អានតួអត្ថបទ
កម្ពុជា-រ៉ែប្រេងកាត

សំណុំរឿងប្រេងជាង៣០ម៉ឺនបារ៉ែល៖ កម្ពុជាកំពុងរង់ចាំការដោះស្រាយពីប៉ូលីសអន្តរជាតិអាំងទែប៉ូល

សំណុំរឿងប្រេងជាង៣០ម៉ឺនបារ៉ែលរបស់កម្ពុជា មកដល់បច្ចុប្បន្ននេះនៅមិនទាន់មានដំណោះស្រាយនៅឡើយនោះទេ។ ក៏ប៉ុន្តែលោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី៣០កញ្ញានេះថា កម្ពុជាកំពុងរង់ចាំដំណោះស្រាយពីប៉ូលីសអន្តរជាតិអាំងទែប៉ូល ខណៈដែលកម្ពុជាកំពុងដាក់ឯកសារជាបន្តបន្ទាប់ដើម្បីបញ្ជាក់ថាប្រេងឆៅជាង៣០ម៉ឺនបារ៉ែល គឺពិតជាកម្មសិទ្ធិរបស់កម្ពុជា

The MT Strovolos was picked up by the Indonesian navy off the coast of Sumatra
The MT Strovolos was picked up by the Indonesian navy off the coast of Sumatra HANDOUT INDONESIAN NAVY/AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយពីការសម្រេចផ្តន្ទាទោសលើប្រធាននាវិក MT Strovolos ឲ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃនិងពិន័យជាប្រាក់១០០លានរ៉ូពី ពីសំណាក់តុលាការឥណ្ឌូនេស៊ី ជុំវិញការរំលោភបំពានច្បាប់ឥណ្ឌូនេស៊ីដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្រុមនាវិកចំនួន១៩នាក់ទៀត ក៏កំពុងត្រូវបានសាកសួរពីការលួចដឹកជញ្ជូនប្រេងឆៅចំនួន២៩៥០០០បារ៉ែលចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។

លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា កម្ពុជាកំពុងដាក់ស្នើនូវឯកសារច្បាប់ជាបន្តទៀតទៅកាន់ប៉ូលីសអន្តរជាតិអាំងទែប៉ូល ដើម្បីបញ្ជាក់ថាប្រេងឆៅជាង៣០ម៉ឺនបារ៉ែលដែលនាវា MT Strovolos ដឹកចេញទៅនោះជាកម្មសិទ្ធិរបស់កម្ពុជាពិតប្រាកដមែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងដែរថា រាល់ប្រេងឆៅទាំងអស់គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា និងមិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់នាវា MT Strovolos ខណៈដែលពួកគេមានវិវាទផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Kris Energy នោះទេ។ ត្រង់ចំណុចនេះ សូមបញ្ជាក់បន្តិចថា ក្រុមហ៊ុន Kriss Energy ដែលទទួលបានសិទ្ធិបូមប្រេងនៅប្លុកAនៃដែនសមុទ្រកម្ពុជា បានជួលនាវា MT Strovolos ក្នុងការផ្ទុកនិងផ្ទេរប្រេងឆៅដែលបានបូមរួច។

មែនទែនទៅ ការដាក់ឯកសារទៅកាន់ប៉ូលិសអន្តរជាតិអាំងទ័រប៉ូលមិនមែនជារឿងថ្មីទេ ខណៈដែលនាវា MT Strovolos ត្រូវបានសាធារណរដ្ឋឥណ្ឌូនេស៊ីបានឃាត់ខ្លួននាវាមួយនេះតាំងពីអំឡុងខែកក្កដាមកម្ល៉េះ។ ហើយមកពេលនេះ មិនទាន់មានសញ្ញាណាថា ប្រេងឆៅជាង៣០ម៉ឺនបារ៉ែលនឹងបានមកកម្ពុជានៅពេលនោះទេ ខណៈដែលលោកជៀប សួរ បញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងធ្វើគឺចូលរួមផ្តល់ការសហការនិងភស្តុតាងឲ្យទៅតុលាការឥណ្ឌូនេស៊ី និងប៉ូលីសអន្តរជាតិអាំងទ័រប៉ូលបន្ថែមទៀត និងរង់ចាំដំណោះស្រាយជាបន្តពីប៉ូលីសអន្តរជាតិ។

គួរបញ្ជាក់ថា នាវា MT Strovolos បានលួចចាកចេញពីដែនសមុទ្រកម្ពុជា ដោយនាំយកនូវប្រេងឆៅចំនួន២៩៥០០០បារ៉ែលរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៩មិថុនា ក្រោយពេលដែលក្រុមហ៊ុនKriss Energy បានប្រកាសខ្លួនក្ស័យធុន និងមិនមានលទ្ធភាពសងបំណុល។ ហើយសម្រាប់កម្ពុជា ការឃាត់ខ្លួននិងកាត់ទោសលើប្រធាននាវិក MT Strovolos ពីសំណាក់ភាគីឥណ្ឌូនេស៊ី ជារឿងមួយគួរឲ្យសាទរ ខណៈដែលកម្ពុជាកំពុងស្នើធ្វើបត្យាប័នក្រុមនាវិកទាំងនោះមកកម្ពុជា ដើម្បីដោះស្រាយទៅតាមច្បាប់ជាតិនិងអន្តរជាតិជាបន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ