អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ទិវាសិទ្ធិលំនៅឋាន៖ សហគមន៍ក្រីក្រក្នុងទីក្រុងអំពាវនាវឲ្យពន្លឿនការផ្តល់ដំណោះស្រាយ

ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ក្រី​ក្រ ក្នុង​ទី​ក្រុង​បាន​ចេញ​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​៣​តុលា​ម្សិល​មិញ​ ដោយ​ទទួច​ឲ្យ​រដ្ឋាភិ​បាល និង​សាលា​រាជ​ធានី​ភ្នំពេញ ពន្លឿន​ការ​អភិវឌ្ឍន៍​ និង​ផ្តល់​ដំណោះស្រាយ​​ដល់​ពួកគេ​។​ ការ​អំពាវនាវ​យ៉ាង​ដូច្នេះ​ ធ្វើឡើង​ចំពេល​ដែល​ទិវាសិទ្ធិ​លំ​នៅ​ឋាន​ពិភព​លោក​តែង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​តុលា​នេះ​។​ សម្រាប់​ទី​ក្រុង​ភ្នំពេញ សហគមន៍​ក្រីក្រ​នៅ​តែ​ប្រ​ឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ ខណៈ​ទីតាំង​ដែល​ពួកគេ​កំពុង​រស់​នៅ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​។

ក្រុមប្រជាពលរដ្ឋដែលធ្វើការអំពាវនាវ
ក្រុមប្រជាពលរដ្ឋដែលធ្វើការអំពាវនាវ © សហការី
ផ្សាយពាណិជ្ជកម្ម

​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​រស់​នៅ​របស់​ខ្លួន តែ​នៅ​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ នៅគ្រា​ដែល​ប្រជា​សហគមន៍​ក្រីក្រ​ក្នុង​ក្រុង​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​ទទួលបាន​ការ​ដោះស្រាយ​សម​ស្រប​ពីរដ្ឋាភិបាល​នៅឡើយ​ដែរ​។​ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​ចំនួន​៣​ទំព័រ​រៀប​រាប់​ពី​ផល​វិបាក​របស់​សហគមន៍​ក្រី​ក្រ​នៅ​ទី​ក្រុង​ភ្នំពេញ ដែល​ចេញ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ឆ្នាំ​២០២១​នេះ​។

សហគមន៍​ចំនួន​៣ ដែល​អះអាងថា មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​សមស្រប គឺ សហគមន៍​ព្រែក​តា​គង់១ ​មានពលរដ្ឋ​១៥​គ្រួសារ​រងផល​ប៉ះពាល់​ពីការ​អភិវឌ្ឍ​ផ្លូវ​៣០​ម៉ែត្រ ដែលបាន​ដាក់​សំណើសុំ​ដំណោះ​ស្រាយ​តាំង​ពី​ឆ្នាំ២០២០​។ សហគមន៍​អភិវឌ្ឍថ្មី និងសហគមន៍ភូមិ១៧ ដែល​មាន​ពលរដ្ឋ​ប៉ះពាល់​៣០​គ្រួសារ រស់​នៅ​តាម​បណ្តោយផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌទួល​គោក​ដែលបាន​ដាក់​សំណើសុំ​ដោះស្រាយ​តាំងពី​ឆ្នាំ២០១៩​។ ​រីឯ​សហគមន៍តាតុក​នៅសង្កាត់ជើងឯក ដែលបានស្នើដល់​អាជ្ញាធរ​តាំងពី​២០១៩​ ក្នុងការ​ឃ្វៀល​ដី​ចេញ​ពី​ប្រឡាយ​០៣​និងសុំ​ធ្វើ​ការអភិវឌ្ឍ​ទៅ​តាមជម្រើស​របស់​ពលរដ្ឋ ក៏​នៅមិន​ទាន់​មានដំណោះ​ស្រាយ​ដែរ​។

ជុំវិញនឹង​កង្វល់នេះ សហគមន៍ក្រីក្រក្នុងទីក្រុងរួមមាន បណ្តាញផ្លូវរថភ្លើង បណ្តាញប្រឡាយ និងបណ្តាញបឹង ទទួចដល់រដ្ឋាភិបាល និង​សាលា​រាជធានីភ្នំពេញពន្លឿនការអភិវឌ្ឍន៍​ និងផ្តល់ដំណោះស្រាយ​សមស្រប​ដល់ពួកគេ។

យ៉ាងណាក៏​ដោយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ភ្ជាប់​ស្នាម​មេដៃ​ប្រជាសហគមន៍​រាប់​សិប​នាក់​ផងនោះ បានទទួលស្គាល់ថា​ ទីក្រុង​ភ្នំពេញ​ពិតជាមានការ​អភិវឌ្ឍន៍ និង​ផ្លាស់​ប្តូរ​គួរឲ្យ​កត់​សំគាល់។​ តួយ៉ាង​ ហេដ្ឋា​រចនា​សម្ព័ន្ធ សំណង់​អាគារ​ខ្ពស់ៗ ​​  វិស័យ​សាធារណៈ វិស័យ​អប់រំ ទាំង​រដ្ឋ និង​ឯកជន រួមទាំង​វិស័យ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ជាដើម។ ការ​អភិវឌ្ឍន៍​បែបនេះ សហគមន៍​ក្រីក្រ​អះអាងថា គឺបានផ្តល់​ភាព​ងាយ​ស្រួល​តែ​ទៅ​លើ​ប្រជាជនដែល​មានចំណូល​ខ្ពស់ និង​មធ្យមប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​មានប្រាក់​ចំណូលទាប​នៅតែ​ជួប​ផល​លំបាកដដែល ខណៈ​ទីតាំង​ដែល​ពួកគេ​រស់​នៅ​មិនមាន​ប័ណ្ណ​កម្ម​សិទ្ធិ​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ