អានតួអត្ថបទ
កម្ពុជា-ជម្លោះដីធ្លី

តំណាងសហគមន៍៖ ពលរដ្ឋ៣០គ្រួសារនឹងដាក់ញ្ញាត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រោយគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ

តំណាង​ពលរដ្ឋ​សហគមន៍​ផ្លូវភ្លើង​រថភ្លើង​ បានអះអាង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃអង្គារ​ទី១២តុលានេះថា​ ពលរដ្ឋ​ចំនួន៣០​គ្រួសារនឹង​សម្រេច​ដាក់ញ្ញាតិ្តទៅ​កាន់ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​នៅសប្តាហ៍ក្រោយនេះ ​ប្រសិន​បើអាជ្ញាធរ​ខណ្ឌទួលគោក ​និងរដ្ឋបាលរាជ​ធានីភ្នំពេញ​មិនមានកិច្ច​អន្តរាគមន៍​ដល់ពួកគេនោះទេ។​ ការបន្តស្វែងរក​កិច្ចអន្តរាគមន៍​ទៀតនេះ ក្រោយពលរដ្ឋ​មិនព្រមទទួល​យកការដោះដូរ​ដីពីអាជ្ញាធរ​ នៅតំបន់​ជាយក្រុង​។

តំណាងពលរដ្ឋសហគមន៍ផ្លូវភ្លើងរថភ្លើងដែលទាមទារឲ្យមានការដោះស្រាយពីសំណាក់អាជ្ញាធរ
តំណាងពលរដ្ឋសហគមន៍ផ្លូវភ្លើងរថភ្លើងដែលទាមទារឲ្យមានការដោះស្រាយពីសំណាក់អាជ្ញាធរ © សហការី
ផ្សាយពាណិជ្ជកម្ម

«ប្រសិនបើមិនមានកិច្ចអន្តរាគមន៍ និងដំណោះស្រាយសមស្របដល់ពលរដ្ឋនោះទេ នៅសប្តាហ៍ក្រោយពួកខ្ញុំនឹងដាក់ញ្ញាតិទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីឱ្យរកយុត្តិធម៌លើរឿងនេះបន្ថែមទៀត» នេះជាការលើកឡើងរបស់តំណាងសហគមន៍ផ្លូវរថភ្លើង លោក កូវ សារុន នាព្រឹកថ្ងៃទី១២ តុលានេះ។ បើតាម លោក កូវ សារុន ប្រជាពលរដ្ឋចំនួន៣០គ្រួសាររស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់២ និងទឹកល្អក់ កំពុងរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងនិងអាងស្តុកទឹកក្នុងតំបន់ខណ្ឌទួលគោក។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញក៏មិនបានដោះស្រាយជូនពលរដ្ឋឱ្យបានត្រឹមត្រូវនោះទេ។ ​នេះបើតាមលោក កូវ សារុនដដែល។

តំណាងសហគមន៍រូបនេះបានបន្តថា អាជ្ញាធរបានបង្ខំឱ្យពលរដ្ឋទៅតាំងទីលំនៅក្នុងកន្លែងថ្មី ដោយស្ថិតនៅតំបន់សេវិន អ៊ែនជី ក្នុងខេត្តកណ្តាល និងសង្កាត់គោកខ្សាច់ ក្នុងខណ្ឌកំបូល ខណៈពលរដ្ឋរងប៉ះពាល់ ចង់បានការដោះដូរដីថ្មីនៅទីតាំងក្រោយវត្តសន្តិវ័ន ក្នុងខណ្ឌឫស្សីកែវ ដែលជាតំបន់ក្នុងក្រុងនិងអាចប្រកបមុខរបរចិញ្ចឹមគ្រួសារដូចសព្វដង។

ប៉ុន្តែបើតាម លោកសារុន  អាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធបានបង្ខំឱ្យពលរដ្ឋចង់ទីតាំងទាំងពីខាងដើមនេះ ដោយគ្មានសំណងអ្វីនោះទេ។ លោកថា សម្រាប់ពលរដ្ឋដែលរងគ្រោះវិញ ពួកគេមិនបានទាមទារអ្វីដែលប៉ះពាល់ដល់ការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះទេ ដោយពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួយសម្រួល ត្រឹមតែទីតាំងនៅជិតកន្លែងពួកគាត់ធ្លាប់រស់នៅចាស់ប៉ុណ្ណោះ។  

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ វិទ្យុបារាំងអន្តរជាតិមិនទាន់អាចសុំការឆ្លើយតបពីអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បាននៅឡើយទេនាព្រឹកនេះ។

ប៉ុន្តែយ៉ាងណា សម្រាប់លោក អំ សំអាតនាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ​បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកចង់ឃើញអាជ្ញាធរមានដំណោះស្រាយដោយឈរលើគោលការណ៍តម្លាភាពនិងយុត្តិធម៌ដើម្បីពលរដ្ឋទទួលបានផលប្រយោជន៍បានពេញលេញ ហើយអាជ្ញាធរគួរជៀសវាងយកដំណោះស្រាយចាស់មកប្រើប្រាស់ជាមួយពលរដ្ឋ។ ដំណោះស្រាយចាស់នេះ លោក អំ សំអាតចង់សំដៅទៅលើ ការដេញប្រជាពលរដ្ឋចេញដោយគ្មានការជជែករកលទ្ធផលមួយសមរម្យ ឬបង្ខំឱ្យពលរដ្ឋទៅតាំងទីលំនៅកន្លែងផ្សេងដែលខុសពីការចង់បានរបស់ពលរដ្ឋ។ 

សូមជម្រាបថា បើតាមយោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ស្តីអំពីការបណ្តេញចេញនិងការដោះដូរទីតាំងបានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៨០ សហគមន៍ជាង៥០ ឬស្មើនឹងពលរដ្ឋជាង៤ម៉ឺននាក់ រងការបណ្តេញចេញពីលំនៅឋាន ខណៈពលរដ្ឋភាគច្រើនមិនទទួលបានសំណងសមរម្យនោះទេ។ ក្នុងនោះ បើតាមតំណាងសហគមន៍លោក កូវ សារុន បញ្ហានៅបណ្តោយផ្លូវរថភ្លើងនេះបានកើតឡើងចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ