អានតួអត្ថបទ
កម្ពុជា-ខ្មែរក្រហម

សវនាការ​បណ្ដឹង​សា​ទុក្ខ​លើ​សំណុំ​រឿង​០០២/០​២ មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​កូវីដ​១៩

នៅ​ថ្ងៃ​ចន្ទ​ទី​១៦​សីហា​ស្អែក​នេះ តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សា​ទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​នឹង​ ខៀវ សំផន​។ ខៀវ សំផន ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ចំពោះ​ការ​បើក​សវនាការ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​នេះ លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្ដីខ្មែរ​ក្រហម បាន​សង្កេត​ឃើញ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ចំណាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​។ សម្រាប់​លោក នេត្រ ភក្ត្រា សវនាការ​នេះ​មាន​សារៈ​សំខាន់​ណាស់ និង​ជា​ដំណាក់កាល​ទឹក​ចុង​ក្រោយ​នៃ​សំណុំ​រឿង​០០២​វគ្គ​២ ក្នុង​ដំណើរការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះនៃ​របប​ខ្មែរ​ក្រហម​។

លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ
លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ © ECCC
ផ្សាយពាណិជ្ជកម្ម
«សវនាការ​លើ​បណ្ដឹង​សា​ទុក្ខ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២ ហាក់​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទេ បើ​ធៀប​ទៅ​នឹង​សវនាការ​មុន​ៗ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​»​។

នេះ​​គឺ​ជា​ការ​ទទួល​ស្គាល់​ចេញ​ពី​មាត់​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​។ ការណ៍​នេះ​គឺ​ដោយ​សារ​តែកម្ពុជា​កំពុង​តែ​ជាប់​ដៃ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ និយាយ​ជារួម និង​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ទូទៅ​រវល់​ខ្វាយខ្វល់​នឹង​ជីវភាព​របស់​ខ្លួន​ដែល​ធ្លាក់​ចុះ​ដោយ​សារ​កូវីដ១៩​ដែរ និយាយ​ដោយ​ឡែក​។

គួរ​រំឭក​ថា សំណុំ​រឿង​០០២​វគ្គ​២ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​ផ្ដោត​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រព្រឹត្ត​ឡើង​នៅ​តាម​ទី​កន្លែង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ប្រទេស​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​០៦ មករា ឆ្នាំ​១៩៧៩​​។ ក្រោយ​ដំណើរ​ការ​កាត់​សេចក្ដី​អស់​រយៈ​ពេល​៤​ឆ្នាំ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៨ សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ផ្ដន្ទាទោស​​ជនជាប់​ចោទ​ ខៀវ សំផន និង​ នួន ជា ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នួន ជា ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ និង​ខៀវ សំផន មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ហើយ​បាន​ប្រើ​សិទ្ធិ​ប្ដឹង​សា​ទុក្ខ​ទៅកាន់​តុលាការ​កំពូល​។

នៅ​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​ខ្លួន ជន​ជាប់ចោទ ខៀវ សំផន បាន​ដាក់​សំណើចំនួន​៣​ចំណុច​ទៅកាន់​តុលាការ៖ ទី​១ ជា​ចម្បង ធ្វើ​មោឃភាព​សាលក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ដោយ​សំអាង​ហេតុ​ពី​ការ​រំលោភ​លើ​វិធាន​ផ្ទៃ​ក្នុង​។ ទី​២ ជា​បន្ទាប់​បន្សំ ធ្វើមោឃភាព​សាលា​ក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​នីមួយ​ៗ​។ និង​ទី​៣ ជា​បន្ទាប់​បន្សំ​បំផុត កែ​ប្រែ​ការ​ផ្ដន្ទាទោស និង​ប្រកាស​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​កំណត់​មួយ​។

សម្រាប់​លោក នេត្រ ភក្ត្រា សវនាការ​នេះ​មាន​សារៈ​សំខាន់​ណាស់ និង​ជា​ដំណាក់កាល​ទឹក​ចុង​ក្រោយ​នៃ​សំណុំ​រឿង​០០២​វគ្គ​២ ក្នុង​ដំណើរការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះនៃ​របប​ខ្មែរ​ក្រហម​។ នៅ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​នៃ​សវនាការ​លើ​បណ្ដឹង​សា​ទុក្ខ​នេះ បើ​ទោះ​បី​ជា​មាន​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ចូលរួម​តាម​ដាន​ផ្ទាល់​ក្នុង​សវនាការ​ដើម្បី​បង្ការ​ការ​ឆ្លង​​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​សាលាក្ដី​បានសហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុ​អប្សរា ដើម្បីផ្សព្វផ្សាយ​អំពី​ដំណើរការ​សវនាការ​ជូន​ដល់​សាធារណជន​។ បើ​តាម​លោក នេត្រ ភក្ត្រា ក្រោយ​ពេល​បើក​សវនាការ​លើ​បណ្ដឹង​នេះ​រួច អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​រំពឹង​ថា នឹង​ប្រកាស​សាល​ដីកា​ស្ថាពរ​របស់​ខ្លួន​លើ​សំណុំ​រឿង​០០២​វគ្គ​២ នៅ​ត្រី​មាស​ទី​៤ ឆ្នាំ​២០២២​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ