អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ការគ្មានទីបញ្ចប់នៃកូវីដ-១៩ បង្ខំចិត្តឲ្យរដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូកឆ្នាំនេះ

ពិធីបុ​ណ្យអុំទូក​នៅឆ្នាំនេះ​នឹងត្រូវបាន​លុបចោល​ជាថ្មីទៀត​ ដោយសារ​ភាព​មិន​ប្រាកដប្រជានៃ​ទីបញ្ចប់​របស់​កូវីដ-១៩។​ នេះបើតាម ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បានថ្លែង​នៅព្រឹក​ថ្ងៃចន្ទនេះ ​នៅក្នុង​ពិធីប្រកាសចូល​កាន់​តំណែង​ជាផ្លូវការ​របស់​លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង។​

ទិដ្ឋភាពនៃការប្រណាំងទូកក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីឆ្នាំកន្លងទៅ
ទិដ្ឋភាពនៃការប្រណាំងទូកក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីឆ្នាំកន្លងទៅ © FB/SMP
ផ្សាយពាណិជ្ជកម្ម

នេះមិនមែនជាលើកទី១ ​ដែល​ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះ​ព្រះ​ខែ ត្រូវបានលុបចោលទេ។ កាលពីឆ្នាំទៅមិញ​ពិធីបុណ្យជាតិដ៍ធំមួយនេះ​ ក៏ត្រូវបានលុបចោលដែរ សម្រាប់​ការប្រណាំងទូក នៅទីក្រុងភ្នំពេញ នៅក្រោមក្តីបារម្ភពីឆ្លងរាលដាល​កូវីដ-១៩។ ហេតុផល​កូវីដ-១៩ បាន​បង្ខំចិត្ត​ឲ្យ​រដ្ឋាភិបាល​សម្រេច​លុបចោល​ពិធី​បុណ្យអុំទូកជាថ្មីទៀត​នៅឆ្នាំនេះ ។

បើតាម លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ហាជំងឺកូវីដ-១៩ មិនទាន់ដឹង​ថានឹងត្រូវបិ​​ទ​បញ្ចប់នៅ​ពេលណានោះទេ ដែល​ការ​នេះតម្រូវ​​ឱ្យ​ពលរដ្ឋគ្រប់​រូបត្រូវចេះសម្របខ្លួនរស់នៅជា​មួយស្ថានភាពនេះ តាមវិធានសុខាភិបាល និងការណែ​នាំ​របស់​​រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង។

គួរកត់សំគាល់ថា ​​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវបានលុបចោល​​រយៈ​ពេល៣ឆ្នាំ​ជាប់ៗគ្នាកាល​ពី​ឆ្នាំ២០១១ ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​បណ្ដាល​ឱ្យ​​​មនុស្ស​ជាង៣៥០នាក់​ស្លាប់។ ចំណែក នៅឆ្នាំ២០១២ ការលុបចោល​ពិធីបុណ្យជាតិមួយនេះគឺដោយសារតែ​ការកាន់ទុក្ខនៃការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម សីហនុ ខណៈដែលការលុបចោល​បុណ្យអុំទូកនៅ​ឆ្នាំ២០១៣ ក្រោមហេតុផលទឹកជំនន់ និងជួនពេល​ដែល​មានបាតុកម្ម​រ៉ៃរាំរបស់​បក្សប្រឆាំងក្រោយ​បោះឆ្នោត​។ 

មួយឆ្នាំក្រោយមកពោលក្នុង​ឆ្នាំ២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ តែនៅឆ្នាំ២០១៥ ពិធីបុណ្យអុំទូក​ក៏ត្រូវបាន​ខកខាន​ម្ដង​ទៀត ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​រាក់​​ពេក​ ​មិន​អាច​អុំទូក​បាន។

ទោះបីជាពិធីបុណ្យអុំទូកឆ្នាំនេះ ​ត្រូវបានលុបចោលក៏ពិតមែន ​តែបើគ្មានការ​ប្រែប្រួលទេ ប្រតិទិននៃការ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ សម្រាប់​ពីធីនេះដែល​ត្រូវបានកំណត់ពីថ្ងៃទី១៨​ដល់​២០​ ខែ​វិច្ឆិកាខាងមុខ ​នឹង​នៅតែ​អនុវត្តន៍ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ