំលែកតៗគ្នាយ៉ាងព្រោងព្រាធ។ មហាជនខ្មែរ បានសម្តែងនូវការព្រួយបារម្ភប្រសិនបើមានការសង់ប្រាសាទចម្លងតាមអង្គរវត្តមែន និងស្នើឲ្យអាជ្ញាធរខ្មែរ ធ្វើការទប់ស្កាត់ និងត្រៀមលក្ខណៈការពារសិទ្ធិប្រាសាទអង្គរវត្តតាមច្បាប់អន្តរជាតិ។

ទោះយ៉ាងណាក្រសួងវប្បធម៌កម្ពុជា ក៏បានបញ្ជាក់ដែរថា ក្រសួងបានធ្វើការ ហើយនឹងបន្តតាមដានការងារនេះដោយយកចិត្តទុកដាក់ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ