អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

សង់ត្រាល់ស្នើរដ្ឋាភិបាលកែសម្រួលគោលនយោបាយ និងវិធានការ ដើម្បីឆ្លើយតបកង្វល់ពលករខ្មែរចំណាកស្រុក

អង្គការ​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិ​មនុស្ស ​(សង់ត្រាល់) ​នៅថ្ងៃទី១៦​ ខែកញ្ញានេះ ​បានចេញផ្សាយ​របាយការណ៍​មួយស្តី​ពីបញ្ហា​ប្រឈម​របស់ពលករ​កម្ពុជា​ ក្នុងអំឡុងពេល​នៃការផ្ទុះរាលដាល​ជំងឺកូវីដ-១៩​។ ​នៅ​ក្នុង​របាយការណ៍​កំរាស់៤០ទំព័រ​នេះ សង់ត្រាល់​បាន​រំលេច​ពី​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​ជាក់ស្តែង​ ដែលពលករ​កម្ពុជា​កំពុង​ជួបប្រទះ​នៅក្នុង​ប្រទេសថៃ​។​ អង្គការ​​សង់ត្រាល់ ក៏​បានស្នើ​ឲ្យ​​ភាគី​ពាក់ព័ន្ធ កែ​សម្រួលគោល​នយោបាយ​ ច្បាប់​ និងវិធានការ​នានា ​ដើម្បីធានា​បាននូវ​ដំណោះស្រាយ​ ដែលមាន​ប្រសិទ្ធភាព​ ឆ្លើយតប​នឹងកង្វល់​របស់ពលក​រ។

ពលករខ្មែរឆ្លងដែនចូលមកស្រុកកំណើតវិញ ស្របពេលដែលប្រទេសថៃកំពុងមានការឆ្លងកូវីដខ្លាំង
ពលករខ្មែរឆ្លងដែនចូលមកស្រុកកំណើតវិញ ស្របពេលដែលប្រទេសថៃកំពុងមានការឆ្លងកូវីដខ្លាំង © FB/Central
ផ្សាយពាណិជ្ជកម្ម

នៅអំឡុងពេលនៃការផ្ទុះកូវីដ១៩ ពលករ​និងសាច់ញាតិរបស់ពលករ ជួប​បញ្ហាប្រឈម​ជា​ច្រើន ដូចជា ការបញ្ចប់កិច្ចសន្យាការងារដោយអយុត្តិធម៌ពីថៅកែថៃ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការប្រើប្រាស់អំពើហិង្សា កង្វះស្បៀងអាហារព្រោះគ្មានការងារធ្វើ និងផលប៉ះពាល់ពីការបិទខ្ទប់របស់រដ្ឋាភិបាលថៃជាដើម។ នេះ​បើ​តាម​របាយការណ៍​របស់ អង្គការ​សង់ត្រាល់​។

របាយការណ៍ដដែល​ក៏បានបង្ហាញផងដែរ អំពីភាពលំអៀងក្នុងកិច្ចគាំពារផ្សេងៗ  រួមមាន ការមិនទទួលបានការគិតគូរពីរដ្ឋាភិបាលថៃលើការធ្វើតេស្តរកវីរុសកូវីដលើ​ពលករ​ជន​ជាតិ​ខ្មែរ ដែលធ្វើឲ្យទំហំនៃការរីករាលដាលក្នុងតំបន់ពួកគេរស់នៅកាន់តែកើនឡើង។ ឯយុទ្ធនាការចាក់វ៉ាក់សាំងលើក្រុមពលករចំណាកស្រុក ក៏មិនទាន់មានគោលការណ៍ជាក់លាក់ណាមួយ​នៅ​ឡើយ​។

បើ​ទោះ​បី​ជា ភាគីថៃបានចេញនូវវិធានការបិទខ្ទប់ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ រីឯភាគីកម្ពុជាឯណេះវិញក៏បានប្រកាសផ្ដល់ជំនួយដល់ពលករដែលខ្វះខាត និងប្រកាសបើកព្រំដែនទទួលយកពលករឡើងវិញក៏​ដោយ ក៏​អង្គការសង់ត្រាលអះអាងថា ការឆ្លើយតបទាំង​នេះ នៅតែមិនទាន់គ្រប់ជ្រុងជ្រោយ និងបាន​ស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្ថែមនូវគោលនយោបាយក្នុងការដោះស្រាយបញ្ហាទាំងនេះ។ សំណើ​នោះរួមមានជាអាទិ៍ បន្ថែមកិច្ចសហការតាមរយៈស្ថានទូត  ការ​ណែនាំដល់និយោជកដើម្បីចៀសវាងការរំលោភសិទ្ធមនុស្ស ការ​សម្រួលលើភាពស្មើគ្នានៃការទទួលបានការគាំពាសុខភាព ពង្រឹងនូវផាសុកភាពក្នុងមណ្ឌលចត្តាឡីស័ក និង​មធ្យោបាយធ្វើដំណើរវិលត្រឡប់ចូលស្រុករបស់ពលករ។ល។

គួរបញ្ជាក់ថា សព្វ​ថ្ងៃ​នេះ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​មានឯកសារ និងមិនមានឯកសារ មាន​ចំនួន​ចន្លោះពី ១,៨លាននាក់ ទៅ ២លាននាក់។ ពួក​គេ​ទាំង​នោះ កំពុងបំរើការងារនៅក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសថៃ មានជាអាទិ៍ វិស័យសំណង់ ឧស្សាហកម្មម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មនេសាទ កសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ