អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ស សុខា៖ វត្តមាន លោក ស ខេង ទៅបារាំងដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ!

កូនប្រុស​ លោក ស ខេង​ ចេញមុខ​មកបញ្ជាក់ថា ​វត្តមានឳពុក​របស់​ខ្លួនទៅ​ប្រទេសបារាំង​ រយៈពេល ២សប្តាហ៍​ ចាប់ពីថ្ងៃទី​២២ សីហា ​ដល់ថ្ងៃទី៥ កញ្ញា​ គឺជាការអញ្ជើញ​ទៅពិនិត្យ​សុខភាពសុទ្ធសាធ ​ពុំមានការជួប​ជាមួយ​អ្នកនយោបាយ​ណាម្នាក់ ​ដូចការលើកឡើង​របស់អ្នកវិភាគ​ ក៏ដូចជា​អ្នកនយោបាយ​មួយចំនួនតូច ​នៃអតីត​គណបក្ស​សង្គ្រោះជាតិ​នោះឡើយ​។​ ការ​បញ្ជាក់យ៉ាងដូច្នេះ​របស់​ លោក ស សុខា គឺ​បន្ទាប់ពី​លោក សម រង្ស៊ី បានប្រកាសថា​​ ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួមជាតិ​ ដែល​មាន​លោក ស ខេង ចូល​រួម​ផងដែរ​គឺជាគំនិត​មួយ​ដ៍​ត្រឹម​ត្រូវ។

លោក ស ខេង
លោក ស ខេង © FB
ផ្សាយពាណិជ្ជកម្ម

«ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង»។

នេះគឺជា​ប្រតិកម្ម​របស់​លោក ស សុខា កូណប្រុស ស ខេង បន្ទាប់ពី​លោក សម រង្ស៊ី បានប្រកាសថា​​ ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួមជាតិ​ ដែល​មាន​លោក ស ខេង ចូល​រួម​ផងដែរ​គឺជាគំនិត​មួយ​ដ៍​ត្រឹម​ត្រូវ។ ការ​ប្រកាសបែបនេះ​របស់លោក សម​ រង្ស៊ី ត្រូវបានជួយបន្ទរតាមពីក្រោយជាបន្តបន្ទាប់ដោយក្រុមអ្នកគាំទ្រអតីតប្រធានបក្សប្រឆាំងរូបនេះ។

ក៏ប៉ុន្តែ​សម្រាប់ លោក ស សុខា ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូចនៃអតីតគណបក្សសង្គ្រោះជាតិ គឺសំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលលោកអះអាងថាកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ។

ដោយឡែក សម្រាប់​លោក សួន សូរីដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​កូតា លោក កឹម សុខា បានហៅ​យុទ្ធសាស្ត្របែបនេះរបស់លោក សម​ រង្ស៊ី ថាមិនអាចទៅរួចនោះឡើយ។ មិនអាចទៅរួចពីព្រោះតែលោកស ខេង ទៅប្រទេសបារាំង រីឯលោកសម រង្ស៊ីទៅសហរដ្ឋអាមេរិក។

បើតាម លោក សួន សូរីដា ដើម្បីឱ្យយុទ្ធសាស្ត្រនេះល្អមើលជាងនេះ នៅពេលលោកស ខេង ទៅស្រុកបារាំង នោះលោកសម រង្ស៊ី លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ត្រូវប្រញាប់ប្រញាល់ទៅស្រុកបារាំងវិញក្នុងពេលជាមួយគ្នា។

សូមបញ្ជាក់ថា វត្តមានលោក ស ខេង នៅប្រទេសបារាំងចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា ត្រូវបាន​កូនប្រុស​របស់​លោក​ចេញមកបញ្ជាក់ចំៗថាទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់នោះឡើយ ដែលពីដើមឡើយ​ខុទ្ទកាល័យ​របស់ លោក ស ខេង គ្រាន់​តែ​បង្ហើបថា​ការ​ទៅ​បារាំង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃរូបនេះគឺមានធុរៈផ្ទាល់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ