អានតួអត្ថបទ
កម្ពុជា-គ្រោះធម្មជាតិ

រដ្ឋបាលខេត្តព្រះសីហនុ៖ ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេល

រដ្ឋបាលខេត្តព្រះសីហនុបានអះអាងនាព្រឹកថ្ងៃ២៥សីហានេះថា ក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់ទឹកភ្លៀង កាលពីម្សិលមិញ បានសម្លាប់មនុស្សម្នាក់ ខណៈមនុស្សម្នាក់ទៀតបានជួយសង្គ្រោះទាន់ពេលវេលាក្រោយឧបទ្ទេវហេតុរអិលហូរទៅតាមទឹកកាលពីយប់ម្សិលមិញ។ លោក ឃាង ភារម្យបានថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងឧបទ្ទេវហេតុ រអិលហូរទៅតាមទឹកនេះមានចំនួន២ករណី ដោយករណីទី១កើនឡើងនៅក្នុងសង្កាត់លេខ១ និងមួយករណីទៀតកើតឡើងក្នុងសង្កាត់លេខ៤ក្នុងក្រុងព្រះសីហនុ។

កម្លាំងសមត្ថកិច្ចធ្វើប្រតិបត្តិការតាមរកមនុស្ស៣នាក់ដែលបានបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ
កម្លាំងសមត្ថកិច្ចធ្វើប្រតិបត្តិការតាមរកមនុស្ស៣នាក់ដែលបានបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ © FB/រដ្ឋបាលខេត្តព្រះសីហនុ
ផ្សាយពាណិជ្ជកម្ម

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងឧបទេ្ទវហេតុជំនន់ទឹកភ្លៀងកាលពីម្សិលមិញនេះបានបង្កឱ្យបុរសជនជាតិចិនម្នាក់រស់នៅក្នុងសង្កាត់លេខ៤បានបាត់បង់ជីវិត និងម្នាក់ទៀតរស់នៅក្នុងសង្កាត់លេខ១បានជួយសង្រ្គោះទាន់ពេលវេលា ពោលគឺកើតឡើងតែ២ករណីប៉ុណ្ណោះ។ រីឯ ផលប៉ះពាល់វិញ លោក ភារម្យបញ្ជាក់ថា មន្ត្រីជំនាញក៏កំពុងចុះត្រួតពិនិត្យវាយតម្លៃផងដែរ។ ប៉ុន្តែហេតុការណ៍ទឹកជំនន់នេះមិនបានបង្កឱ្យខូតខាតដល់ហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធរនោះទេ។

បើតាមអ្នកនាំពាក្យរូបនេះ បញ្ហាជនលិចខ្លាំងក្នុងខេត្តព្រះសីហនុ មិនមែនកើតឡើងដោយបញ្ហាខ្វៈគុណភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនោះទេ ផ្ទុយទៅវិញ លោកថា ខេត្តតែងតែស្តារប្រព័ន្ធលូ អូរជាញឹកញាប់ ហើយការជន់លិចនេះកើតចេញពីបរិមាណភ្លៀងធ្លាក់ខ្លាំង និងច្រើនម៉ោងប៉ុណ្ណោះ។

ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែសីហាម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុបានរាយការណ៍ថា កម្រិតទឹកភ្លៀងបានហក់ឡើងរហូតដល់កម្រិត២៧៥មីលីម៉ែត្រ ដែលជាកម្រិតបង្គួរទៅខ្លាំង ហើយទឹកត្រូវបានហូរអស់ទៅវិញត្រឹមរយៈមួយម៉ោងក្រោយស្ថានភាពភ្លៀងត្រូវបានបញ្ចប់។ 

ការថ្លែងរបស់លោក ភារម្យ ក្រោយមានមតិរិៈគន់ជាច្រើនថា បញ្ហាជនទឹកជំនន់ក្នុងខេត្តកាលពីម្សិលមិញ គឺដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ធមិនមានគុណភាព និងខ្វះបច្ចេកទេស។

ពាន់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុបានអះអាងប្រាប់វិទ្យុបារាំងនៅព្រឹកនេះថា ហេតុផលជន់លិចខ្លាំងក្នុងផ្នែកខ្លះនៃខេត្ត គឺកើតឡើងដោយសារ អូរមួយចំនួនមានទំហំតូច និងគ្មានការស្តារសម្រាមចេញ ទើបកម្រិតទឹកមិនអាចហូរក្នុងកម្រិតល្បឿនលឿនបាន។

លោកស្រី សុ ធារីបន្ថែមថា ជុំវិញហេតុការណ៍ជន់លិចខ្លាំងនេះ ក៏បានបង្កផលប៉ះពាល់មួយចំនួនផងដែរដូច​ជា លិចផ្ទះប្រជាពលរដ្ឋ ខូតខាតទ្រព្យសម្បត្តិក្នុងផ្ទះ និងបង្កការបាក់បង្គោលភ្លើងមួយចំនួនផងដែរ។  

សូមបញ្ជាក់ថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ព្រមជាមួយនឹងការកើតមានឡើងវិញនៅជ្រលងសម្ពាធទាបITCZសារជាថ្មីផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ