អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បង្ហាញជំហរដាច់ណាត់ជាថ្មីមិនចរចានយោបាយជាមួយភាគីជម្លោះណាឡើយ

ពីវេទិកា​បើកយុទ្ធនាការ​ ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ជូនកុមារ​អាយុ៦ឆ្នាំ ​ដល់១២ឆ្នាំ ​នៅថ្ងៃទី​១៧កញ្ញានេះ​ លោក ហ៊ុន សែន​ ប្រមុខបក្សកាន់​អំណាច ​បានបង្ហាញ​ជំហរ​ជាថ្មី​យ៉ាងដាច់ណាត់​ដោយមិនធ្វើការ​ចរចា​នយោបាយ​ជាមួយ​ភាគី​ជម្លោះណាមួយ​ឡើយ។​ បើតាម​លោក ហ៊ុន សែន​  កម្ពុជា​ពេលនេះគ្មាន​បញ្ហានយោបាយ​ដែលត្រូវដោះស្រាយ​ដោយការចរចាទេ​ ហើយកម្ពុជា​ក៏មិនអាច​មានកិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ជាលើក​ទី២ដែរ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ការអះអាងម្ដងហើយម្ដងទៀតរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះគឺជាការ​ឆ្លើយតបទៅ​នឹងការលើកឡើងដែលថា វត្តមានរបស់លោកក្នុងវិដេអូZOOMជាមួយមន្ត្រីអតីតបក្សប្រឆាំងជាសញ្ញានៃការចរចា។  បើតាម លោក ហ៊ុន សែន មិនតិចជាង២០ដងឡើយ ដែលលោកបានស្ដាប់កិច្ចសន្ទនានៅក្នុងZOOM រៀបចំឡើងដោយក្រុមមន្ត្រីអតីតបក្សប្រឆាំង។ ដូច្នេះតាមរយៈវត្តមានរបស់លោកក្នុងZOOMថ្មីៗនេះ មិនមែនជារឿងចម្លែក ហើយក៏មិនមែនជាសញ្ញានៃការចរចានយោបាយដែរ។

នៅចំពោះការលេចមុខ ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធZOOM ជាមួយក្រុមមន្ត្រីអតីតបក្សប្រឆាំងនេះ លោក ហ៊ុន សែន ក៏បានការពារសកម្មភាពរបស់ខ្លួនថា មិនបានលួចចូលទៅស្ដាប់ការសម្ងាត់ឯកជនរបស់បុគ្គលទេ  ប៉ុន្តែកិច្ចពិភាក្សារបស់មន្ត្រីអតីតបក្សប្រឆាំងទៅវិញទេ មានជាប់ព័ន្ធនឹងការពង្រឹងកម្លាំងនៅភ្នំពេញដើម្បីបំផ្លាញជាតិ។

ទោះយ៉ាងណា លោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្គ្រោះជាតិ នៅមានសង្ឃឹមថា ការចរចារវាងខ្មែរ និងខ្មែរនៅតែអាចកើតឡើង គ្រាន់តែថាការចរចា ការសន្ទនា ធ្វើឡើងក្នុងរូបភាពណាមួយ ព្រោះបញ្ហានយោបាយគួរតែដោះតាមផ្លូវនយោបាយ។

បើតាម លោក មាជ សុវណ្ណរ៉ា ការបោះដៃចរចា រកភាគីណាមុនមិនថា ភាគីបក្សកាន់អំណាចបោះដៃទៅភាគីប្រឆាំងមុន ឬភាគីប្រឆាំងបោះដៃមករកភាគីបក្សកាន់អំណាចមុន សុទ្ធតែមិនមែនជារឿងអាប់ឱនកិត្តិយស សំខាន់គឺការចរចាត្រូវជឿជាក់ និងឲ្យតម្លៃកុំបំបាក់មុខគ្នា។ លោក មាជ សុវណ្ណរ៉ា មើលឃើញថា លោក ហ៊ុន សែន ចង់បានកាយវិការភាសាទន់ភ្លន់នៅក្នុងកិច្ចចរចានយោបាយ។

នៅក្នុងដំណើរការចរចានយោបាយនៅកម្ពុជាទៀតសោត លោក មាជ សុវណ្ណ ប៉ាន់ស្មានថា ជំហរលោកនាយកដ្ឋមន្ត្រីក៏ទំនងជារើសមធ្យោបាយចរចាមើលទៅលើទម្ងន់របស់តួអង្គអ្នកនយោបាយដែរ។ ជាក់ស្ដែងតួអង្គ លោក កឹម សុខា ដែលសហគមន៍អន្តរជាតិតែងតែទទូចឲ្យមានការដោះលែង ដើម្បីប្ដូរលក្ខខណ្ឌអនុគ្រោះមួយចំនួនដូចជាប្រព័ន្ធអនុគ្រោះពន្ធEBA ឬGSPជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ