អានតួអត្ថបទ
កម្ពុជា-ប្រេងឆៅ

ក្រុមហ៊ុននាវាStrovolosចេញមុខបដិសេធការលួចដឹកប្រេងរបស់កម្ពុជា និងទាមទារឱ្យឥណ្ឌូនេស៊ីដោះលែងនាវិកខ្លួន

ក្រុមហ៊ុន​ World Tankers Management ​ដែលគ្រប់គ្រង​លើនាវាដឹកប្រេង​MT Strovolos​ នៅថ្ងៃទី២៥​ ខែសីហាម្សិ​ល​មិញបា​នចេញមកទាមទារ​ឱ្យអាជ្ញាធរ​ឥណ្ឌូនេស៊ី​ដោះលែង​នាវិក​របស់ខ្លួនមកវិញ​។​ ការទាមទារនេះ ​ធ្វើឡើងភ្លាមៗ​បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បានចាប់រឹបអូស​នាវានេះ​ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជាដែលចោទថា ​បានលួចដឹកប្រេង​ទើបបូមប្រមាណ​ជិត៣០ម៉ឺនបារ៉ែល។​ ​​​​ប៉ុន្តែ ក្រុមហ៊ុន World Tankers Management​ បានបដិសេធថា​ មិនបានលួចដឹក​ប្រេងរបស់កម្ពុជា​នោះទេ។​

នាវិកនៅលើនាវាដែលត្រូវបានកងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ីរឹបអូសទុក
នាវិកនៅលើនាវាដែលត្រូវបានកងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ីរឹបអូសទុក AP - Indonesian Navy
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនWorld Tankers Management បានបង្ហាញឱ្យដឹងថា នាវា MT Stro​vo​-losដែលនៅលើដែនទឹករបស់ឥណ្ឌូនេស៊ី គឺក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ បើយោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ គឺម្ចាស់កិច្ចសន្យាជាមួយនាវាបានផ្ទុកទំនិញជាប្រេងឆៅនៅតំបន់អប្សរារបស់កម្ពុជាក្នុងឈូងសមុទ្រថៃកាលពីខែឧសភាដោយខាងនាវាយល់ថា ទំនិញនោះជាកម្មសិទ្ធិរបស់ម្ចាស់កិច្ចសន្យា។

ប៉ុន្តែ ក្រោយមក បន្ទាប់ពីម្ចាស់កិច្ចសន្យាមិនបានបង់តម្លៃជួលដឹកប្រេងឆៅទាំងនេះ ក្រុមហ៊ុនWorld Tankers Management បានបញ្ជាក់ថា នាវា MT Stro​vo​los និងក្រុមនាវិកបានធ្វើដំណើរទៅដែនសមុទ្រប្រទេសថៃ ដើម្បីឈប់ចាក់ប្រេង ហើយខណៈឈប់នោះ ពួកគេបានព្យាយាមផ្លាស់ប្តូរក្រុមនាវិកដែលស្នាក់នៅទីនោះយូរមកហើយ។ នៅទីនោះ កងទ័ពជើងទឹកថៃក៏បានឱ្យក្រុមនាវិកឡើងគោកតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា ប៉ុន្តែមិនបានឃាត់ខ្លួនពួកគេឡើយ ដោយអនុញ្ញាតឱ្យពួកគេបន្តដំណើរទៅមុខទៀតបាន។ ប៉ុន្តែនៅដែនសមុទ្រឥណ្ឌូនេស៊ី ពួកគេក៏ត្រូវបានចាប់ឃាត់ខ្លួនតាមសំណើរបស់អាជ្ញាធរកម្ពុជា។

សម្រាប់ក្រុមហ៊ុន World Tankers Management ការចាប់រឹបអូសនាវា និងឃាត់ខ្លួនក្រុមនាវិកពីសំណាក់អាជ្ញាធរឥណ្ឌូនេស៊ី និងការចោទប្រកាន់របស់អាជ្ញាធរកម្ពុជាពីការលួចដឹកប្រេងឆៅនេះ គឺជារឿងមិនត្រឹមត្រូវ។ ក្រុមហ៊ុនបានសម្តែងការព្រួយបារម្ភអំពីក្រុមនាវិករបស់ខ្លួន បន្ទាប់ដឹងថា រដ្ឋាភិបាលកម្ពុជាបានស្នើសុំដល់ប៉ូលីសអន្តរជាតិអាំងទែប៉ូលឱ្យបញ្ជូនក្រុមនាវិកនៃនាវានេះមកកាន់ប្រទេសកម្ពុជា។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ។ ប៉ុន្តែតាមរយៈទីភ្នាក់ងារព័ត៌មានបារាំងAFP លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រុមហ៊ុនKrisEnergyបានរាយការណ៍មករដ្ឋាភិបាលកម្ពុជាថា ក្រុមនាវិកទាំងនោះបានលួចយកប្រេងឆៅចេញពីដែនទឹកកម្ពុជា ប៉ុន្តែក្រុមនាវិកបានឆ្លើយតបវិញថា ពួកគេធ្វើបែបនេះ ដោយសារក្រុមហ៊ុនជំពាក់លុយពួកគេ។ យ៉ាងណាក៏ដោយ បើតាមជៀប សួរ កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការគ្នា ដើម្បីបញ្ជូនប្រេងលើនាវានោះមកឱ្យកម្ពុជាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ