អានតួអត្ថបទ
កម្ពុជា-កសិកម្ម

កម្ពុជា-អូស្ត្រាលី បើកការពិភាក្សាបឋមស្តីពីការផ្តល់ទិដ្ឋាការកសិកម្មពីអូស្ត្រាលីដល់ពលករខ្មែរ

កម្ពុជា ​និងអូស្ត្រាលី នៅ​ថ្ងៃចន្ទ ​ទី២៧ខែ​កញ្ញានេះ ​បានបើក​កិច្ចពិភាក្សា​គ្នាមួយ​ស្តីពី​គម្រោង​ផ្តល់ទិដ្ឋាការ​កសិកម្មដ​ល់ពលករ​កម្ពុជា​ទៅធ្វើការ​លើវិស័យ​កសិកម្ម​នៅអូស្រ្តាលី។​ ការជជែកគ្នា​ស្តីពីគម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​(Australian Agriculture Visa)​នេះ ធ្វើឡើង​បន្ទាប់ពី​អូស្ត្រាលី​បានប្រកាស​កាលពីថ្ងៃ​ទី២៣​ ខែសីហា ​ឆ្នាំ២០២១​ ពីតម្រូវការ​ពលករ​កម្ពុជា​ផ្នែកកសិកម្ម​ នេសាទ ​និងជលផល​ជាដើម ​សម្រាប់ការងារ​រយៈពេល១ឆ្នាំ ​ដល់៣ឆ្នាំ ​ក្រោមការទទួល​បន្ទុក​ពីក្រសួង​ការបរទេស ​និងពាណិជ្ជកម្ម​អូស្ត្រាលី​។

ជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងលោកលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា
ជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងលោកលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក Pablo Chiho Kang ​ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា អូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី ដែលទិដ្ឋាការនេះ មានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។

លោក Kang បានសរសេរបន្ថែមនៅលើទំព័រហ្វេសប៊ុកស្ថានទូតអូស្ត្រាលីថា ទិដ្ឋាការកសិកម្មអូស្រ្តាលី មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម នៅក្នុងវិស័យកសិកម្មអូស្ត្រាលី ហើយនឹងអាចផ្តល់ជូនដល់កម្មករដែលមានជំនាញច្រើន ជំនាញខ្លះ និងជំនាញទាប នៅក្នុងទូទាំងឧស្សាហកម្មកសិកម្មយ៉ាងទូលំទូលាយ ព្រមទាំងវិស័យជលផលនិងព្រៃឈើផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បានយល់ឃើញថាពលករកម្ពុជាពិតជាអាចបំរើការងារនៅក្នុងវិស័យកសិកម្មអូស្ត្រាលី បានយ៉ាងល្អជូនដល់និយោជកអូស្ត្រាលី ព្រមទាំងបានស្នើឲ្យទូតអូស្ត្រាលីពិចារណាផ្តល់ឱកាសឲ្យពលករកម្ពុជាអាចចេញទៅធ្វើការនៅអូស្ត្រាលីឲ្យបានច្រើន ដូចដែលកម្ពុជាបញ្ចូនពលកររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងដូច្នោះដែរ។

ក្រៅពីជជែកពីយន្តការការពារ ការប្រឈមនឹងហានិភ័យ និងបញ្ហាផ្សេងៗ លោក អ៊ិត សំហេង ក៏បានស្នើសុំផងដែរ ទៅភាគីអូស្ត្រាលីថាក្រៅពីកសិកម្ម សូមឲ្យអូស្ត្រាលីពិចារណា បើកឱកាសដល់ពលករកម្ពុជា បានទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគេទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។

ដោយឡែក លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សឲ្យដឹងដែរថា ភាគីកម្ពុជា គួរតែមានការសិក្សាឲ្យបានច្បាស់លាស់ពីយន្តការ និងការប្រឈម ថាតើគួរជ្រើសរើសយកយន្តការបញ្ជូនតាមរយៈរដ្ឋាភិបាល ទៅរដ្ឋាភិបាល ឬយន្តការបញ្ជូនតាមរយៈក្រុមហ៊ុន ដែលទាមទារឲ្យមានការសិក្សាពីក្រុមហ៊ុនឲ្យបានម៉ត់ចត់។

ទោះយ៉ាងណា ការបញ្ជូនពលករកម្ពុជា តាមរយៈទិដ្ឋាការកសិកម្មទៅអូស្ត្រាលី នៅមិនទាន់កើតមានជាផ្លូវការទេ ក៏ប៉ុន្តែ មានពលករកម្ពុជារួចហើយ បាន និងកំពុងធ្វើការនៅអូស្ត្រាលីតាមមធ្យោបាយផ្សេងៗ តែមិនត្រូវបានបញ្ជាក់ពីចំនួនពិតប្រាកដ។ ហេតដូច្នេះហើយ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាដែរ ឲ្យពួកគេមានការប្រុងប្រយ័ត្ន ចំពោះការសន្យាក្លែងក្លាយ និងមានការសង្ស័យចំពោះក្រុមហ៊ុនណា ដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្មសម្រាប់អូស្ត្រាលីបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ