អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

កម្ពុជាលោតមកលេខ៦ ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនដោយកូវីដ-១៩ នៅអាស៊ាន

ប្រទេស​កម្ពុជា​បានរំកិល​មួយលេខទៀត​ហើយទៅលើ​ប្រទេស​សិង្ហបុរី​ ជាប្រទេស​ដែលមាន​អ្នកឆ្លង​ និងស្លាប់​ដោយជំងឺ​កូវីដ-១៩​ ច្រើននៅក្នុង​តំបន់​អាស៊ី-អាគ្នេយ៍​(អាស៊ាន​)។ ​ក្នុងចំណោមប្រទេស​ទាំង១០​ នៃសមាគម​អាស៊ាន ​កម្ពុជា​មានចំនួន​អ្នកឆ្លង​ និងស្លាប់​ដោយជំងឺ​កូវីដ-១៩​ លំដាប់ទី៦​ នៅពីលើ​ប្រទេស​សិង្ហបុរីជាលើក​ដំបូង​ កាលពី​ថ្ងៃម្សិលមិញ​ ក្រោយសិង្ហបុរី​ នាំមុខ​ចំនួន​អ្នកឆ្លង​ចាប់តាំងពី​មានការរាត្បាតនៃជំងឺកូវីដ-១៩ ​ជាសកលមក​។

អ្នកដែលពាក់ព័ន្ធករណីកូវីដ១៩នាំគ្នាទៅធ្វើតេស្តជាបន្តនបន្ទាប់
អ្នកដែលពាក់ព័ន្ធករណីកូវីដ១៩នាំគ្នាទៅធ្វើតេស្តជាបន្តនបន្ទាប់ © សហការី
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៤ ៦១១នាក់ និងស្លាប់សរុបឈានដល់លេខ៤ខ្ទង់ជាលើកដំបូងគឺ ១ ០២៥នាក់ ដោយមានអ្នកឆ្លងថ្មីនៅថ្ងៃនេះចំនួន ៩៩៦នាក់ និងស្លាប់ច្រើនបំផុតប្រចាំថ្ងៃមិនធ្លាប់មានចំនួន ៣៩នាក់។

តាមរយៈតួលេខចុងក្រោយនេះ កម្ពុជាបានឈរនៅលំដាប់ទី៦ ពីលើប្រទេសសិង្ហបុរី ដែលធ្លាប់តែមានអ្នកឆ្លងច្រើនជាងកម្ពុជា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ មក។ ប្រទេសសិង្ហបុរី គិតមកត្រឹមថ្ងៃម្សិលមិញ មានអ្នកឆ្លងសរុបចំនួន ៦២ ៨០៤ នាក់ និងស្លាប់សរុបតែ ៣៦នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាបានឈរនៅលំដាប់ទី៦ ទាំងចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ ក្រោមប្រទេសភូមា ដែលមានអ្នកឆ្លងដល់ទៅជាង ២០ម៉ឺននាក់ និងស្លាប់ជាង៤ពាន់នាក់។ រីឯប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេនៅក្នុងចំណោមប្រទេសអាស៊ានវិញ គឺឥណ្ឌូនេស៊ី ដែលមានអ្នកឆ្លងសរុបជាង ២,៦លាននាក់ និងស្លាប់ជិត៧ម៉ឺននាក់ តាមពីក្រោយដោយហ្វីលីពីន ម៉ាឡេស៊ី ថៃ ភូមា និងកម្ពុជា។

ដោយឡែក ប្រទេសប៊្រុយណេ មានចំនួនអ្នកឆ្លងទាបជាងគេគឺ ២៨២នាក់ និងស្លាប់តែ៣នាក់ប៉ុណ្ណោះ ដូចប្រទេសឡាវដែរ តែឡាវមានអ្នកឆ្លងប្រមាណ ៣ពាន់នាក់ ខណៈវៀតណាមនៅពីក្រោមសិង្ហបុរី និងនៅលំដាប់ទី៨លើប្រទេសឡាវ កំពុងប្រឈមនឹងការឆ្លងធ្ងន់ធ្ងរចុងក្រោយនេះ ក្នុងមួយថ្ងៃរាប់ពាន់ករណី។

ជាសរុប ប្រទេសអាស៊ានទាំង១០ មកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ៦លាននាក់ និងស្លាប់សរុបជាង ១១ម៉ឺននាក់ និងមានអ្នកជាសះស្បើយច្រើនដែររហូតដល់ជាង ៤,៨លាននាក់ ខណៈពិភពលោកមានអ្នកឆ្លងសរុបជិត ២០០លាននាក់ និងស្លាប់សរុប ជាង ៤លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ