អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី​ថា លោក​កឹម សុខា មិន​គាំទ្រ និង​មិន​ពាក់ព័ន្ធ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​របស់​លោកសម រង្ស៊ី

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​មេធាវី កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី​០៧​សីហា បាន​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ ​និង​មិន​ពាក់ព័ន្ធ​ឡើយ នៅ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​ក្រៅ​ប្រទេស របស់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី កាល​ពី​ខែ​មុន បាន​ចេញ​មក​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដូច​ទៅ​នឹង​ករណី​នៅ​ក្នុង​ប្រទេស​ភូមា​។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ © BUNNARITH
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​មិន​ពាក់ព័ន្ធ មិន​គាំទ្រ និង​មិន​ចូល​រួម​ក្នុង​ការ​គ្រោង និង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​ប្រកាស​ដោយ​លោក​សម រង្សី កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទេ។ ការ​ប្រកាស​របស់​លោក​កឹម សុខា នេះ ត្រូវ​បង្ហាញ​ឱ្យ​ដឹង​ជា​សាធារណៈ​ដោយ​លោក ចាន់ ចេន ជា​មេធាវី និង​ជា​សហការី​ម្នាក់​របស់​លោក​កឹម សុខា តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​សៅរ៍​។ មិន​តែ​ប៉ុណ្ណោះ លោក​មេធាវីចាន់​ ចេន ថែម​ទាំង​គូស​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា លោក​កឹម សុខា ក៏​មិន​អនុញ្ញាត​ឱ្យ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ​ប្រាស់ និង​ភ្ជាប់​ជាមួយ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​ក្រៅ​ប្រទេស​របស់​លោក​សម រង្ស៊ី ដែរ។

លោក​សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា បាន​ចេញ​មក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ពិចារណា​អំពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ថ្មី​មួយ​នៅ​កម្ពុជា​ជាមួយ​រូប​លោក​។ លោកសម រង្ស៊ី ចង់​ឱ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​នេះ ឱ្យ​ដូច​នៅ​ក្នុង​ប្រទេស​ភូមា​អ៊ីចឹង​ដែរ​។ រំលង​បាន​២ថ្ងៃ លោក​ក៏​បាន​ចេញ​មក​អំពាវនាវ​ម្តង​ទៀត តែ​ម្តង​នេះ គឺ​អំពាវនាវ​ដល់​កងកម្លាំង កង​ប្រដាប់​អាវុធ ឱ្យ​ចូល​រួម​ជាមួយ​លោក​។ បើ​តាម​លោកសម រង្ស៊ី ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នា​ពេល​នេះ គឺ​ជា​ពេល​អំណោយផល​នៃ​ស្ថានការណ៍​អន្តរជាតិ ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ដែល​លោក​សម រង្ស៊ី អះអាង​ថា ផ្តាច់ការ ពុក​រលួយ និង​ក្បត់​ជាតិ ដឹកនាំ​ដោយ​លោក​ហ៊ុន សែន។

ចំពោះ​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​ចាត់​ទុក​ថា វា​គ្រាន់​តែ​អាច​បង្កើត​បាន​ត្រឹម​តែ​ជា​រដ្ឋាភិបាល​នៅ​ក្នុង​អារម្មណ៍​ប៉ុណ្ណោះ ហើយ​លោក​ថា អ្នក​ដែល​ឡើង​ធ្វើ​ជា​ប្រធាន​រដ្ឋាភិបាល​នេះ នឹង​ត្រូវ​ឯកោ​ពី​ពិភពលោក​។ លោក​សុខ ឥសាន ក៏​ធ្លាប់​បាន​គូស​បញ្ជាក់​នា​ពេល​កន្លង​មក​ថា ករណី​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា គឺ​មិន​ដូច​គ្នា​សូម្បី​តែ​បន្តិច​ឡើយ​។

សូម​កត់​សម្គាល់​ថា ស្រប​ពេល​លោក​សម រង្ស៊ី ប្រកាស​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នេះ សមាជិក​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​បាន​ចេញ​មក​បង្កើត​គណបក្ស​នយោបាយ​ថ្មី និង​ខ្លះ​ចង់​ចូល​រួម​ជាមួយ​គណបក្ស​ទើប​បង្កើត​ថ្មី។ ប៉ុន្តែ ទាក់ទង​នឹង​បញ្ហា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ លោក​កឹម សុខា តាម​រយៈ​លោក​មេធាវី​ចាន់ ចេន ដដែល បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា រូប​លោក​មិន​ពាក់ព័ន្ធ មិន​គាំទ្រ និង​មិន​នៅពី​ក្រោយ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ៗ ដោយ​បុគ្គល ឬ​ក្រុម​ណា​មួយ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ