អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ខេត្តឧត្តរមានជ័យរកឃើញពលករវិជ្ជមានកូវីដ១៩ចន្លោះពី៥០-៧០នាក់ជាប្រចាំ ខណៈខេត្តកំពុងប្រឈមនឹងការខ្វះទីតាំងព្យាបាល

ក្រោយពីមាន​ការផ្ទុះរាលដាល​ជាថ្មីនៃ​ជំងឺកូវីដ-១៩​នៅប្រទេសថៃ​ ខេត្តឧត្តរមានជ័យ​តាមច្រកព្រំដែន​អូរស្មាច់​បាននិងកំពុង​ទទួលពលករ​ខ្មែរចូលមកវិញ​ជាប្រចាំថ្ងៃ​ចន្លោះពី២០០​ទៅ៣០០នាក់​។​ បើតាមលោកឌី រ៉ាដូ ​អភិបាលរង​ខេត្តឧត្តរមានជ័យ​ប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ឲ្យដឹងនៅល្ងាច​ថ្ងៃសុក្រនេះថា​ ក្នុងចំណោម​ពលករ​២០០ទៅ៣០០នាក់​ជាប្រចាំថ្ងៃ​នោះ រកឃើញមានអ្នកវិជ្ជមាន​កូវីដ-១៩​ប្រមាណពី​៥០ទៅ៧០នាក់។​ ​ប្រឈមនឹងការត្រលប់​មកវិញ​នៃពលករ​ជាកំហុក​ លោកបានឲ្យដឹងថា​ខេត្តកំពុង​ប្រឈមនឹង​ការខ្វះទីតាំង​សម្រាប់​ធ្វើចត្តាឡីស័ក ​និងសម្រាក​ព្យាបាល​។

ការរិតបន្តឹងច្រកព្រំដែនអូស្មាច់កាលពីពេលកន្លងមក
ការរិតបន្តឹងច្រកព្រំដែនអូស្មាច់កាលពីពេលកន្លងមក © FN
ផ្សាយពាណិជ្ជកម្ម

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ជាតួលេខគិតត្រឹមថ្ងៃទី៤កក្កដា មានពលករខ្មែរចំនួន២២៣៤នាក់កំពុងធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅទីតាំងមណ្ឌលទាំង២៣នៅក្នុងខេត្តឧត្តរមានជ័យ។ ពួកគេត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដោយមានការត្រួតពិនិត្យ និងយកសំណាកជាប្រចាំពីសំណាក់មន្រ្តីជំនាញនៅច្រកព្រំដែន។

ក្នុងចំណោមនោះ ជាប្រចាំថ្ងៃមានពលករយ៉ាងហោចណាស់ពី៥០ទៅ៧០នាក់រកឃើញថាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស។ ក៏ប៉ុន្តែលោកអភិបាលរង បានបញ្ជាក់ថា ពុំអាចដឹងបានទេថាពួកគាត់ទាំងនោះមានវិជ្ជមានជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន«ដែលតា» ឬយ៉ាងណា ព្រោះរាល់សំណាកទាំងអស់ត្រូវដឹកជញ្ជូនយកមកពិនិត្យនៅឯវិទ្យសា្ថនប៉ាស័្ទរភ្នំពេញ។ ទោះជាយ៉ាងនេះក្តីលោកថា អាជ្ញាធរខេត្តបានរៀបចំវិធានការយ៉ាងម៉ត់ចត់ ក្នុងន័យបង្កាហានិភ័យណាមួយកើតឡើង។

កាលពីថ្ងៃទី២៥មិថុនាកន្លងទៅ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីសម្រេចឲ្យខេត្តទាំងអស់នៅតាមតំបន់ព្រំដែនរឹតបន្តឹងការធ្វើចត្តាឡីស័ក និងទទួលអ្នកដំណើរទាំងអស់ឲ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលនៅខេត្តទាំងនោះតែម្តង ដោយមិនឲ្យដឹកជញ្ជូនទៅខេត្តសាមី ដោយសារតែការឃើញជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ«ដែលតា»។

យ៉ាងណាក៏ដោយ ដោយសារតែចំនួនពលករខ្មែរត្រលប់ចូលមកកម្ពុជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ អភិបាលរងខេត្តឧត្តរមានជ័យ លោកឌី រ៉ាដូបានឲ្យដឹងទៀតថា ទីតាំងសម្រាកធ្វើចត្តាឡីស័កនិងព្យាបាលទាំង២៣នៅក្នុងខេត្តកំពុងប្រឈមនឹងសភាពខ្វះខាត។ ស្ថានការណ៍នេះត្រូវបានលោកបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងពិចារណាយកខេត្តជាប់នឹងខេត្តឧត្តរមានជ័យ ធ្វើជាទីតាំងសម្រាកចត្តាឡីស័កនិងព្យាបាលរាល់ពលករដែលចូលមកវិញ។ ជាគោលដៅក្រោយការពិភាក្សា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងអាចយកខេត្តសៀមរាបសម្រាប់ដាក់សម្រាកនិងព្យាបាលបន្ថែម ព្រោះងាយស្រួលក្នុងការចល័តពលករ។

គួរបញ្ជាក់ថា គិតចាប់តាំងពីមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩នៅសាមុតប្រាកានអំឡុងខែធ្នូឆ្នាំ២០២០មក ជាតុល្យការមានពលករខ្មែរត្រលប់ចូលមកកម្ពុជាវិញតាមច្រកព្រំដែនអូរស្មាច់ចំនួន៨២៨២៥នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ