អានតួអត្ថបទ
កម្ពុជា-នយោបាយ

ទូតធំៗនាំគ្នាចោទសួរពីឯករាជ្យភាពនៃតុលាការ និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាក្រោយមានការដាក់ទោសលោករ៉ុង ឈុន

ស្ថានទូត​បរទេសធំៗ​នៅកម្ពុជា​បាននាំគ្នា​បញ្ចេញ​ប្រតិកម្ម​ជាបន្ត​បន្ទាប់ជុំវិញ​ការកាត់ទោស​លើលោករ៉ុង ឈុន ​និងសកម្មជន​២នាក់ទៀតពី​សំណា​ក់តុលាការ​កម្ពុជា​។​ ស្ថានទូត​បរទេសនានា​បានលើកឡើងថា ​ការកាត់ក្តី​ឱ្យលោករ៉ុង ឈុន​ និងសកម្មជន២នាក់ទៀត​ជាប់ពន្ធនាគារ​ និងបង់សង​ជំងឺចិត្ត​ដល់គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ចំនួន១០ម៉ឺន​ដុល្លារអាមេរិក​ គឺធ្វើឱ្យ​ប៉ះពាល់សិទ្ធិ​បញ្ចេញមតិ​នៅកម្ពុជា​។​ មិនតែប៉ុណ្ណោះ ​ស្ថានទូត​បរទេស​ក៏បានចោទសួរ​ពីឯករាជ្យភាព​របស់តុលា​ការកម្ពុជា​ថែមទៀត​ដែលបានសម្រេច​ទោសទៅលើពួកគេ​ទាំង៣នាក់នេះ។​

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាតាមរយទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានចេញមកសម្តែងនូវការព្រួយបារម្ភចំពោះការកាត់ទោសលើលោករ៉ុង ឈុន និងសកម្មជន២នាក់ផ្សេងទៀត។ សម្រាប់ស្ថានទូតសហភាពអឺរ៉ុប សាលក្រមប្រឆាំងនឹងលោករ៉ុង ឈុន និងសកម្មជន២នាក់ទៀតនេះ គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិជំទាស់ជាសាធារណៈ ឬការរិះគន់នយោបាយ និងបានចោទសួរអំពីឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។

ស្ថានទូតសហភាពអឺរ៉ុបបានអះអាងថា ប្រជាពលរដ្ឋកម្ពុជាត្រូវការការធានាលើការបញ្ចេញមតិ និងការជួបជុំប្រមូលផ្តុំដោយសន្តិវិធីដែលស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិ សេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ស្ថានទូតសហភាពអឺរ៉ុបបានគូសបញ្ជាក់ទៀតថា សេរីភាពនៃការបញ្ចេញមតិ គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យដូចទៅនឹងការមានតុលាការឯករាជ្យអ៊ីចឹងដែរដែលមិនគួរត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងសកម្មជនតវ៉ាដោយសន្តិវិធី។ ហេតុដូច្នេះហើយ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីដល់អាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី។

ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានគាំទ្រលើការលើកឡើង និងការអំពាវនាវរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានេះ ដោយបានចែករំលែកបន្តនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ចំណែក ស្ថានទូតអាមេរិក និងអង់គ្លេសប្រចាំនៅកម្ពុជាវិញ ក៏មិនពេញចិត្ត និងសម្តែងកង្វល់អំពីបញ្ហាកាត់ទោសនេះផងដែរ។

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានអះអាងថា ការកាត់ទោសលោក រ៉ុង ឈុន គឺធ្វើឱ្យមានការចោទសួរយ៉ាងខ្លាំងទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោកថា ប្រព័ន្ធតុលាការមិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេងសកម្មជនសន្តិភាព​ទេ។ រីឯ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសវិញថា សេរីភាពនៃការបញ្ចេញមតិ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា ហើយប្រព័ន្ធតុលាការមិនគួរត្រូវបានប្រើប្រាស់ដើម្បីកាត់តម្រឹមវាឡើយ។

ចំពោះប្រតិកម្មរបស់ក្រុមអង្គទូតបរទេសទាំងនេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកថា មិនមែនជារឿងថ្មីនោះទេ ហើយថា ការបញ្ចេញប្រតិកម្មរបស់ពួកគេទាំងនេះ គឺធ្វើឡើងទៅតាមរបៀបវារៈនយោបាយ។ លោកបន្តថា កម្ពុជានៅតែប្រកាន់នីតិរដ្ឋ និងការពារអធិតេយ្យរបស់ខ្លួន។ ប៉ុន្តែ លោកក៏គូសបញ្ជាក់ដែរថា កម្ពុជានៅតែបន្តសហការ និងសន្ទនាជាមួយនឹងបណ្តាទូតបរទេសនានា ដើម្បីពន្យល់ឱ្យយល់អំពីវិធានការច្បាប់របស់កម្ពុជាក្នុងការការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ សាលាដំបូង​រាជធានី​ភ្នំពេញ​​បានសម្រេចផ្តន្ទាទោសលោករ៉ុង​ ឈុន ដាក់​ពន្ធនាគារ​២ឆ្នាំ និង​ពិន័យជាទឹកប្រាក់​​២លានរៀល។ ដោយឡែក សកម្មជន២នាក់ទៀតត្រូវបានតុលាការកាត់ទោសឱ្យពន្ធនាគារម្នាក់២០ខែ និងពិន័យជាទឹកប្រាក់២លានរៀលដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ តុលាការក៏បានបង្គាប់​ឱ្យពួកគេសង​ជំងឺចិត្ត​ទៅ​គណៈ​កម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​ចំនួន៤០០លាន​រៀល ឬប្រហាក់​ប្រហែលនឹង​១០ម៉ឺនដុល្លារថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ