អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ទឹកជំនន់នៅតែបន្តកើនឡើង ខណៈក្រុងនិងស្រុកចំនួន៣រងផលប៉ះពាល់ខ្លាំងជាងគេ

រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ​ឱ្យដឹង​នៅព្រឹកថ្ងៃចន្ទ​នេះថា ​ស្ថានភាព​ទឹកជំនន់​ក្នុងខេត្ត​នៅតែបន្ត​ការកើនឡើង ​ខណៈក្រុងចំនួន២​ និងស្រុក​ចំនួន១ ​កំពុងរង​បញ្ហា​ប្រឈម​ខ្លាំង​ជាងគេ។ ​ការបន្តកើនឡើង​កម្ពស់ទឹក​នេះ ដោយស្ថានភាព​បរិមាណទឹក​ជំនន់​នៅក្នុងប្រទេសថៃ​នៅតែបន្ត​ហូរចា​ក់មកក្នុងខេត្តខ្លាំង​។ ​លោក សេក សុខុម​ ប្រធានមន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​បានអះអាង​ប្រាប់ថា ​ទោះបីស្ថានភាព​កម្ពស់ទឹក​នៅតែកើនឡើង​ជាលំដាប់​ ប៉ុន្តែវា​មិនបានបង្ក​ជាបញ្ហា​ធ្ងន់ធ្ងរ​ដល់សុវត្ថិភាព​របស់​ពលរដ្ឋ​ដូចបណ្តាឆ្នាំ​កន្លងទៅ​នោះទេ ​ដោយហេតុថា​ បច្ចុប្បន្ន​ខេត្តមាន​ប្រព័ន្ធបង្ហូរ​ និងជម្លៀស​ទឹកជាច្រើន​កន្លែង​។  

ទិដ្ឋភាពនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅ
ទិដ្ឋភាពនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម

​លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ស្ថានភាពកំពស់ទឹកគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា នៅតែបន្តកើនឡើងដដែលនៅតាមបណ្តាក្រុង ស្រុក សង្កាត់ស្ទើរតែទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ។

ការកើនឡើងមិនស្រកចុះនេះ គឺ​បណ្តាលមក​ពី​ភ្លៀងនៅតែបន្តធ្លាក់ ហើយលំហូរទឹកជំនន់ពីប្រទេសថៃ នៅតែបន្តហូរចាក់មកខេត្តបន្ទាយមានជ័យដដែល។ លោក សេក សុខុមបានបន្តថា បញ្ហាជំនន់ទឹកភ្លៀវនេះបានបង្កជាផលប៉ះពាល់ធ្ងន់ធរដល់ក្រុងចំនួន២ និងស្រុកចំនួន១ ក្នុងនោះ​មាន ក្រុងប៉ោយប៉ែត ក្រុង​សេរីសោភ័ណ្ឌ និងស្រុកមង្គលបុរី។

មន្ត្រីអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យរូបនេះ បញ្ជាក់ថា ក្រុងប៉ោយប៉ែតមានប្រជាជនចំនួនជាង១ពាន់គ្រួសារ បានរងផលប៉ះពាល់ និងបានបំផ្លាញកសិផលជាង៤ពាន់ហិកតា។ ចំណែកក្រុងសេរីសោភ័ណ្ឌវិញ ទឹកជំនន់ក៏បានបង្កជាការជន់លិចដល់សង្កាត់ចំនួន៧ និងភូមិចំនួន៣៥ ខណៈកសិផលចំនួន ២ពាន់ហិកតា និងដំឡូងចំនួន១៨ហិកតាបានបំផ្លិចបំផ្លាញ។ ក្នុងនោះ ពលរដ្ឋចំនួន ៩៩៦នាក់ បានរងផលប៉ះពាល់ និងត្រូវ​បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ២៩៨នាក់។ រីឯស្រុកមង្គលបុរីវិញ ទឹកជំនន់ក៏បានបង្កជាការខូតខាតដល់ផ្ទះចំនួន ៦៥៣គ្រួសារ ក្នុងភូមិចំនួន៣០។ នេះបើតាម លោក សេក សុខុមដដែល។

ទោះយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ក្នុងឆ្នាំនេះមិនបានបង្កជាការជន់លិចខ្លាំង​ដូចបណ្តាឆ្នាំកន្លងទៅនោះទេ ដោយសារខេត្តមានប្រព័ន្ធស្តុកទឹក និងបណ្តាញលូបង្ហូរទឹកចុះទៅបឹងទន្លេសាបបានគ្រប់គ្រាន់។ ប៉ុន្តែ ជាវិធានការវែងឆ្លាយ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយកាន់តែខ្លាំងនៅពេលក្រោយ អាជ្ញាធរបានបញ្ជូនកងកម្លាំងទៅឈរជើងប្រចាំការនៅតាមតំបន់ដែលងាយរងគ្រោះ និងបានត្រៀមអូរប័រជាច្រើនគ្រឿង ក៏ដូចជាត្រៀមទីទួលសុវត្ថិភាពនៅតាមផ្លូវវាងក្រុងមួយចំនួនផងដែរ។

បន្ថែមពីនេះ អាជ្ញាធរក៏បានផ្តល់ព័ត៌មានដល់ពលរដ្ឋទាំងអស់ ឱ្យត្រៀមខ្លួនរួចជាស្រេច ដោយសារប្រទេសថៃ នឹងត្រៀមបើកទ្វារទឹកទាំងអស់ ដូច្នេះពលរដ្ឋនៅតាមបន្ទាត់ព្រំដែននៅមានការជន់លិចខ្លាំង។  

របាយការណ៍បឋមពីគណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីយប់ថ្ងៃអាទិត្យបានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យកំពុងបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ និង៣០ឃុំ-សង្កាត់។ ក្នុងនោះទឹកជំនន់ក៏បានប៉ះពាល់ដ់ប្រជាជនបរមាណ ៦ ៦៨៦ គ្រួសារ និងបានជម្លៀសទៅទីទួលមានសុវត្ថិភាពបានចំនួន ៧៣៦គ្រួសារ។

ក្រៅ​ពី​នេះ កសិផលស្រូវ ប្រមាណជិត១ម៉ឺនហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតាក៏បានជន់លិចផងដែរ។ លើសពីនេះ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យលិចសាលារៀនចំនួន ២៨សាលា វត្តអារាមចំនួន ១០ និងទឹកហូរកាត់ផ្លូវចំនួន ២៩៦កន្លែងដោយមានប្រវែង ៨ ៦៦០៣ ម៉ែត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ