អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

កម្ពុជា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) ៣៧ករណីថ្មីទៀត!

កម្ពុជា បាន​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) ចំនួន ​៣៧ករណី​ទៀត តាម​រយៈ​​លទ្ធផល​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ពីថ្ងៃទី ៧ ដល់ ១៤កក្កដា។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ នៅ​ល្ងាចថ្ងៃ​សុក្រ ទី ​១៦ខែ​កក្កដា​នេះ។ ចំនួន ៣៧​ករណីថ្មីនេះ ​បានធ្វើឱ្យ​វត្តមាន​វីរុស Delta នៅ​កម្ពុជា កើន​ដល់សរុប ៧៥ករណី គិត​តាំងពីចុងខែមីនាមក។

វីរុសបំប្លែងខ្លួនថ្មីដែលមានឈ្មោះថា ដែលតា
វីរុសបំប្លែងខ្លួនថ្មីដែលមានឈ្មោះថា ដែលតា © Internet
ផ្សាយពាណិជ្ជកម្ម

៣៧ករណីថ្មីនៃវីរុសបំប្លែងខ្លួន Delta ដែល​ក្រសួងសុខាភិបាល បាន​ប្រកាសពីការ​រក​ឃើញនៅពេលនេះ មាន ១៣នាក់ ជាពលករ​​ខ្មែរ ដែល​ធ្វើដំណើរមកពីប្រទេសថៃ ចូល​មក​កម្ពុជា តាម​ច្រក​អូរបីជាន់ និង​អូស្មាច់។ ២១នាក់ទៀត គឺជាពលរដ្ឋ​ខ្មែរ ដែល​ត្រលប់​មក​ពី​ប្រទេសថៃដែរ ដោយ​មាន​ខ្លះ​ចូល​មក​តា​ម​ច្រក​ប៉ោយ​ប៉ែត ខ្លះតាម​ច្រក​អូរស្មាច់ និង​ច្រក​ម៉ាឡៃ។ ចំណែក ៣នាក់ទៀត គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​មក​ដល់​កម្ពុជា តាម​អាកាសយានដ្ឋាន។​

តាមរយៈការ​រកឃើញ​​នេះ ​កម្ពុជាមាន​​អ្នក​មានវិជ្ជមាន​វីរុសកូវីដ ១៩​បំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ជាសរុប​ចំនួន ៧៥នាក់ ដែល​សុទ្ធតែជាករណីនាំចូល គិត​តាំងពីថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២១។

ប្រឈមនឹងកំណើន​កូវីដ ១៩ ប្រភេទ Delta ដែល​ត្រូវបាន​ចាត់ទុក​ដោយ​ពិភពលោក​ទាំងមូល ថា​មានការ​ឆ្លងលឿន​ខ្លាំង និងកាចសាហាវបំផុតនេះ ក្រសួងសុខាភិបាលកម្ពុជា បាន​ក្រើន​រម្លឹក​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្នខ្លួន​ឱ្យ​បានខ្ពស់បំផុត ដោយ​ត្រូវ​ចេះផ្លាស់ប្តូរទម្លាប់​រស់នៅឱ្យ​ស្រប​តាម​ពាក្យ​ស្លោក «រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុសកូវីដ-១៩ តាម​បែប​គន្លងថ្មី ក្នុង​បរិបទ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩» ។ ចំណែក​បុគ្គ​ដែលតម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក ក៏ត្រូវតែគោរព​តាម​គោលការណ៍​ធ្វើចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ តាមការ​ណែនាំរបស់​គណៈកម្មការ​គ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់​ការចម្លង​បន្តគ្នា ក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយ​ធំ។ ជាពិសេស គឺ​សូម​កុំទៅទីតាំង ៣ «ជ» ដែលមានដូចជា កន្លែង​ជួប​ជុំ​មនុស្ស​អ៊ូរអរច្រើន    កន្លែងមនុស្សនៅជិត​ៗគ្នា និង​កន្លែងបិទ​ជិត។

ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បាន​ទាញ​ហានិភ័យ​ចំពោះ​ក្រុម​យុវវ័យ​​ផងដែរ ដោយ​សារមានការ​សង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្ន មានសន្ទុះកើន​ឡើង​លើ​យុវវ័យ ដែល​បានដើរចេញក្រៅផ្ទះច្រើន ឬ មានកា​រជួបជុំ​មិត្តភក្តិ។

គួររម្លឹកជូនថា ក្រោយ​មានការ​រក​ឃើញ​វីរុសកូវីដ ១៩​ប្រភេទបំប្លែងខ្លួន (Delta) រដ្ឋាភិបាល កម្ពុជា បាន​ចេញវិធានាការ​ រឹតបណ្តឹង​នៅតាម​ព្រំដែនគោកកម្ពុជា ជាពិសេស ព្រំដែន​រវាងប្រទេសថៃ និង​វៀតណាម។ កាលពីថ្ងៃទី ១៤ខែកក្កដា រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បិទ​ការ​ឆ្លងដែន​រវាងព្រំដែន កម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី ១៨ខែកក្កដាខាងមុខតទៅ។ ប៉ុន្តែ ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់មានការប្រកាស​បិទការចេញចូលនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ