អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកជំនាញ៖ ភាគីពាក់ព័ន្ធគួរមានភាពឯកភាពគ្នាជាមុនទើបគោលនយោបាយការបរទេសកម្ពុជាមានប្រសិទ្ធិភាព

រាជបណ្ឌិត្យសភា​កម្ពុជា​នៅព្រឹកថ្ងៃព្រេហស្បតិ៍​ទី១៩សីហានេះ ​បានបើក​កិច្ចពិភាក្សាមួយ​ជុំវិញ​ស្ថានភាព​កម្ពុជា​នៅចន្លោះមហាអំណាចចិន​និងសហរដ្ឋអាមេរិក​។ សម្រាប់​អ្នកជំនាញ​ដែលចូលរួ​ម បានលើកឡើង​មតិ​ចម្រុះគ្នា​ជុំវិញ​កិច្ចការបរទេស​ដែលកម្ពុជា​កំពុងប្រកាន់យក​ តែយ៉ាងណា​អ្នកជំនាញ​មួយរូបយល់ថា​ការឯកភាពគ្នា​ពីភាគីខាងក្នុង​រួមមាន​រដ្ឋាភិបាល ​គណបក្សនយោបាយ​ និងសង្គមស៊ីវិល​ ជារឿងសំខាន់មួយ​ដើម្បីឲ្យ​គោលនយោបាយ​ការបរទេស​កម្ពុជា​មានប្រសិទ្ធិភាព​។ ​ពីខាងអ្នកនាំពាក្យ ​រដ្ឋាភិបាល​តែងតែ​ស្តាប់នូវ​ភាគីពាក់ព័ន្ធ​ តែក៏ត្រូវវាយតម្លៃ​ថាមានប្រយោជន៍​ឬយ៉ាងណា​។

ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីចិន (រូបតំណាង)
ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីចិន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី«កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» ដែលមានវាគ្មិនចំនួន៤រូប លោកឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅក្នុងបទអន្តរាគមន៍របស់ខ្លួន បានលើកឡើងពីការឯកភាពគ្នាលើគោលនយោបាយការបរទេសកម្ពុជារវាងរដ្ឋាភិបាលនិងក្រុមអង្គការសង្គមស៊ីវិល រួមនឹងគណបក្សនយោបាយនានាក្នុងស្រុក ទើបអាចឈានទៅសម្រេចផ្លែផ្កាដែលកម្ពុជាចង់បាន។ សម្រាប់លោកឈាង វណ្ណារិទ្ធិ ប្រសិនបើមិនមានការជំរុញឲ្យមានការឯកភាពគ្នាផ្នែកខាងក្នុង នោះគោលនយោបាយការបរទេសរបស់កម្ពុជានឹងគ្មានប្រសិទ្ធិភាព។

ទាក់ទងនឹងការលើកឡើងបែបនេះ លោកអំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​បង្ហាញការយល់ស្របចំពោះការជំរុញឲ្យមានការពិភាក្សាគ្នារវាងរដ្ឋាភិបាល គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល។ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះ លោកអំ សំអាត យល់ឃើញថារដ្ឋាភិបាលគួរណាស្តាប់និងប្រមូលធាតុចូលដែលក្រុមអង្គការសង្គមស៊ីវិលនានាបានធ្វើការកន្លងមក ដើម្បីដាក់ចេញនូវគោលនយោបាយណាមួយរបស់រដ្ឋាភិបាលទទួលបានប្រសិទ្ធិភាព។ បើតាមលោកអំ សំអាត កន្លងមកខាងសង្គមស៊ីវិលក៏បានចូលរួមខ្លះ និងមិនបានចូលរួមខ្លះដែរជុំវិញការតាក់តែងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដូច្នេះហើយទើបគោលនយោបាយមួយចំនួនមិនមានប្រសិទ្ធិភាពនោះ។

យ៉ាងណាមិញសម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះដែរថា ជាទូទៅរដ្ឋាភិបាលតែងតែស្តាប់និងពិចារណាលើមតិនានាពីភាគីពាក់ព័ន្ធ ក៏ប៉ុន្តែក្នុងនាមរដ្ឋាភិបាលក៏មានសិទ្ធិសម្រេចថាអ្វីទៅជាប្រយោជន៍រួមរបស់កម្ពុជា។ បើតាមលោកផៃ ស៊ីផាន ការតម្កល់បានប្រយោជន៍កម្ពុជា ជារឿងសំខាន់បំផុត ដោយត្រូវធ្វើយ៉ាងណារក្សាបាននូវស្ថេរភាពនយោបាយរបស់ខ្លន។ លោកបញ្ជាក់ថា សម្រាប់ក្រុមអង្គការសង្កមស៊ីវិលមួយចំនួនដែលទទួលការឧបត្ថម្ភពីភាគីខាងក្រៅ ភាគច្រើនបម្រើប្រយោជន៍ភាគីខាងក្រៅច្រើនជាងកម្ពុជា។ សម្រាប់អ្នកនាំពាក្យរូបនេះរដ្ឋាភិបាលកម្ពុជាមានតួនាទីសម្របសម្រួលគ្រប់ភាគីទាំងអស់ដោយឈរលើជំហរកណ្តាល និងមិនដែលចាត់តាំងអ្នកណាជាសត្រូវនោះទេ។ ពោលគឺរដ្ឋាភិបាលនៅតែតម្កល់ប្រយោជន៍រួមជារឿងចម្បង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ