អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

រដ្ឋាភិបាលស្នើឲ្យវិនិយោគបន្ថែមលើចំការឈើដាំ ខណៈឈើធម្មជាតិមិនអាចឆ្លើយតបបាន ដោយសារតម្រូវការឈើខ្ពស់

ការចូលរួម​ដាំឈើ​ដោយវិស័យ​ឯកជន​ជាកត្តា​ចាំបាច់​ក្នុងការ​ជំរុញការសម្រេច​បានគោលដៅ​យុទ្ធសាស្ត្រ​ជាតិលើវិស័យ​ព្រៃឈើ ​ដោយផ្តោតការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅលើការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយនិរន្តរភាព​ តាមរយៈ​កំណែ​ទម្រង់​វិស័យ​ព្រៃឈើ ​ដើម្បី​ផ្តល់ជា​ប្រយោជន៍​ពិតប្រាកដ​សម្រាប់​សេដ្ឋកិច្ច​ សង្គម ​និងបរិស្ថាន​។​ នេះជាការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន ​តាមរយៈ​ហ្វេសប៊ុក​របស់លោក​។​ សំណេរ​របស់លោក​រដ្ឋមន្ត្រី​ចំថ្ងៃរុក្ខទិវាជាតិ​ នៅថ្ងៃនេះ ​ធ្វើឡើងបន្ទាប់ពី​កម្ពុជា​មានតម្រូវការ​ឈើខ្ពស់​ ហើយការផ្គត់ផ្គង់​ឈើធម្មជាតិ​មិនគ្រប់គ្រាន់​ និងធនធាន​ឈើដាំមាន​កំរិតទាប​។

សកម្មភាពនៃការចូលរួមដាំឈើ
សកម្មភាពនៃការចូលរួមដាំឈើ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈសំណេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៩ ខែកក្កដានេះ ដែលជាថ្ងៃបុណ្យរុក្ខទិវានោះ   រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ឲ្យដឹងថាតម្រូវការឈើសម្រាប់សង់ផ្ទះ គ្រឿងសង្ហារឹម ឈើថាមពល នៅតែមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់នៅឡើយពីការប្រើប្រាស់ឈើធម្មជាតិ។

ជាមួយគ្នានេះ ធនធានឈើ ដែលបានមកពីចម្ការឈើដាំ នៅមានកំរិតទាប ដែលនាំឲ្យមានកង្វះខាតឈើដាំសម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្ម ក្នុងរោងចក្រកែច្នៃផលឈើ ជាហេតុធ្វើឲ្យកម្ពុជានាំចូលនូវវត្ថុធាតុដើមឈើពីក្រៅសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ បញ្ហានេះ ចាំបាច់ត្រូវការឲ្យមានវិនិយោគបន្ថែមលើការដាំដុះឈើ ដើម្បីកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងផ្តល់ការងារដល់ពលរដ្ឋចៀសវាងការធ្វើចំណាកស្រុក។

ជាដំណោះស្រាយចំពោះការប្រឈមទាំងអស់នេះ ក្រសួងកសិកម្ម បានជម្រុញឲ្យមានការអភិវឌ្ឍ និងបង្កើតចម្ការឈើដាំ នៅលើផ្ទៃដីទំនេររបស់រដ្ឋ និងដីសម្បទានសេដ្ឋកិច្ចជាដើម ក្រោមរូបភាពសហការរដ្ឋ និងឯកជន ដោយដាំឈើផលិតកម្មលើផ្ទៃដីសរុបជាង ៨៤ ០០០ ហិចតា ស្ថិតនៅក្នុងខេត្ត ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគីរី និងដាំឈើដៃគូជាលក្ខណៈគ្រួសារចំនួន ៣ទីតាំង លើផ្ទៃដីសរុប ៩ ៨០០ហិចតា នៅខេត្តបន្ទាយមានជ័យ។

ក្រសួងកសិកម្ម ក៏បានលើកយកក្រុមហ៊ុនឯកជនដ៏ធំមួយ មកបង្ហាញដែរ គឺក្រុមហ៊ុនស៊ីងបាយអូថេក(ខេមបូឌា) ដែលទទួលបានសិទ្ធិជាដៃគូររបស់ក្រសួងកសិកម្ម ដាំដុះឈើលើផ្ទៃដីសរុបជាង ៣៤ ០០០ ហិចតា ក្នុងនោះមានដើមប្រេងខ្យល់ និងអាកាស្យាជាង ១១ ០០០ហិចតា នៅឆ្នាំ២០២១ និងគ្រោងដាំឲ្យដល់២ម៉ឺនហិចតា នៅឆ្នាំ២០២៤ ខណៈដែលវិសាលភាពក្រុមហ៊ុនគ្រោងដាំឈើឲ្យបាន ៨០ ០០០ ហិចតា នៅឆ្នាំ២០២៥។

ទោះយ៉ាងណា បញ្ហាព្រៃឈើនៅក្នុងប្រទេសកម្ពុជានេះ នៅតែមានការចម្រូងចម្រាស មិនទាន់ចប់ដោយងាយៗទេ រវាងរដ្ឋាភិបាល និងសកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិ ខណៈម្ខាងចោទប្រកាន់ពីការបន្តបំផ្លិចបំផ្លាញព្រៃឈើ ការរំលោភសិទ្ធិដីធ្លី ហើយម្ខាងទៀតព្យាយាមបកស្រាយច្រានចោលការចោទប្រកាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ