អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ខេត្តដែលបិទខ្ទប់នៅមិនទាន់ប្រាកដថា អាចនឹងបើកឡើងវិញ ឬបន្តបិទខ្ទប់តទៅទៀតនៅថ្ងៃស្អែកនេះ

ថ្ងៃទី១២​ ខែសីហាស្អែកនេះ​ គឺជាថ្ងៃផុតកំណត់​នៃការបិទខ្ទប់​ខេត្តចំនួន៨​ដែលនៅជាប់ព្រំដែន​ជាមួយប្រទេសថៃ​រយៈពេល១៤ថ្ងៃ ​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ ប៉ុន្តែ ​គិតមកត្រឹមព្រឹកថ្ងៃទី១១​ ខែសីហានេះ ​បណ្តាខេត្តមួយចំនួន​នៅមិនទាន់ប្រាកដ​នៅឡើយទេថា​ នឹងអាចបើកឡើងវិញ​ ឬក៏បន្តបិទខ្ទប់​តទៅទៀត​។​ បើទោះបី​ការបើកខេត្តនៅ​មិនទាន់ច្បាស់លាស់​ តែការបើក​ព្រំដែន​ជាមួយថៃ​ទំនងជាអាចកើតឡើង​ ដោយសារតែ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន ​កាលពីថ្មីៗនេះ ​បានសម្រេចឱ្យរៀបចំ​កន្លែងធ្វើចត្តាឡីស័ក​បន្ថែម​ ដើម្បីទទួល​ពលករខ្មែរ​មកពីប្រទេសថៃ​។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (រូបតំណាង)
ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សម្រាប់ខេត្តឧត្តរមានជ័យ លោកឌី រ៉ាដូ ដែលជាអភិបាលរងខេត្តបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា អាជ្ញាធរខេត្តកំពុងត្រៀមបើកខេត្តឡើងវិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដែលជាថ្ងៃផុតកំណត់តាមការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោកថា នេះ គឺជាគ្រាន់តែជាការត្រៀមតែប៉ុណ្ណោះ ពោល គឺព័ត៌មានច្បាស់លាស់ត្រូវរង់ចាំការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាល។ ចំណែក ខេត្តបន្ទាយមានជ័យដែលជាខេត្តប្រឈមខ្លាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិ​សេស ពីសំណាក់ពលករខ្មែរមកពីប្រទេសថៃនោះ គឺមិនទាន់មានព័ត៌មានច្បាស់លាស់ដូចគ្នាទាក់ទងនឹងបញ្ហានេះ ដោយ​សារអភិបាលរងខេត្ត គឺលោកង៉ោ ម៉េងជ្រួន បានប្រាប់ថា កំពុងជាប់ប្រជុំមិនអាចផ្តល់ព័ត៌មាននេះបាន។

ដោយឡែក ខេត្តសៀមរាបឯណោះវិញ ក៏មិនច្បាស់លាស់នៅឡើយដែរចំពោះការបើក ឬបន្តបិទខ្ទប់នាថ្ងៃទី១២ ខែសីហានេះ។ លោកលី សំរិទ្ធ ដែលជាអភិបាលរងខេត្តសៀមរាបបានអះអាងថា អាជ្ញាធរខេត្តនឹងពិភាក្សាគ្នាពីបញ្ហានេះក្រោមការដឹកនាំដោយអភិបាលខេត្ត ហើយទន្ទឹមគ្នានេះ អាជ្ញាធរក៏កំពុងរង់ចាំការវាយតម្លៃពីស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប និងការសម្រេចចុងក្រោយពីគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ចំពោះបញ្ហានេះ លោកគឹម សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និងជាអ្នកនាំពាក្យ​គណៈកម្មការ​អន្តរ​ក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ-​១៩​ មិនទាន់អាចបញ្ជាក់ច្បាស់ការបាននៅឡើយទេ ដោយគ្រាន់តែប្រាប់ឱ្យរង់ចាំបន្តិចសិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ ដែលរួមមាន​ ខេត្ត​កោះកុង​ ពោធិ៍សាត់​ បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មានជ័យ​ ព្រះវិហារ​ និង​ខេត្ត​សៀម​រាបរយៈពេល១៤​ថ្ងៃចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា ឆ្នាំ២០២១។​ ការសម្រេច​បិទខ្ទប់​ជាបន្ទាន់នេះ​ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ឈ្មោះដែលតា​ចូលទៅ​ក្នុងសហគមន៍​។ ក្រៅពីខេត្តទាំង៨នេះ រដ្ឋាភិបាលកម្ពុជាក៏បានតម្រូវឱ្យមានបិទព្រំដែនជាមួយនឹងប្រទេសថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ។

បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាក៏សម្រេចឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជាដាក់បំរាមគោរចរពីម៉ោង៩យប់ដល់៣ទៀបភ្លឺ និងកំណត់ដាក់តំបន់ក្រហម លឿនទុំ និងលឿន ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ វិធានការទាំងអស់នេះ នឹងត្រូវអស់សុពលភាពនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ