អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ពលករខ្មែរនៅថៃដែលឆ្លងជំងឺកូវីដ-១៩ កំពុងខ្វះសេវាថែទាំសុខភាព

ពលករខ្មែរ​នៅថៃរាប់​រយនាក់​ កំពុង​ប្រឈម​កង្វះការថែទាំ​យកចិត្តទុកដាក់​ព្យាបាល​ពីសំណាក់​អាជ្ញាធរ​ថៃ ​ខណៈដែល​ពួកគេ​បានឆ្លង​ជំងឺ​កូវីដ-១៩​។​ មន្រ្តី​ទទួលបន្ទុក​ផ្នែកពលករ​របស់អង្គការ​សង់ត្រាល់ ​ប្រាប់វិទ្យុបារាំងអន្តរជាតិ​ ពីប្រទេសថៃ​មកថា ​ស្ថានភាព​ពលករខ្មែរ​ដែលឆ្លង​ជំងឺ​កូវីដ-១៩​នៅពេលនេះ ​ត្រូវដាក់​សម្រាក​ឲ្យព្យាបាល​នៅកន្លែងដែ​លពួកគេស្នាក់នៅ ​ដោយសារ​តែមន្ទីរពេទ្យ​មួយចំនួន​នៅប្រទេសថៃ​ប្រឈម​នឹងសភាព​ចង្អៀតណែន​។

ពលកសំរាកនៅវត្តមួយកន្លែងនៅប្រទេសថៃដើម្បីរង់ចាំធ្វើតេស្តរកកូវីដ១៩
ពលកសំរាកនៅវត្តមួយកន្លែងនៅប្រទេសថៃដើម្បីរង់ចាំធ្វើតេស្តរកកូវីដ១៩ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ទោះបីជាមានការមើលថែខ្លះពីសំណាក់ក្រុមគ្រូពេទ្យក្នុងប្រទេសថៃតាមបណ្តាទីក្រុងមួយចំនួនក្តី ក៏ប៉ុន្តែសម្រាប់ពលករខ្មែរដែលកំពុងរស់នៅទីក្រុងបាងកក កំពុងប្រឈមនឹងស្ថានការណ៍ស្រួចស្រាល់ ដោយសារតែមិនមានស្បៀងអាហារ និងថ្នាំសង្កូវផ្គត់ផ្គង់ នៅខណៈដែលពួកគេកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ និងជំរុំ។ នេះបើតាមការបញ្ជាក់ពីលោកលឹង សុផុន មន្ត្រីអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស Central ប្រាប់វិទ្យុបារាំងអន្តរជាតិពីទីក្រុងឈុនបុរី ប្រទេសថៃនៅថ្ងៃចន្ទទី១៩កក្កដានេះ។ បើតាមលោកលឹង សុផុន ពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ ជាពលករធ្វើការតាមការដ្ឋានសំណង់ដែលភាគច្រើនពួកគេមិនមានឯកសារគ្រប់គ្រាន់ ទើបថៅកែក្រុមហ៊ុន និងក្រុមគ្រូពេទ្យមិនអើពើ។

ស្ថិតក្នុងស្ថានការណ៍ពិបាកគ្រប់គ្រង ដែលមានចំនួនអ្នកឆ្លងជាប្រចាំថ្ងៃរាប់ម៉ឺននាក់ ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្តង ក្រសួងការងារថៃកាលពីថ្ងៃទី៥កន្លងទៅ បានចេញនូវសេចក្តីសម្រេចក្នុងការបញ្ឈប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ទៅលើពលករប្រមាណ៣ម៉ឺននាក់ ដែលរួមមានទាំងពលករខ្មែរ។ តាមសេចក្តីសម្រេច គឺដោយសារតែមន្ទីរពេទ្យថៃកំពុងប្រឈមខ្វះខាតបរិក្ខាវេជ្ជសាស្រ្ត និងកន្លែងដាក់សម្រាកព្យាបាលថ្ងៃជំងឺកូវីដ-១៩។

លោក ហ្វីល រ៉ូប៊ឺតសុន នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរលើបណ្តាញធ្វីតធ័ររបស់ខ្លួន កាលពីថ្ងៃពុធកន្លងទៅថា នេះជាការរើសអើងនិងរំលោភបំពានលើសិទ្ធិទទួលបានការព្យាបាលរបស់ជនចំណាកស្រុកនៅក្នុងប្រទេសថៃ។ ដោយលោកចាត់ទុកថា នេះជាសកម្មភាពមួយគួរឲ្យស្អប់ខ្ពើមនិងមិនអាចទទួលយកបាន។

តាមរយៈស្ថានការណ៍កាន់តែស្រួចស្រាល់នេះ លោកលឹង សុផុន ក៏បានឲ្យដឹងដែរថា ពលករខ្មែរបច្ចុប្បន្នកំពុងស្វះស្វែងរកដំណោះស្រាយ និងការអន្តរាគមន៍តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យពួកគេអាចទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យថៃ និងម្យ៉ាងទៀតអាចជួយសម្រួលពួកគេអាចត្រលប់ចូលមកកម្ពុជាវិញ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ បច្ចុប្បន្នកម្ពុជាមានពលករជាង១លានកំពុងរស់នៅប្រកបរបបនៅប្រទេសថៃ ក្នុងបរិការណ៍កូវីដ-១៩។ ចំនួននេះមានការថយចុះជាង១លាននាក់ ដោយសារពួកគេខ្លះបានត្រលប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ