អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រសួងបរិស្ថាន៖ ការធ្លាក់ចុះធនធានគម្របដីព្រៃឈើដោយសារកំណើនប្រជាជន និងតម្រូវការដីកសិកម្ម

ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី២៣កញ្ញា ​បានដាក់ឲ្យប្រើប្រាស់​នូវរបាយការណ៍​ស្ថានភាព​បរិស្ថាន​លើកទី៤ ​និងសៀវភៅ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ២០១៨​។ ​លោកនេត្រ ភក្រ្តា ​រដ្ឋលេខាធិការ​និងជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បានវាយតម្លៃ​ពីស្ថានភាព​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​នៅឆ្នាំ២០១៨​មានការធ្លាក់ចុះ​ជាបន្តបន្ទាប់​គិតចាប់​ពីឆ្នាំ១៩៦៥មក​។ ​បើតាមអ្នក​នាំពាក្យ​រូបនេះ ​ការធ្លាក់ចុះ​នៃធនធាន​គម្រប​ដីព្រៃឈើ​កម្ពុជា​ គឺដោយសារ​កំណើន​ប្រជាជន​ និងតម្រូវ​ការដី​កសិកម្ម។

ការរានកាប់ឆ្កាព្រៃឈើដើម្បីយកដីធ្វើកសិកម្ម
ការរានកាប់ឆ្កាព្រៃឈើដើម្បីយកដីធ្វើកសិកម្ម © Internet
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា កាលពីឆ្នាំ១៩៦៥ កម្ពុជាមានប្រជាជនត្រឹមជាង៥លាន៧សែននាក់ប៉ុណ្ណោះ នៅខណៈដែលបច្ចុប្បន្នប្រជាជនសរុបមានចំនួន១៦លាននាក់។ កំណើននៃប្រជាជននេះ បានធ្វើឲ្យបាត់បង់នូវធនធានគម្របដីព្រៃឈើកម្ពុជា ដោយសារតែការតាំងទីលំនៅរស់នៅ។ បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន កម្ពុជាមានផ្ទៃដីធនធានគម្របព្រៃឈើប្រមាណ៧៣.៤% កាលពីឆ្នាំ១៩៦៥ ហើយមកដល់ឆ្នាំ២០១៨ ផ្ទៃដីធនធានគម្របព្រៃឈើបានធ្លាក់ចុះមកត្រឹម ៤៦.៨៦% ឬស្មើនឹង ៨.៥១០.៨០៧ហិកតានៃផ្ទៃដីសរុប។

នៅទន្ទឹមនឹងកំណើនប្រជាជននេះ តម្រូវការដីធ្វើកសិកម្ម ក៏ជាមូលហេតុនៃការធ្លាក់ចុះធនធានគម្របដីព្រៃឈើជាបន្តបន្ទាប់នេះដែរ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានអះអាងថា ជាង២ទសវត្សរ៍មកនេះផ្ទៃដីគម្របព្រៃឈើជាច្រើន ត្រូវបានបំលែងទៅជាដីកសិកម្ម ព្រមទាំងទទួលការបំពុល។

ទោះយ៉ាងណាក្តី ក្រសួងបរិស្ថានអះអាងថាផ្ទៃដីគម្របព្រៃឈើដែលនៅសេសសល់ប្រមាណជាង៨លានហិកតានេះ ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់អភិរក្ស ហើយទន្ទឹមទៀតសោតក៏ក្រសួងបរិស្ថានបានទាញជាប្រយោជន៍នូវឥណទានកាបូន ចាប់តាំងពីឆ្នាំ២០១៦មក ហើយមកដល់ឆ្នាំ២០២០នេះ កម្ពុជាលក់ឥណទានកាបូនបានជាង១១លានដុល្លារអាមេរិក។ តាមរបាយការណ៍នេះ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា នេះជាទិន្នន័យមួយដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយក្នុងវិស័យបរិស្ថាន។ សម្រាប់លោកនេត្រ ភក្រ្តា នេះក៏ជាសក្ខីភាពក្នុងការច្រានចោលទៅលើការលើកឡើងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ដែលថាកម្ពុជាបានបាត់បង់ព្រៃឈើស្ទើរតែទាំងស្រុង។

សូមបញ្ជាក់ថា នេះក៏មិនមែនជាលើកទី១ដែរ ដែលក្រសួងបរិស្ថានបានចេញផ្សាយនូវលទ្ធផលធនធានគម្របព្រៃឈើ។ ដោយមកដល់ពេលនេះកម្ពុជាបានធ្វើការវាយតម្លៃដីគម្របព្រៃឈើបានចំនួន៨ដងរួចមកហើយ គិតចាប់ពីឆ្នាំ១៩៧៣ ខណៈដែលបច្ចុប្បន្នក្រសួងបរិស្ថានកំពុងវាយតម្លៃធនធានគម្របដីព្រៃឈើនៅឆ្នាំ២០២០ជាបន្ត។

រីឯស្ថានភាពបរិស្ថានវិញ ក្រសួងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនមកពិនិត្យមានជាអាទិ៍គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ធនធានទឹកសាបលើដី ធនធានដីនិងគុណភាព បញ្ហាជីវៈចម្រុះ បញ្ហសំណល់ និងបរិស្ថានរួមទាំងសុវត្ថិភាពម្ហូបអាហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ