អានតួអត្ថបទ
កម្ពុជា-អប់រំ

រដ្ឋបាលខេត្តមួយចំនួនកំពុងចាប់ផ្តើមពិនិត្យលទ្ធភាពនៃការបើកសាលារៀនឡើងវិញ

រដ្ឋបាលខេត្ត​មួយចំនួន​បានកំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការរៀបចំ​បើកដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងភូមិសាស្ត្រ​ខេត្តរបស់ខ្លួន ​ក៏ដូចជា​បានផ្លាស់ប្តូរ​សាលាមួយ​ចំនួនដែលបាន​ធ្វើជាកន្លែង​ធ្វើចត្តាឡីស័ក ​មកបម្រើលើ​វិស័យអប់រំ​ឡើងវិញ​។​ ការអនុវត្ត​បែបនេះ ក្រោយ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី៣១​ សីហាកន្លង​ទៅបានចេញ​សារណែនាំមួយ​ដោយបញ្ជាក់ពី​ការអនុញ្ញាតឱ្យ​បើកដំណើរ​ការសាលារៀន​ឡើងវិញ​តាមបណ្តារាធានី​ខេត្តដែលមាន​កម្រិត​ហានិភ័យ​ឆ្លងតិចតួច​។

បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់
បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោកស្រី លៀង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា លទ្ធភាពនៃការបើកដំណើរការសាលារៀនឡើងវិញនឹងប្រព្រឹត្តទៅនៅទូទាំងខេត្ត ព្រោះបើផ្អែកទៅតាមស្ថានភាពក្រោយកិច្ចប្រជុំនាពេលកន្លងមក គឺមានតែសាលាចំនួន៥ប៉ុណ្ណោះដែលកំពុងនៅជាប់ធ្វើជាកន្លែងចត្តាឡីស័ក។ ប៉ុន្តែលោកស្រីថា សាលាចំនួន៥ខាងដើមនេះ ខេត្តនឹងធ្វើការបង្រួមបន្ថែមទៀត ដើម្បីយកមកបើកដំណើការឡើងវិញ ព្រោះថា បច្ចុប្បន្នខេត្តក៏បានបង្រួមកន្លែងចត្តាឡីស័កចំនួន១២ផ្សេងទៀត មកបញ្ចូលត្រឹមតែមួយមណ្ឌលរួចរាល់ហើយ។

បើតាម លោកស្រីលៀង បូណារេត ការត្រៀមខ្លួនរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបែបនេះអាចនិយាយបានថា មិនមែនទើបតែគិតគូរក្រោយពេលប្រមុខរដ្ឋាភិបាលចេញសារណែនាំនោះទេ ពោលគឺមន្ត្រីពាក់ព័ន្ធខេត្តទាំងគ្រប់លំដាប់ថ្នាក់បានត្រៀមខ្លួនសម្រិតសម្រាំង ត្រួតពិនិត្យ តាមដាន និងដោះស្រាយកន្លែងធ្វើចត្តាឡីស័ក ដោយបង្វែរសាលារៀនមកបើកដំណើការជាថ្នាលអប់រំឡើងវិញ ក្រោយមើលឃើញថា សិស្សជាច្រើនបានរងផលប៉ះពាល់ខ្លាំងពីការអប់រំក្នុងអំឡុងពេលកូវីដ១៩នេះ។

មិនខុសគ្នាពីខេត្តកំពង់ស្ពឺនោះទេ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា លទ្ធភាពជាក់ស្តែង ខេត្តកណ្តាលក៏បានត្រៀមខ្លួនរួចរាល់សម្រាប់បើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញផងដែរ។ លោក គង់ សោភ័ណ្ឌបន្តថា ជាយន្តការឆ្លើយតបទៅនឹងវិធានសុខាភិបាល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យរៀបចំផ្លាស់ប្តូរកន្លែងធ្វើចត្តាឡីស័កពីសាលារៀនទៅកាន់កន្លែងថ្មី ក៏ដូចជាចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគនៅតាមបន្ទប់រៀននានាក្នុងការបង្ការបញ្ហាឆ្លងរីករាលនៃជំងឺកូវីដ១៩។  រីឯបញ្ហាសោភ័ណ្ឌភាពក្នុងបរិវេណសាលារៀនវិញ លោក សោភ័ណ្ឌបន្ថែមថា ក្រុមការងារជំនាញក៏បានចុះទៅជួសជុសផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនមួយចំនួនផងដែរ។ 

បន្ថែមពីនេះ អភិបាលខេត្តកណ្តាលរូបនេះក៏បានឱ្យដឹងបន្តដែរថា ចំពោះលទ្ធភាពសម្រាប់បើកដំណើរការគ្រឹះស្ថានអប់រំរដ្ឋ ឯកជនឡើងវិញ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃតំបន់។ ប៉ុន្តែលោកបានបញ្ជាក់ខ្លីបែបនេះថា តំបន់ដែលមិនសូវករណីឆ្លងខ្លាំង ខេត្តនឹងអនុញ្ញាតឱ្យបើកដំណើរការសម្រាប់ថ្នាក់បឋមសិក្សា។ ដោយឡែកតំបន់ណាមួយដែលមានករណីឆ្លងខ្លះៗ នោះខេត្តនឹងជំរុញឱ្យសិស្សអនុវិទ្យាល័យ និងវិទ្យាល័យបានចូលរៀនឡើងវិញ ព្រោះសំអាងទៅលើសិស្សធំៗ ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

ចំណែកឯ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំឯណោះវិញ​ក៏ប្រាប់វិទ្យុបារាំងអន្តរជាតិផងដែរថា ខេត្តមិនទាន់មានសេចក្តីសម្រេចណាមួយជាក់លាក់ថា នឹងបើកដំណើរការសាលារៀនចំនួនប៉ុន្មាននៅឡើយនោះទេ ខណៈកិច្ចប្រជុំជំហានបឋមកំពុងស្ថិតក្នុងការពិចារណាជាមួយមន្ទីរអប់រំ ក្រុងស្រុកទាំង៨របស់ខេត្តសិន។ ប៉ុន្តែជាក់ស្តែង លោក សំឫទ្ធីបញ្ជាក់ថា ខេត្តបានត្រៀមខ្លួនបើកតែសាលារៀនណាដែលស្ថិតនៅក្នុងតំបន់មានហានិភ័យទាប និងអនុវត្តតាមគោលការណ៍ពីតិចទៅច្រើនប៉ុណ្ណោះ។

សូមជម្រាបថា គិតមកទល់ពេលនេះកម្ពុជាមានសាលារៀនសរុបចំនួន១៤៨៧០កន្លែង។ ក្នុងនោះ សិស្សសរុបនៅទូទាំងប្រទេសមានចំនួន ៣៤៦៣៨៥៤នាក់ ខណៈសិស្សស្រីមានចំនួន១៧២១៦២៧នាក់។ បន្ថែមពីនេះកម្ពុជាក៏មានគ្រូបង្រៀនសរុប៩៣២២៥នាក់ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ