អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសម រង្ស៊ី ចាត់ទុកគណបក្សបែកចេញពីអតីតគណបក្សសង្គ្រោះជាតិជាបន្លាយួន

លោកសម រង្ស៊ី អតីតប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃចន្ទទី២០កញ្ញាម្សិលមិញ បានចេញមុខមកបរិហារទៅលើក្រុមមន្ត្រីនៃអតីតគណបក្សរបស់ខ្លួន ដែលបានបែកខ្លួនទៅបង្កើតគណបក្សនយោបាយរៀងៗខ្លួន ដើម្បីចូលរួមការបោះឆ្នោតនៅកម្ពុជាលោកសម រង្ស៊ី បានចាត់ទុកថារាល់គណបក្សដែលបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ សុទ្ធសឹងតែជាគណបក្សគ្មានឆន្ទៈស្នេហាជាតិ និងគ្រាន់តែជាបន្លាយួន ជាការឆ្លើយតបពីក្រុមមន្ត្រីដែលបានបង្កើតគណបក្សថ្មី ពួកគេសម្តែងការសោកស្តាយ និងស្នើឲ្យអ្នកនយោបាយជើងចាស់គួរប្រកាន់ជំហរនយោបាយចាស់ទុំ។

លោក សម រង្ស៊ី លោក អ៊ូ ច័ន្ទរ័ត្ន និងលោក គង់ មុនីកា
លោក សម រង្ស៊ី លោក អ៊ូ ច័ន្ទរ័ត្ន និងលោក គង់ មុនីកា © សហការី
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា លោកសម រង្ស៊ី អតីតប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានចេញមុខមកវាយប្រហារលើការចេញមុខមកដណ្តើមគ្នាបង្កើតគណបក្សនយោបាយថ្មីជាបន្តបន្ទាប់ពីសំណាក់ក្រុមមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ។ លោកសម រង្ស៊ី បានចាត់ទុកគណបក្សទាំងនោះថា មិនមែនជាពូជស្នេហាជាតិពិតប្រាកដនោះទេ តែបែរជាអាចចេញជាបន្លាយួនទៅវិញ។

ជុំវិញការលើកឡើងនេះ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលបែកមែកធាងចេញពីអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកថានេះជានយោបាយលាបពណ៌ និងបញ្ចើចបញ្ចើគ្នាទៅវិញទៅមក។ លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា សម្បីតែគោលជំហរនយោបាយរបស់លោកសម រង្ស៊ី និងក្រុមមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ហាក់មិនមានភាពច្បាស់លាស់ ដ្បិតថាម្តងគាំទ្រចំពោះការបង្កើតគណបក្សថ្មីដែលមានជំហរស្នេហាជាតិ និងម្តងបែរជាអះអាងគណបក្សនយោបាយថ្មីៗដែលចេញពីគណបក្សសង្គ្រោះជាតិ សុទ្ធសឹងជាអាយ៉ង និងគ្រាន់តែការចូលរួមលម្អសួននយោបាយនៃគណបក្សកាន់អំណាចតែប៉ុណ្ណោះ។

បើតាមលោកអ៊ូ ច័ន្ទរ័ត្ន នេះក៏ជារឿងអ្វីថ្មីពេកដែរ ដែលអ្នកនយោបាយជើងចាស់នៅតែមិនទាន់ប្រកាន់បានការធ្វើនយោបាយបែបចាស់ទុំ និងបញ្ចប់ការលាបពណ៌គ្នាទៅវិញទៅមកនោះ។

រីឯលោកគង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានសម្តែងការសោកស្តាយ ដែលអ្នកនយោបាយជើងចាស់នៅតែបន្តវប្បធម៌លាបពណ៌បែបនេះ។ លោកគង់ មុនីកា ចាត់ទុកថានេះជាការបន្ទច់បង្អាក់អ្នកនយោបាយជំនាន់ថ្មី ក្នុងការចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ បើតាមប្រធានគណបក្សឆន្ទៈខ្មែរ សម្រាប់លោកសម រង្ស៊ី និងអតីតគណបក្សប្រឆាំងគ្រាន់តែជាគណបក្សអំពិលអំពែក ដែលចូលរួមលម្អឆាកនយោបាយយូរឆ្នាំមកហើយ។

ទាំងលោកអ៊ូ ច័ន្ទរ័ត្ន ទាំងលោកគង់ មុនីកា សុទ្ធតែចង់ឃើញលំហរនយោបាយកម្ពុជាបញ្ឈប់ការលាបពណ៌គ្នាទៅវិញទៅមក ហើយសម្រាប់អ្នកនយោបាយជើងចាស់ គួរណាមានផ្នត់គំនិតចាស់ទុំ ដើម្បីឲ្យអ្នកនយោបាយជំនាន់ក្រោយ និងប្រជាធិបតេយ្យនៅកម្ពុជាអាចលូតលាស់បាន។

គួរបញ្ជាក់ថា បច្ចុប្បន្នមានគណបក្សនយោបាយចំនួន៦ហើយ ដែលបានបែកធាងចេញពីអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងនោះមានជាអាទិ៍ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សបេះដូងជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ