អានតួអត្ថបទ
កម្ពុជា-ច្បាប់

ទូតចិនទាត់ចោលការចោទប្រកាន់របស់អាមេរិក ដែលថា ក្រុមHackerចិនបានលួចទិន្នន័យពីក្រសួងការបរទេសកម្ពុជា

អ្នកនាំពាក្យ​ស្ថានទូត​ចិនប្រចាំ​នៅកម្ពុជា​ កាលពីយប់​ថ្ងៃព្រហស្បតិ៍​បានចេញមក​ទាត់ចោល​ចំពោះកាចោទប្រកាន់​របស់អាមេរិក ​ដែលបានអះអាងថា​ ក្រុមHacker​ចិនបានចូល​លួចទិន្នន័យ​ទន្លេមេគង្គ​ពីក្រសួងការបរទេស​កម្ពុជា​។​ ការចោទ​ប្រកាន់​របស់​អាមេរិក​នេះ ​ត្រូវបានចុះផ្សាយ​ដោយសារព័ត៌មាន​Reuters ​កាលពី​ថ្ងៃទី២២ ​ខែកក្កដា។​ អ្នកនាំពាក្យ​ស្ថានទូតចិន​ បានចាត់ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះថាមិនពិត​ មិនសមហេតុផល​ និងជាការនិយាយ​បំផ្លើស​បំភ្លៃ ​ដែលបង្កើត​ឡើងដោយ​អាមេរិក​។

ការលួចHack តាមប្រព័ន្ធបច្ចេកវិទ្យា (រូបតំណាង)
ការលួចHack តាមប្រព័ន្ធបច្ចេកវិទ្យា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈអ្នកនាំពាក្យ បានចេញមកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងប្រកាសប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់ក្រសួងយុត្តិធម៌អាមេរិកតាមរយៈសារព័ត៌មានអង់គ្លេសReutersថា ក្រុមHackerចិន បានចូលលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា។

សារព័ត៌មានReuters នៅថ្ងៃទី២២ ខែកក្កដា បានសរសេរផ្សាយថា កម្ពុជា គឺជាប្រទេសគោលដៅមួយក្នុងចំណោមគោលដៅផ្សេងៗនៃការចូលលួចទិន្នន័យរបស់ក្រុមHackerចិន ។ ​Reuters  សរសេរថា ក្រុមHackerចិន បានចូលលួចទិន្នន័យនៅក្រសួងការបរទេសកម្ពុជាដែលត្រូវបានបង្ហាញឱ្យដឹងថា ជាទិន្នន័យនៃពិភាក្សាគ្នារវាងចិន និងកម្ពុជាជុំវិញការប្រើប្រាស់ទន្លេមេគង្គកាលពីខែមករា ឆ្នាំ២០១៨។

សារព័ត៌មានReuters ក៏បានចុះផ្សាយឱ្យដឹងដោយដកស្រង់ពីក្រសួងយុត្តិធម៌អាមេរិកថា ជនជាតិចិន៤នាក់ ក្នុងនោះ៣នាក់ ជាមន្រ្តីសន្តិសុខ និងម្នាក់ជាHackerជាប់កិច្ចសន្យាត្រូវបានចោទប្រកាន់នៅអាមេរិកពីបទប៉ុនប៉ងវាយប្រហារទៅលើក្រុមហ៊ុន សាកលវិទ្យាល័យ និងភ្នាក់រដ្ឋាភិបាលនៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស។ បើតាម​Reuters ក្រុមHackerចិនទាំងនេះជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឈានមុនមួយ ដែលគ្រប់គ្រង​ដោយសន្តិសុខរដ្ឋរបស់ចិននៅខេត្តហៃណាន ដែលជាខេត្តដីកោះចិនមួយនៅក្បែរអាស៊ីអាគ្នេយ៍។

ប៉ុន្តែ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឆ្លើយតបវិញថា ការផ្សព្វផ្សាយរបស់Reutersនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ និងមានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែង និងភាពសមហេតុផល។ បើតាមស្ថានទូតចិន  គឺភាគីចិនប្រឆាំង និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។

ជាមួយគ្នានេះ ស្ថានទូតចិនបានចោទអាមេរិកថា គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយថា អាមេរិកមិនលើកលែងឡើយសូម្បីតែសម្ព័ន្ធមិត្តរបស់ខ្លួន។ ស្ថានទូតចិនបានគូសបញ្ជាក់ថា ការទុកចិត្តលើអាមេរិកលើបញ្ហាសន្តិសុខអ៊ីនធើណេត ត្រូវបានបាត់បង់យូរមកហើយ ដោយប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេស​ផ្ដាស គឺចោរស្រែកចាប់ចោរ ហើយញុះញង់គេឯង។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសកម្ពុជា មិនទាន់អាចទាក់ទងសុំធ្វើអត្ថាធិប្បាយបាននៅឡើយទេនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ