អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែររាប់រយនាក់ចាប់ផ្តើមវិលចូលស្រុក ខណៈដែលអាជ្ញាធរតាមព្រំដែនកំណត់វិធានការតឹងរឹង

តាម​គម្រោង​នៃ​ការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ​នៅ​ថ្ងៃ​ទី​១៣​សីហា​ម្សិលមិញ ​ខេត្ត​នៅ​តាម​បណ្តា​ខ្សែ​បន្ទាត់​ព្រំដែន​បាន​ចាប់ផ្តើម​ទទួល​ពលករខ្មែរ​ជា​បន្តបន្ទាប់​មក​ក្នុង​ប្រទេស​វិញ​។ នៅ​ចំពោះ​មុខ​នៃ​ការ​វិល​ចូល​វិញ​របស់​ពលករ​ អាជ្ញាធរ​នៅ​តាម​ព្រំដែន​បាន​កណត់​នូវ​វិធានការ​សុខាភិបាល​យ៉ាង​តឹងរឹង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩​។ តាម​អាជ្ញាធរ​ខេត្ត​ ពលករ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​សំណាក​រហ័ស​រួច​បញ្ជូន​ទៅ​កាន់​ទីតាំង​ធ្វើ​ចត្តាឡីស័ក ​ហើយ​ជា​បន្ទាប់​រាល់​សំណាក​ទាំងអស់​នឹង​បញ្ជូន​មក​រាជធានីភ្នំពេញ​ដើម្បី​ធ្វើ​តេស្ត​បន្ត​ រក​វីរុសកូវីដ-១៩​ប្រភេទ​«ដែលតា»​។

ពលករខ្មែរអង្គុយរង់ចាំធ្វើតេស្តរហ័ស នៅច្រកព្រំដែនខេត្តបាត់ដំបង
ពលករខ្មែរអង្គុយរង់ចាំធ្វើតេស្តរហ័ស នៅច្រកព្រំដែនខេត្តបាត់ដំបង © FB
ផ្សាយពាណិជ្ជកម្ម

ពីខេត្តបាត់ដំបង លោកអភិបាលងួន រតនៈ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍ទី១៤សីហានេះថា ខេត្តបានទទួលពលករចំនួន៣៩៨នាក់ តាមច្រកព្រំដែនអន្តរជាតិអូរអន្លក់ក្នុងស្រុកកំរៀង និងតំបន់ច្រករបៀងក្នុងស្រុកសំពៅលូន ក្រោយការបើកច្រកព្រំដែនជាមួយនឹងប្រទេសថៃឡើងវិញកាលពីថ្ងៃទី១៣សីហាម្សិលមិញ។ ពលករខ្មែរទាំង៣៩៨នាក់នោះត្រូវបានធ្វើតេស្តរហ័សភ្លាមៗ ហើយជាលទ្ធផលមានពលករខ្មែរចំនួន២១នាក់មានវិជ្ជមានកូវីដ-១៩ ក៏ប៉ុន្តែលោកងួន រតនៈ មិនអាចបញ្ជាក់បានទេថាអ្នកវិជ្ជមានកូវីដ-១៩ទាំង២១នាក់នោះ មានប្រភេទ«ដែលតា»ឬយ៉ាងណា ព្រោះត្រូវបញ្ជូនសំណាកមកពិនិត្យបន្តនៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ពលករដែលចូលមកថ្ងៃនេះវិញ លោកថាមិនទាន់មានតួលេខបូកសរុបនៅឡើយនោះទេ។

នៅចំពោះមុខនៃការទទួលពលករខ្មែរចូលមកវិញជាគំហុកនេះ អភិបាលខេត្តបាត់ដំបងបានអះអាងពីវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលយ៉ាងតឹងរឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដោយតម្រូវឲ្យមានការធ្វើតេស្តសំណាក និងយាមល្បាតតាមច្រកព្រំដែនជាពិសេសនៅតាមច្រករបៀងនៃខេត្តបាត់ដំបង។ បើតាមលោក ងួន រតនៈ អាជ្ញាធរខេត្តនឹងទទួលពលករទាំងអស់ដែលចូល​មកតាមច្រកនៃខេត្តបាត់ដំបង ទៅដាក់នៅទីតាំងចត្តាឡីស័កតាមបណ្តាស្រុក ដែលបានត្រៀមស្រាប់ក្នុងការទុកដាក់ពលករបានប្រមាណ៨ពាន់នាក់ ហើយជាការអំពាវនាវលោកស្នើឲ្យពលករទាំងអស់សហការជាមួយអាជ្ញាធរ ដើម្បីឲ្យវិធានការទាំងអស់មានប្រសិទ្ធិភាព។

ដោយឡែកពីខេត្តឧត្តរមានជ័យឯណោះវិញ លោកឌី រ៉ាដូ អភិបាលរងខេត្តបានបញ្ជាក់ប្រាប់ដែរថា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ កាលពីម្សិលមិញមានពលករខ្មែរតែ៧១នាក់ប៉ុណ្ណោះដែលបានរង់ចាំនិងចូលមកកម្ពុជាវិញ។ ក្នុងនោះដែរ តាមរយៈការយកសំណាកភ្លាមៗ មានពលករម្នាក់មានវិជ្ជមានកូវីដ-១៩។

ទាំងខេត្តបាត់ដំបង ទាំងខេត្តឧត្តរមានជ័យ សុទ្ធតែបានអះអាងថា ខេត្តនឹងទទួលពលករឲ្យចូលមកកម្ពុជា ដោយមិនមានកំណត់ចំនួនថានឹងទទួលត្រឹមចំនួនប៉ុន្មានជាប្រចាំថ្ងៃនោះទេ។ ពោលគឺច្រកព្រំដែននឹងទទួលពលករខ្មែរទាំងអស់ ទាំងស្របច្បាប់និងមិនស្របច្បាប់ រហូតដល់ច្រកព្រំដែនត្រូវបិទនៅម៉ោង៦ល្ងាច។

គួរបញ្ជាក់ថា ខេត្តចំនួន៨រួមមាន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ កោះកុង និងសៀមរាប ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យរៀបចំបើកទទួលពលករខ្មែរមកក្នុងស្រុកវិញនៅថ្ងៃទី១៣សីហាម្សិលមិញ បន្ទាប់ពីមានការបិទខ្ទប់រយៈពេល១៤ថ្ងៃកន្លងទៅ។ ជាវិធានការចំពោះមុខនេះ ខេត្តទាំងនោះបានរៀបចំទីតាំងចត្តាឡីស័ក ទីតាំងសម្រាកព្យាបាល និងការចាក់វ៉ាក់សាំងដូសទី៣ដល់បណ្តាក្រុមជួរមុខ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ«ដែលតា»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ