អានតួអត្ថបទ
កម្ពុជា-សិល្បៈ

អ្នក​សម្ដែង​ខ្មែរ​ទទួល​បាន​ពាន​រង្វាន់​ «អ្នក​សម្ដែង​ប្រុសឆ្នើម» ពី​មហោស្រព​​ភាពយន្ត​នៅក្រុង Venice

តារា​សម្តែង​វ័យ​ក្មេង​របស់​កម្ពុជា​មួយរូប​ គឺលោក ​ឈួន​ ពិសិដ្ឋ​ បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ពានរង្វាន់​តារា​ឆ្នើម​ Orizzonti ​ដែល​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ​ឈ្មោះ​ថា ​ប៊ូឌីង​ ស​។ ​ខ្សែ​ភាពយន្ត​ ប៊ូឌីង​ស​នេះ ​ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​ប្រកួត​ដង្តើម​ពានរង្វាន់​នៅ​ក្នុង​រោង​មហោស្រព ​Venice​ លើកទី​៧៨​ ក្នុង​ប្រទេស​អ៊ីតាលី​។ ​ លោក​ ឈួន ​ពិសិដ្ឋ​ ម្ចាស់​ពានរង្វាន់​តារា​ឆ្នើម​ Orizzonti ​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នា​ថ្ងៃ​អាទិត្យ​នេះ​ថា​​ ពាន​រង្វាន់​នេះ ​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​សម្រាប់​ឆាក​ជីវិត​របស់​លោក ​ខណៈ​ការ​សម្តែង​ខ្សែ​ភាពយន្ត​មួយ​នេះ​ លោក​បាន​ជួប​ប្រទះ​ឧបសគ្គ​ច្រើន​ រួម​ទាំង​បញ្ហា​សុខភាព​ផងដែរ​។

លោក ឈួន ពិសិទ្ធ ដែលទទួលបានពានរង្វាន់ Orizzonti ជាតារាសម្តែងប្រុសឆ្នើម នៅ​មហោស្រព​ភាពយន្ត Venice
លោក ឈួន ពិសិទ្ធ ដែលទទួលបានពានរង្វាន់ Orizzonti ជាតារាសម្តែងប្រុសឆ្នើម នៅ​មហោស្រព​ភាពយន្ត Venice © White Building
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ លោក​ ឈួន ​ពិសិដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​លោក​មានក្តីរំភើបខ្លាំង​ចំពោះ​ពាន​រង្វាន់​មួយនេះ​ ហើយ​នេះ​ក៏​ជា​សមិទ្ធផល​មួយ​ដ៏​ធំធេង​សម្រាប់​ដំណើរ​ជីវិត​របស់​លោក​ផងដែរ​ ខណៈ​នេះ​ជា​ពាន​ទី២​ហើយ​ដែល​ប្រទេសកម្ពុជា​ទទួល​បាន​ពី​ការ​ប្រកួត​ខ្សែ​ភាពយន្ត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​។

បើ​តាម​ លោក​ ឈួន​ ពិសិដ្ឋ​​ សម្រាប់​ពាន​រង្វាន់​ដែល​លោក​ទទួល​បាន​កាល​ពី​យប់​ថ្ងៃ​ទី​១១​ ខែកញ្ញា​ឆ្នាំ២០២១​នេះ ​មិនមែន​ជា​ការ​លះបង់​របស់​លោក​តែ​ម្នាក់ឯង​នោះទេ​ ពោល​គឺ​មាន​ការ​ចូលរួម​ និង​លះបង់​ពី​សមាជិក​ក្រុមការងារ​ទាំងអស់។​​ ហើយ​សម្រាប់​លោក​ផ្ទាល់​ ទម្រាំ​ទទួល​បាន​ជោគជ័យ​នៅ​ពេលនេះ​ លោក​ក៏​បាន​ទទួល​បាន​ការ​បណ្តុះបណ្តាល​យ៉ាង​ដិតដល់​ពី​គ្រូបង្ហាត់​ផងដែរ​។

សូម​ជម្រាបថា​ លោក ​ឈួន ​ពិសិដ្ឋ​ ទទួល​បាន​ពានរង្វាន់ «អ្នក​សម្ដែង​ប្រុស​ឆ្នើម» ពី​មហោស្រព​​ភាពយន្ត​នៅក្រុង Venice តាមរយៈ​ខ្សែភាពយន្ត​មួយ​ឈ្មោះថា ​ប៊ូឌីង​ ស។ ជា​ខ្សែ​ភាពយន្ត​រៀបរាប់​ជីវិត​របស់​​តួអង្គ​សំណាង សម្ដែង​ដោយ​ លោក ​ឈួន ​ពិសិដ្ឋ​។ សំណាង​គឺជា​ក្មេងម្នាក់​ទទួល​រងសម្ពាធ​ពី​គ្រួសារ​ សង្គម​ និង​ការ​បាត់បង់​មិត្តភក្តិ​ជិតស្និទ្ធ​ក្នុង​លក្ខខណ្ឌ​មួយ​ជាក់លាក់​។ លោក ​ឈួន ​ពិសិដ្ឋ​បាន​ឱ្យដឹង​ថា ​ដើម្បី​សម្តែង​បាន​ល្អ ​និង​ស៊ីចង្វាក់​ជាមួយ​តួ​សំណាង ​លោក​ត្រូវ​យល់​ពី​អារម្មណ៍​របស់​តួ ​ហើយ​នៅពេល​ខ្លះ​ត្រូវ​ហាត់​រាំ​ជា​ដើម​។ បន្ថែមពីនេះ ​ក្នុង​អំឡុង​ពេល​ថត​ លោក​ ឈួន ​ពិសិដ្ឋ​ប្រាប់​​ថា ​លោក​ក៏​មាន​បញ្ហារបួស​ជង្គង់​ផងដែរ​ ដែល​ធ្វើ​ឱ្យ​ការ​សម្តែង​មាន​ភាព​រអ៊ាក់រអ៊ួល​។ ក៏ប៉ុន្តែ​ទោះ​មាន​បញ្ហា​យ៉ាងណា​ លោក​ត្រូវ​ស៊ូ​ជាមួយប​​ញ្ហា​ទាំងអស់នេះ ​ដើម្បី​សម្រេច​បាន​នូវលទ្ធផល​ដល់​ក្រុមការងារ​ទាំងអស់គ្នា​។

សូម​ជម្រាបថា ​ខ្សែភាពយន្ត​ប៊ូឌីង​ ស ​នេះ​ត្រូវ​បានចាក់​បញ្ចាំង​កាលពី​ថ្ងៃទី០៧ ​ខែកញ្ញា​កន្លងទៅ ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​ Venice ។ ខ្សែភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​ផលិតកម្ម ​Anti​ Archive​ នៅទីក្រុង​ភ្នំពេញ និង​ត្រូវ​ទទួល​ចែកចាយ​អន្តរជាតិ ដោយ​ក្រុមហ៊ុន ​Les ​Films ​du ​Losange​ International ​នឹង​ត្រូវ​ចាក់​បញ្ចាំង ​នៅប្រទេស​បារាំង នៅថ្ងៃទី ​២១ ​ធ្នូ ​ឆ្នាំ ២០២១​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ