អានតួអត្ថបទ
កម្ពុជា-ព្រៃឈើ

សហគមន៍ជនជាតិដើមភាគតិចកួយរកឃើញបទល្មើសព្រៃឈើជាង១០០ ករណីក្នុងដែនជម្រកសត្វព្រៃព្រះរការ

ក្នុងរយៈពេល​៣ថ្ងៃ​ ចាប់ពីថ្ងៃទី​១៧​ ដល់១៩សីហា ​បទល្មើស​ព្រៃឈើជាង​ ១០០ករណី ​ដែលភាគច្រើន​ជាប្រភេទ​ឈើប្រណិត​និងកម្រ​នៅក្នុងខេត្តព្រះវិហារ​ ត្រូវបានរកឃើញ​ដោយ​សហគមន៍​ជនជាតិ​ដើមភាពតិច​ ។ បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​សហគមន៍​ជនជាតិដើម​ភាគតិច​ នៅថ្ងៃទី​២កញ្ញា​ ចំនុចដែល​មាន​ការកាប់បំផ្លាញ​ច្រើន​ខ្លាំង​គឺ​ត្រង់ចំនុចវាល​ខ្លុងដែលជាតំបន់​ព្រៃស្រោង និងពាក់កណ្តាល​ស្រោង។ តែក្រសួង​បរិស្ថាន​បញ្ជាក់ថា​ ជាបទល្មើស​តូចៗ​ដែលក្រសួង​កំពុង​បន្តអនុវត្តច្បាប់​។

ទីតាំងដែលមានការប្រព្រឹត្តិបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ
ទីតាំងដែលមានការប្រព្រឹត្តិបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ © FB
ផ្សាយពាណិជ្ជកម្ម

បទល្មើសចំនួន១០១ករណីដែលបានរកឃើញនេះ មាននូវប្រភេទឈើដូចជា ឈើទាល ពពេល ស្ទៀង ផ្ដៀក គគី កកោះ ត្រសេក ដួងចែម និងផ្ចឹកឧត្តម ដែលសុទ្ធសឹងតែជាប្រភេទឈើមានតម្លៃ។ ឈើដែលបានរកឃើញ មានមុខកាត់ចាប់ពី ៤០សង់ទីម៉ែត្រ ដល់២៩៥សង់ទីម៉ែត្រ ពោលគឺជិត៣ម៉ែត្រ។ តាមរយៈការចុះអង្កេតឃើញថា មានគោយន្ដដឹកឈើចេញចំនួន១៥គ្រឿង មានទីតាំងសិប្បកម្មកែច្នៃឈើនៅក្នុងភូមិសាស្ត្រឃុំប្រមេរុ១២ទីតាំង និងកន្លែងដែលគេដឹកឈើចេញចូលចំនួនពីរទីតាំង។

បើតាមការចុះអង្កេតរបស់ក្រុមសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហាររយៈពេល២យប់៣ថ្ងៃបានឲ្យដឹងថា ក្រុមជនល្មើសបានធ្វើការដឹកជញ្ជូនឈើយ៉ាងសកម្មទាំងកណ្ដាលថ្ងៃ ដោយពុំខ្លាចញញើតអ្វីឡើយ លើសពីនេះពួកគេក៏បានប្រទះឃើញបន្ទះក្ដារជាច្រើនសន្លឹកដែលគរទុកក្នុងព្រៃផងដែរ។

ក្រោយការរកឃើញបទល្មើសទាំងនេះ សហគមន៍បានបង្ហាញនូវការងឿងឆ្ងល់ចំពោះមុខការបន្តកើនឡើងនៃការកាប់បំផ្លាញព្រៃឈើ ខណៈព្រៃនៅតំបន់នេះបានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃ និងស្ថិតក្រោមការថែរក្សាដោយមន្ត្រីឧទ្យានុរក្សតាំងតែពីឆ្នាំ២០១៦មកហើយនោះ។

ពួកគេបានបន្តបង្ហាញការសោកស្ដាយ និងអស់សង្ឃឹមជាខ្លាំងចំពោះការរកឃើញបទល្មើសជាថ្មីនេះ និងទទូចឲ្យមានការស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងរឿងនេះយកទៅផ្ដន្ទាទោសតាមច្បាប់។ លើសពីនេះ ក៏មានការស្នើរដល់ក្រសួងបរិស្ថានឲ្យពិចារណាបើកចំហរឲ្យគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមការពារព្រៃឈើឡើងវិញផងដែរ។

ជាការឆ្លើយតប លោក នេត្រ ភក្រ្តាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើងដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។

គួរបញ្ជាក់ថា រយៈពេល ៦ ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើក ក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើសទាំងនោះ មានការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ៥១៥ ករណី ដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នាក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ